26.3 C
Phnom Penh

សហរដ្ឋ​អាមេរិក ប្រាប់​ពលរដ្ឋ​អាមេរិកាំង​ចេញពី​ប្រទេស​អ៊ីរ៉ង់ ខណៈ​ការ​ចរចា​បាន​ចាប់ផ្តើម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ កុម្ភៈ រដ្ឋការ​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ណែនាំ​ដល់​ពលរដ្ឋ​អាមេរិក ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់ ឱ្យ​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់ ដោយ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​តទៅ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ កងកម្លាំង​អ៊ីរ៉ង់ បាន​ឃាត់​នាវា​ដឹក​ប្រេងកាត​ពីរ​គ្រឿង ដោយ​ចោទ​ថា​រត់ពន្ធ​ប្រេង ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ដោត​ទង់ជាតិ​ប្រទេស​ណា​នោះ​ទេ។ នៅ​ក្បែរ​ទីនោះ​ដែរ យន្តហោះ​ចម្បាំង​អាមេរិកាំង F-35 បាន​បាញ់​ទម្លាក់​គ្រឿងយន្ត​ហោះហើរ​ដ្រូន ពីព្រោះ​ហោះ​ខិត​ជិត​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Abraham Lincoln ពេក។ អ៊ីរ៉ង់ និយាយ​ថា គេ​បង្ហោះ​ក្នុង​ដែនអាកាស​អន្តរជាតិ។

សេចក្តី​ណែនាំ​បាន​បញ្ជាក់​ថា វិធានការ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង ការ​បិទ​ផ្លូវ និង​ការ​រំខាន​ដល់​ការ​ដឹកជញ្ជូន​សាធារណៈ​កំពុង​កើតមាន ខណៈ​ការ​បិទ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ នៅតែ​បន្ត ជា​កត្តា​ដ៏​ផុយ​ស្រួយ​ប៉ះពាល់​ដល់​សុវត្ថិភាព​ជាទូទៅ។

រដ្ឋាភិបាល​អ៊ីរ៉ង់ ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រឹតត្បិត​ការ​ចូល​ប្រើ​អ៊ីនធឺណិត​ចល័ត ទូរសព្ទ​លើ​តុ និង​បណ្ដាញ​អ៊ីនធឺណិត​ក្នុង​ប្រទេស។ ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន ត្រូវ​បាន​គេ​ដឹង​ថា​បាន​បន្ត​លុប​ចោល​ជើងហោះហើរ​ទាំង​ទៅ និង​ទាំង​ចេញពី​ប្រទេស​អ៊ីរ៉ង់។

សេចក្តី​ណែនាំ​នៃ​រដ្ឋការ​សហរដ្ឋ​អាមេរិក បាន​បន្ថែម​ថា ពលរដ្ឋ​អាមេរិក​ត្រូវតែ​បារម្ភ​ថា​ខ្លួន​អាច​នឹង​ជួប​ការ​លំបាក​ដោយសារ​ការ​ដាច់​អ៊ីនធឺណិត​ជាបន្តបន្ទាប់ និង​ត្រូវ​រៀបចំ​ផែនការ​ទំនាក់ទំនង​ជំនួស ហើយ​ប្រសិនបើ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដូច្នេះ ត្រូវ​ពិចារណា​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់ តាម​ផ្លូវគោក​ទៅ​កាន់​ប្រទេស​អាមេនី ឬ​តួកគី ដែល​មាន​ព្រំដែន​ជាប់​នឹង​អ៊ីរ៉ង់។

សេចក្តី​ណែនាំ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ ក៏បាន​ទទូច​ថា «សូម​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់ ឥឡូវ​នេះ ហើយ​ត្រូវ​មាន​ផែនការ​ចាកចេញ​ដោយ​មិន​ត្រូវ​រង់ចាំ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នោះ​ទេ។»

សេចក្តី​ណែនាំ​បាន​ឱ្យ​ដឹង​ទៀត​ថា «ពលរដ្ឋ​អាមេរិក​ត្រូវ​ពិនិត្យ​ព័ត៌មាន​ថ្មីៗ​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​សហរដ្ឋ​អាមេរិក ហើយ​ប្រសិនបើ​មិន​អាច​ចាកចេញ​ពី​អ៊ីរ៉ង់ បាន​ទេ ពួកគេ​ត្រូវ​ស្វែងរក​ទីតាំង​មាន​សុវត្ថិភាព​នៅ​ក្នុង​លំនៅឋាន ឬ​អគារ​ផ្សេង​ទៀត​ដែល​មាន​សុវត្ថិភាព។»

សេចក្តី​ណែនាំ​បាន​ណែនាំ​ទៀត​ថា «ចូរ​ត្រៀម​ផ្គត់ផ្គង់​អាហារ ទឹក ថ្នាំពេទ្យ និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ» និង «សូម​ជៀសវាង​ការ​ចូល​ធ្វើ​បាតុកម្ម ដោយ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​តាមដាន​ព័ត៌មាន​ជុំវិញ​ខ្លួន។»

រដ្ឋការ​អាមេរិក ក៏បាន​ទទូច​ឱ្យ​ពលរដ្ឋ​ខ្លួន​ត្រូវ​តាមដាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​សម្រាប់​ព័ត៌មាន​ថ្មីៗ ហើយ​ត្រៀម​ខ្លួន​កែសម្រួល​ផែនការ។

សេចក្តី​ណែនាំ​ក៏បាន​ឱ្យ​ដឹង​ថា «ពលរដ្ឋ​អាមេរិក​គួរ​រក្សា​ទូរសព្ទ​ឱ្យ​មាន​ថ្ម​ពេញ និង​រក្សា​ទំនាក់ទំនង​ជាមួយ​គ្រួសារ និង​មិត្តភក្ដិ ដើម្បី​ជូនដំណឹង​អំពី​ស្ថានភាព​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ ពលរដ្ឋ​អាមេរិក​ត្រូវ​ចុះឈ្មោះ​ក្នុង​កម្មវិធី Smart Traveler Enrollment Program (STEP) ដើម្បី​ទទួល​បាន​ព័ត៌មាន​សន្តិសុខ​ថ្មីៗ​អំពី​ប្រទេស​អ៊ីរ៉ង់។»

សេចក្តី​ណែនាំ​បាន​បន្ថែម​ថា «ពលរដ្ឋ​អាមេរិកអ៊ីរ៉ង់ ដែល​មាន​សញ្ជាតិ​ពីរ ត្រូវ​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់ ដោយ​ប្រើ​លិខិតឆ្លងដែន​អ៊ីរ៉ង់ ព្រោះ​រដ្ឋាភិបាល​អ៊ីរ៉ង់ មិន​ទទួលស្គាល់​សញ្ជាតិ​ពីរ ដោយ​ចាត់ទុក​ពួកគេ​ជា​ពលរដ្ឋ​អ៊ីរ៉ង់ តែប៉ុណ្ណោះ។»

តាម​សេចក្ដី​ណែនាំ​នេះ ពលរដ្ឋ​អាមេរិក​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​សួរ​ចម្លើយ ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន ហើយ​ការ​បង្ហាញ​លិខិតឆ្លងដែន​អាមេរិក ឬ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក អាច​ជា​ហេតុផល​គ្រប់គ្រាន់​សម្រាប់​អាជ្ញាធរ​អ៊ីរ៉ង់ ក្នុង​ការ​ឃុំ​ខ្លួន​នរណា​ម្នាក់។

ពលរដ្ឋ​អាមេរិក​ដែល​កាន់​លិខិតឆ្លងដែន​អស់​សុពលភាព ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់ នៅ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​អាមេរិក​ដែល​នៅ​ជិត​បំផុត។

សេចក្តី​ណែនាំ​បាន​បញ្ជាក់​ទៀត​ថា «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​អាច​ធានា​សុវត្ថិភាព​របស់​អ្នក​បាន​ទេ ប្រសិនបើ​អ្នក​ជ្រើសរើស​ចាកចេញ​ដោយ​មិន​ធ្វើ​តាម​ការ​ណែនាំ​ទាំងនេះ។ ប៉ុន្តែ​អ្នក​គួរតែ​ចាកចេញ លុះត្រាតែ​អ្នក​ជឿ​ថា​វា​មាន​សុវត្ថិភាព។»

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ និង​ថ្ងៃ​សុក្រ ទី​៦ ខែ​កុម្ភៈ នេះ ព្រំដែន​គោក​នៃ​ប្រទេស​អាមេនី នៅ​តំបន់ Agarak និង Norduz កំពុង​ត្រូវ​បាន​បើក ហើយ​ពលរដ្ឋ​អាមេរិក​ដែល​ចូល​ប្រទេស​អាមេនី ដោយ​ចេញពី​អ៊ីរ៉ង់ ត្រូវ​មាន​លិខិតឆ្លងដែន​អាមេរិក ដែល​មាន​សុពលភាព និង​អាច​ស្នាក់នៅ​រហូត​ដល់ ១៨០​ថ្ងៃ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ។

ពលរដ្ឋ​អាមេរិក​ដែល​មាន​សញ្ជាតិ​ពីរ ហើយ​មាន​គម្រោង​ចូល​ក្នុង​ប្រទេស​អាមេនី ដោយ​ប្រើ​លិខិតឆ្លងដែន​អាមេរិក ឬ​អ៊ីរ៉ង់ មិន​ត្រូវការ​ការយល់​ព្រម​ជា​មុន​ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ ច្រក​ព្រំដែន​គោក​រវាង​តួកគី និង​អ៊ីរ៉ង់ ក៏​បើក​ដំណើរការ​ផង​ដែរ។ ពលរដ្ឋ​អាមេរិក​ដែល​ធ្វើ​ដំណើរ​ចូល​ប្រទេស​តួកគី ចេញពី​អ៊ីរ៉ង់ ត្រូវ​មាន​លិខិតឆ្លងដែន​អាមេរិក​ដែល​មាន​សុពលភាព និង​អាច​ស្នាក់នៅ​រហូត​ដល់ ៩០​ថ្ងៃ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ ហើយ​ពលរដ្ឋ​អាមេរិក​ដែល​មាន​សញ្ជាតិ​ពីរ​ដែល​ប្រើ​លិខិតឆ្លងដែន​អាមេរិក អ៊ីរ៉ង់ ឬ​តួកគី ក៏​មិន​ត្រូវការ​យល់ព្រម​ជា​មុន​ផង​ដែរ។

ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង Ashgabat នឹង​សម្របសម្រួល​ចំពោះ​ការ​យល់ព្រម​នេះ។ ពលរដ្ឋ​អាមេរិក​ដែល​មាន​គម្រោង​ចូល​ប្រទេស​តូមិននីស្ថាន ត្រូវ​ផ្ញើ​ឯកសារ​ដូច​ខាងក្រោម​ទៅ​អង្គភាព​សេវាកម្ម​ពលរដ្ឋ​អាមេរិក​នៅ​ទីក្រុង Ashgabat តាម​អ៊ីមែល [email protected] ហើយ​ត្រូវ​មាន​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ព័ត៌មាន​លិខិតឆ្លងដែន ដោយ​មាន​លេខ និង​កាលបរិច្ឆេទ​ចេញ និង​ផុតកំណត់។

ចំពោះ​ព្រំដែន​គោក​របស់​ប្រទេស​អាស៊ែបៃហ្សង់ ត្រូវ​បាន​បិទ​សម្រាប់​ចរាចរណ៍​ធម្មតា។ ពលរដ្ឋ​អាមេរិក​ដែល​មាន​តម្រូវការ​បន្ទាន់​ក្នុង​ការ​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់ គួរតែ​ពិចារណា​ជម្រើស​ផ្សេងៗ​សម្រាប់​ចេញ​ដំណើរ​ជា​មុន​សិន។ ប្រសិនបើ​ផ្លូវ​ជំនួស​មិន​អាច​ធ្វើ​ទៅ​បាន អ្នក​អាច​ស្នើសុំ​ចូល​ប្រទេស​អាស៊ែបៃហ្សង់ ដោយ​តម្រូវ​ឱ្យ​មាន​ការ​យល់ព្រម​ជា​មុន​ពី​រដ្ឋាភិបាល​អាស៊ែបៃហ្សង់។ ស្ថានទូត​អាមេរិក នៅ​ទីក្រុង Baku នឹង​សម្របសម្រួល​ដំណើរការ​អនុម័ត​នេះ។

ពលរដ្ឋ​អាមេរិក​ដែល​មាន​គម្រោង​ចូល​ប្រទេស​អាស៊ែបៃហ្សង់ ត្រូវ​ផ្ញើ​ឯកសារ​ដូច​ខាងលើ​ទៅ​អង្គភាព​សេវាកម្ម​ពលរដ្ឋ​អាមេរិក​នៅ​ទីក្រុង Baku តាម​អ៊ីមែល [email protected]

សេចក្តី​ព្រមាន​បន្ថែម​ថា ពលរដ្ឋ​អាមេរិក​មិន​គួរ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ឬ​តំបន់​ព្រំដែន​ប៉ាគីស្ថាន-អ៊ីរ៉ង់។

ខណៈ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មិន​មាន​ទំនាក់ទំនង​ការទូត ឬ​កុងស៊ុល​ជាមួយ​សាធារណរដ្ឋ​អ៊ីស្លាមិក​អ៊ីរ៉ង់ តែ​រដ្ឋាភិបាល​នៃ​ប្រទេស​ស្វីស តាម​ស្ថានទូត​របស់​ប្រទេស​នៅ​ទីក្រុង​តេហេរ៉ង់ អាច​ការពារ​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​អ៊ីរ៉ង់ ដែល​ពលរដ្ឋ​អាមេរិក​អាច​ទាក់ទង​បាន។

យ៉ាងណា សេចក្តី​ណែនាំ​នៃ​រដ្ឋការ​សហរដ្ឋ​អាមេរិក ទៅ​កាន់​ពលរដ្ឋ​របស់​ខ្លួន ក៏បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេហេរ៉ង់ បើក​កិច្ចចរចា​ដ៏​សំខាន់​មួយ​នៅ​ប្រទេស​អូម៉ង់ ស្ដីពី​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio បាន​និយាយ​ថា ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ទទួល​ភារកិច្ច​ការទូត​ចំពោះ​ជម្លោះ​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេហេរ៉ង់ ជាមួយ​ប្រទេស​លោកខាងលិច។

ទោះបីជា​យ៉ាងណា ទីក្រុង​វ៉ាស៊ីនតោន ចង់​ឱ្យ​ការ​ពិភាក្សា​គ្របដណ្ដប់​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កម្មវិធី​មីស៊ីល​ផ្លោង និង​ការ​បញ្ឈប់​គាំទ្រ​ដល់​ក្រុម​ប្រដាប់​អាវុធ​នៅ​ក្នុង​តំបន់ ព្រមទាំង​បញ្ឈប់​ការ​បង្ក្រាប​ទៅ​លើ​ប្រជាជន​របស់​ខ្លួន។

ការ​ចរចា​ធ្វើឡើង​នៅ​ទីក្រុង Muscat នៃ​ប្រទេស​អូម៉ង់ លោក Abbas Araqchi រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ និង​លោក Steve Witkoff បេសកជន​ពិសេស​លោក ត្រាំ ប្រចាំ​តំបន់​មជ្ឈិមបូព៌ា បើក​ការ​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​គ្នា។

ការ​ចរចា​ប្រព្រឹត្ត​ទៅ​ខណៈ​កង​នាវាចម្បាំង​អាមេរិក ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ឡោម​ប្រទេស​អ៊ីរ៉ង់ តែ​មេដឹកនាំ​អ៊ីរ៉ង់ វិញ ព្រមាន​ថា បើ​អាមេរិក​វាយប្រហារ​លើ​អ៊ីរ៉ង់ សង្គ្រាម​តំបន់​មជ្ឈិមបូព៌ា​នឹង​ផ្ទុះ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស