28 C
Phnom Penh

មេដឹកនាំ​ក្រុម​យោធា Quad សច្ចា​ការពារ​សម្ពន្ធភាព​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​រាប់​ទាំង​កោះ​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ជំនួប​កំពូល​តាម​អនឡាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មីនា មេដឹកនាំ​នៃ​ប្រទេស​ចតុភាគី​ហៅថា Quad បាន​សច្ចា​រួមគ្នា​ដោយ​ប្រកាស​ថា​ត្រូវ​ការពារ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ឱ្យ​មាន​ស្ថិរភាព​រឹងមាំ ហើយ​ប្រឆាំង​កម្លាំង​អនុត្តរភាព​ណា​មួយ​ដែល​បង្ក​អសន្តិសុខ​ក្នុង​តំបន់ ខណៈ​មេដឹកនាំ​ប្រទេស​៤ នេះ ព្រួយបារម្ភ​អំពី​ដែន​កោះ​តៃវ៉ាន់ ថា​អាច​នឹង​រង​ការវាយប្រហារ​ពី​សំណាក់​កងទ័ព​ចិន។

ក្រុម​ចតុភាគី​ហៅថា Quad មាន ៤​ប្រទេស គឺ​សហរដ្ឋ​អាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា ជំនួប​កំពូល​របស់​ក្រុម​ចតុភាគី​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ព្រមាន​ថា ចិន​កំពុង​សិក្សា​អំពី​សង្គ្រាម​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ហើយ​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រសិនបើ​ចិន​លើក​ទ័ព​វាយ​កាន់កាប់​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ថា​ជា​អាណា​ខេត្ត​របស់​ក្រុង​ប៉េកាំង នោះ ថា​តើ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ប្រទេស​ចិន។

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន Fumio Kishida បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​នេះ​ថា ជំនួប​នេះ​បាន​ឈាន​ដល់​ការ​សម្រេច​ចេញ​នូវ​គោលដៅ​រួមគ្នា គឺ​ការ​ការពារ​ប្រទេស​សម្ពន្ធមិត្ត​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ទាំងមូល ដែល​ក្នុង​នោះ​មាន​ដែន​កោះ​តៃវ៉ាន់​ផង​ដែរ។

លោក Kishida ដែល​បាន​និយាយ​យោង​ទៅលើ​ប្រទេស​រុស្ស៊ី ដែល​បាន​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន​ថា ចិន​អាច​សិក្សា​អំពី​ពេលវេលា​ណា​មួយ​ដើម្បី​ឈ្លានពាន​កោះ​តៃវ៉ាន់ តែ​លោក​បញ្ជាក់​ថា កម្លាំង​ចតុភាគី​មាន​ជំហរ​រួមគ្នា​ក្នុង​ការ​ការពារ​ដែន​កោះ​មួយ​នេះ។

ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​មេដឹកនាំ​ទាំង ៤​ប្រទេស​នេះ​ថា ប្រទេស​ទាំង​៤​នេះ នឹង​មិន​បណ្ដោយ​ឲ្យ​ស្ថានភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​អាច​កើតមាន​ឡើង​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ជាដាច់ខាត។

លោក​បញ្ជាក់​ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​ត្រូវតែ​មាន​ស្ថិរភាព ហើយ​ប្រទេស​ណា​មួយ​បង្ក​អសន្តិសុខ គឺ​ត្រូវតែ​ប្រឈមមុខ​នឹង​ការ​ឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​ពី​កម្លាំង​សម្ពន្ធមិត្ត​ក្នុង​តំបន់ ជាពិសេស​គឺ​ពី​ក្រុម​ចតុភាគី​នេះ​តែម្តង។

ជំនួប​របស់​មេដឹកនាំ​នៃ​ប្រទេស​៤ នេះ ធ្វើឡើង​បន្ទាប់ពី​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​៤​នេះ ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាលពី​ខែ​កុម្ភៈ។

ចំណែក​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​បញ្ជាក់​ថា ជំនួប​នៃ​មេដឹកនាំ ៤​ប្រទេស​នេះ​បាន​នាំ​ឲ្យ​មាន​ភាព​ប្ដេជ្ញា​ចិត្ត​រួមគ្នា​ជា​ថ្មី​ទៀត​អំពី​ការ​ជួយ​ការពារ​អធិបតេយ្យ​ពិភពលោក ដែល​ក្នុង​នោះ​មាន​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ផង​ដែរ។

ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនឌ្រាមូឌី បាន​ទទូច​ឱ្យ​ក្រុម​ប្រទេស​ទាំង​៤​នេះ​បន្ត​ឈរ​លើ​ស្មារតី​រួម គឺ​ប្រឆាំង​ប្រទេស​មួយ​ដែល​បង្ក​អសន្តិសុខ​តំបន់ ដែល​លោក​ថា​ប្រឆាំង​នឹង​ប្រទេស​នេះ​គឺ​ដូច​នឹង​ជួយ​ការពារ​សន្តិសុខ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ផង​ដែរ។

លោក មូឌី មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​នោះ​ទេ តែ​ទំនង​លោក​ចង់​សំដៅ​ទៅលើ​ប្រទេស​ចិន ដែល​ត្រូវ​បាន​ចោទ​ថា​កំពុង​ធ្វើ​អនុត្តរភាព​យោធា​តាមរយៈ​កម្លាំង​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅលើ​ប្រទេស​កូនបំណុល។

តាម​សេចក្ដី​ថ្លែងការណ៍ គឺ​មេដឹកនាំ​ប្រទេស​៤​នេះ នឹង​ជួប​គ្នា​ផ្ទាល់​នៅ​ក្រុង​តូក្យូ នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ។ ក្រៅពី​ការ​លើកឡើង​អំពី​សន្តិសុខ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មេដឹកនាំ​បួន​ប្រទេស​នេះ​ក៏​បាន​សន្យា​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ជនភៀសខ្លួន​នៃ​ប្រទេស​អ៊ុយក្រែន ដែល​ភៀសខ្លួន​ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស