ដោយឡែកពីប្រទេសអ៊ុយក្រែន ឯណោះវិញ ការភ័យខ្លាចមួយកំពុងកើតមានអំពីការសាយភាយនៃវិទ្យុសកម្ម ព្រោះតែតំបន់មួយនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ កំពុងឆាបឆេះដោយសារគ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពរុស្ស៊ី។
តាមការចុះផ្សាយដោយសារព័ត៌មាន The Guardian អណ្ដាតភ្លើងកំពុងឆាបឆេះតំបន់នោះ ដែលនៅទីនោះគឺមានរោងចក្រអគ្គិសនី Zaporizhzhia ដើរដោយថាមពលនុយក្លេអ៊ែរ។ រោងចក្រនេះស្ថិតនៅភាគនិរតីនៃប្រទេសអ៊ុយក្រែន។ ទាំងប្រធានាធិបតី Volodymyr Zelenskiy និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dymtry Kuleba អះអាងថា ភ្លើងកំពុងតែឆេះគ្រប់ជ្រុងទាំងអស់នៃតំបន់នោះ ដែលវាអាចប៉ះពាល់ដល់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនៅតំបន់នោះ។
បើតាមលោក Zelenskiy រថក្រោះរបស់រុស្ស៊ីកំពុងបន្តបាញ់ទៅលើតំបន់នោះ ដែលលោកប្រកាសអាសន្នថា បើរ៉េអាក់ទ័ររបស់រោងចក្រនោះផ្ទុះ គឺវានឹងសាយភាយវិទ្យុសកម្ម ហើយប៉ះពាល់ដល់អាយុជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយក៏អាចសាយភាយដល់អឺរ៉ុបទាំងមូលផងដែរ។ រោងចក្រអគ្គិសនី Zaporizhzhia ដើរដោយថាមពលនុយក្លេអ៊ែរមានរ៉េអាក់ទ័រចំនួន៦។
លោក Andriy Tuz អ្នកនាំពាក្យម្នាក់ធ្វើការនៅក្នុងរោងចក្រនោះ និយាយថា ក្រុមពន្លត់អគ្គិភ័យកំពុងសម្រុកពន្លត់ភ្លើងនៅក្នុងតំបន់នោះ តែលោកព្រមានថា បើទ័ពរុស្ស៊ីបន្តបាញ់ផ្លោងមកលើតំបន់នេះទៀត គឺរោងចក្រនេះអាចនឹងរងការឆាបឆេះ។
ដោយទទួលបានដំណឹងនេះភ្លាម នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រជុំគ្នាជាបន្ទាន់អំពីស្ថានភាពនៃការវាយប្រហាររបស់កងទ័ពរុស្ស៊ី ទៅលើតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ។
តែបើតាមដំណឹងចុងក្រោយនេះ តំបន់នៅរោងចក្រអគ្គិសនី Zaporizhzhia ត្រូវបានកងទ័ពរុស្ស៊ី រឹបអូសបានហើយ។
កាលពីឆ្នាំ១៩៨៦ រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរមួយនៅតំបន់ Chernobyl ក្នុងប្រទេសអ៊ុយក្រែន ដែលឆាបឆេះដោយការផ្ទុះមួយក្នុងរោងចក្រនេះ បានប៉ះពាល់ដល់រ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរចំនួន៤ របស់រោងចក្រនេះ បណ្ដាលឱ្យសាយភាយវិទ្យុសកម្មដោយសម្លាប់មនុស្ស ៣០នាក់តែប៉ុន្មាននាទីប៉ុណ្ណោះ។
តែនៅពេលនោះ អាជ្ញាធរប្រទេសអ៊ុយក្រែនដែលនៅក្រោមសហភាពសូវៀត បានសម្រេចជម្លៀសប្រជាជនជាង ៣៥ម៉ឺននាក់ឱ្យចាកចេញពីតំបន់នោះភ្លាមៗ៕