38.3 C
Phnom Penh

មហា​អំណាច​ពីរ​គឺ​អាមេរិក​និង​ចិន ឆ្លងឆ្លើយ​គ្នា​រឿង​តៃវ៉ាន់​បោះឆ្នោត​រើស​ប្រធានាធិបតី​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិន បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មករា នេះ ឱ្យ​សហរដ្ឋ​អាមេរិក​ឈប់​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​នៅ​កោះ​តៃវ៉ាន់ និង​បាន​ថ្កោលទោស​ចំពោះ​ការ​ធ្វើ​ទស្សនកិច្ច​ទៅវិញ​ទៅមក​រវាង​មន្ត្រី​អាមេរិកាំង និង​មន្ត្រី​ដែន​កោះ​នេះ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន បាន​បង្ហើប​ថា ខ្លួន​មាន​ផែនការ​បញ្ជូន​គណៈប្រតិភូ​ក្រៅ​ផ្លូវការ​មួយ​ក្រុម​ទៅ​កាន់​ដែន​កោះ​នេះ ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​តៃវ៉ាន់ អាណត្តិ​ថ្មី​រួចរាល់​ហើយ​នោះ។

តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែន​កោះ​តៃវ៉ាន់ នឹង​បោះឆ្នោត​ប្រធានាធិបតី និង​សភា នា​ថ្ងៃទី​១៣ មករា ចុង​សប្ដាហ៍​នេះ ដែល​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជិត ២០​លាន​នាក់។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី Mao Ning បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន ចាំបាច់​ត្រូវ​បញ្ឈប់​សកម្មភាព​ជ្រៀតជ្រែក​គ្រប់​ទម្រង់​ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​តំបន់​តៃវ៉ាន់ ដើម្បី​ចៀសវាង​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ចំពោះ​ទំនាក់ទំនង​ចិន-សហរដ្ឋ​អាមេរិក។

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ ចិន​តែងតែ​ប្រកាន់​ជំហរ​ជំទាស់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ធ្វើ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្លូវការ មិន​ថា​ក្នុង​ទម្រង់​ណា​មួយ​រវាង​សហរដ្ឋ​អាមេរិក និង​តៃវ៉ាន់ ដែល​អ្នកស្រី​បញ្ជាក់​ថា លើ​ពិភពលោក​នេះ​មាន​ប្រទេស​ចិន​តែ​មួយ​គត់ ហើយ​កោះ​តៃវ៉ាន់​ជា​ផ្នែក​ពុំ​អាច​កាត់​ផ្តាច់​បាន​ពី​ទឹកដី​របស់​ចិន​នោះ​ទេ។

អ្នក​នាំពាក្យ​រដ្ឋការ​ក្រុង​ប៉េកាំង​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា តៃវ៉ាន់​គឺជា​បញ្ហា​ចម្បង​បំផុត​នៃ​ផល​ប្រយោជន៍​ស្នូល​របស់​ប្រទេស​ចិន ហើយ​ជា​ខ្សែបន្ទាត់​ក្រហម​លេខ​១ ដែល​មិន​ត្រូវ​ឈាន​ជើង​រំលង​ដាច់ខាត​ក្នុង​ទំនាក់ទំនង​ចិន-សហរដ្ឋ​អាមេរិក។ ការ​បញ្ចេញ​ប្រតិកម្ម​នៃ​ក្រុង​ប៉េកាំង ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ឱ្យ​ដឹង​អំពី​គម្រោង​បញ្ជូន​ប្រតិភូ​មួយ​ក្រុម​ដែល​ក្រុង​វ៉ាស៊ីនតោន​ហៅថា​ក្រៅ​ផ្លូវការ។ ក្រុម​ប្រតិភូ​នេះ​ទៅ​កាន់​តៃវ៉ាន់ ធ្វើឡើង​ក្រោយពី​បេក្ខជន​ប្រធានាធិបតី​ពី​បក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម (Democratic Progressive Party = DPP) លោក Lai Ching-te (ឡៃ ឈិងតឺ) បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​និយាយ​ថា សេតវិមាន​បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់​ទៅ​កាន់​ចិន ថា​ក្រុង​វ៉ាស៊ីនតោន ប្រឆាំង​ទៅ​នឹង​រាល់​ការ​លូកលាន់ ឬ​ការ​ព្យាយាម​ដាក់​ឥទ្ធិពល​ពី​ភាគី​ខាងក្រៅ​ណា​មួយ​លើ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី និង​សភា​នៅ​តៃវ៉ាន់។

តៃវ៉ាន់ នឹង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​សកល​នៅ​កោះ​តៃវ៉ាន់ ចំ​ពេល​ដែល​មាន​ភាព​តានតឹង​នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ចិន មាន​ភាព​ធូរស្រាល​បន្តិច បន្ទាប់ពី​លោក​ប្រធានាធិបតី ចូ បៃដិន និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ព្រមព្រៀង​ស្ដារ​ទំនាក់ទំនង​យោធា​នឹង​គ្នា​ឡើងវិញ​នៅ​ក្នុង​ជំនួប​មួយ​នៅ​ឯ​រដ្ឋ California កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​និយាយ​ថា ក្រុង​វ៉ាស៊ីនតោន មិន​ឈរ​នៅ​ខាង​ភាគី​ណា​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​តៃវ៉ាន់​ទេ ហើយ​ក៏​មិន​មាន​បេក្ខជន​មេដឹកនាំ​តៃវ៉ាន់​ជា​ទី​សំណព្វ​ចិត្ត​នោះ​ដែរ។

មន្ត្រី​រូប​នេះ​អះអាង​ថា ក្រុង​វ៉ាស៊ីនតោន ប្រឆាំង​នឹង​ការ​ប្រើ​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​របស់​តៃវ៉ាន់​ពី​ភាគី​ខាងក្រៅ​ណា​មួយ មិន​ថា​នរណា​ជាប់​ឆ្នោត​នោះ​ទេ ក៏​គោលនយោបាយ​របស់​ក្រុង​វ៉ាស៊ីនតោន ចំពោះ​តៃវ៉ាន់ នឹង​នៅតែ​ដដែល រីឯ​ភាព​រឹងមាំ​នៃ​ទំនាក់ទំនង​ក្រៅ​ផ្លូវការ ក៏​នឹង​នៅតែ​បន្ត​រឹងមាំ​ដដែល។ សហរដ្ឋ​អាមេរិក គឺជា​អ្នកគាំទ្រ និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​បំផុត​សម្រាប់​តៃវ៉ាន់។

ក្រុង​ប៉េកាំង បាន​បង្ហាញ​ក្ដី​រំពឹង​ថា ប្រជាជន​តៃវ៉ាន់​ភាគច្រើន​នឹង​ធ្វើការ​ជ្រើសរើស​ដ៏​ត្រឹមត្រូវ ភ្ជាប់​ជាមួយ​ការ​ព្រមាន​ថា បេក្ខជន​មេដឹកនាំ​តៃវ៉ាន់​មកពី​គណបក្ស​កាន់​អំណាច លោក Lai Ching-te គឺជា​មនុស្ស​គ្រោះថ្នាក់​ដែល​អាច​បង្ក​ឱ្យ​ជម្លោះ ឬ​ការ​ប្រឈមមុខ​ដាក់​គ្នា​នៅ​ក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​ផ្ទុះ​ឡើង។

លោក Chen Binhua ជា​អ្នក​នាំពាក្យ​ម្នាក់​ពី​ការិយាល័យ​ចិន ទទួល​បន្ទុក​កិច្ចការ​តៃវ៉ាន់ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក Lai Ching-te ពី​គណបក្ស​កាន់​អំណាច​តៃវ៉ាន់ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម គឺជា​មនុស្ស​ម្នាក់​ដែល​ចង់​ឱ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ ហើយ​បើ​លោក Lai Ching-te ជាប់​ឆ្នោត បុរស​នេះ​អាច​ក្លាយ​ជា​មេ​ក្រុម​ឧទ្ទាម។

សេចក្ដី​ថ្លែងការណ៍​លោក Chen Binhua ដដែល​ដាក់​ការ​សង្ឃឹម​ថា ជន​រួម​ជាតិ​តៃវ៉ាន់​ភាគច្រើន​នឹង​ទទួលស្គាល់​ពី​ភាព​គ្រោះថ្នាក់​របស់​គណបក្ស DPP និង​លោក Lai Ching-te ដែល​អាច​នឹង​បង្ក​ទៅ​ជា​ជម្លោះ និង​ការ​ប្រឈមមុខ​ដាក់​គ្នា​ពី​ត្រើយ​ទាំង​សង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់។

កាលពី​ដើម​សប្ដាហ៍​នេះ លោក Lai Ching-te បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា លោក​នឹង​រក្សា​ស្ថានភាព​ដើម​នៅ​ក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ក៏ដូចជា​ការ​លើក​កម្ពស់​សន្តិភាព ប្រសិនបើ​ជាប់​ឆ្នោត​ជា​មេដឹកនាំ​ថ្មី​តៃវ៉ាន់ ព្រមទាំង​បើក​ចំហ​កិច្ចពិភាក្សា​ជាមួយ​ទីក្រុង​ប៉េកាំង ផ្អែក​លើ​គោលការណ៍​ស្មើ​ភាព​គ្នា និង​សេចក្ដី​ថ្លៃថ្នូរ។

ខុស​ប្លែក​ពី​អាណត្តិ​មុនៗ​ដែល​ការ​បោះឆ្នោត​ផ្ដោត​លើ​បេក្ខជន​ប្រធានាធិបតី​សំខាន់ ២​រូប​ប៉ុណ្ណោះ តែ​ការ​បោះឆ្នោត​លើក​នេះ គឺជា​ការ​ប្រកួតប្រជែង​រវាង​បេក្ខជន​សំខាន់ៗ ៣​រូប គឺ​មាន​លោក Lai Ching-te មកពី​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម ហៅ​កាត់​ថា DPP ជា​បក្ស​កាន់​អំណាច​នៅ​តៃវ៉ាន់។ ជា​បក្ស​មាន​ទំនោរ​គាំទ្រ​ឯករាជភាព​នៃ​កោះ​តៃវ៉ាន់ ហើយ​មាន​សហរដ្ឋ​អាមេរិក​ការពារ​ពីក្រោយ។ បក្ស​នេះ​ត្រូវ​តទល់​ជាមួយ​លោក Hou Yu-ih ពី​គណបក្ស Kuomintang = KMT និង​លោក Ko Wen-je មកពី​គណបក្ស​ប្រជាជន​តៃវ៉ាន់ TPP ដែល​បក្ស​ប្រឆាំង​ពីរ​នេះ​មាន​ទំនោរ​ទៅ​រក​ក្រុង​ប៉េកាំង។ តាម​ការ​ចង់បាន គឺ​ក្រុង​ប៉េកាំង​ពិត​ណាស់​ចង់​ឱ្យ​គណបក្ស Kuomintang ទទួល​បាន​ជ័យជម្នះ ឬ​យ៉ាងហោចណាស់ គណបក្ស​ប្រជាជន​តៃវ៉ាន់ TPP ដែល​ទើប​បង្កើត​ថ្មី។

ការ​ស្ទង់មតិ​ចុងក្រោយ​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​មករា កន្លង​ទៅ នៅតែ​បង្ហាញ​ថា លោក Lai Ching-te និង​គណបក្ស DPP អាច​នឹង​ទទួល​បាន​ជ័យជម្នះ។

នៅ​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម និង​លោក Lai Ching-te ជា​បេក្ខជន​តំណែង​ប្រធានាធិបតី នៅតែ​រក្សា​ប្រជាប្រិយភាព​ខ្លាំង​ជាង​បក្ស​ប្រឆាំង​ពីរ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ខាង​ចិន​កុម្មុយនីស្ត បាន​បញ្ជូន​សារ​គំរាម​អ្នកគាំទ្រ​បក្ស​កាន់​អំណាច និង​លោក Lai Ching-te ថា​ជម្រើស​មាន​ពីរ​នៅ​ចំពោះ​មុខ គឺ​ផ្លូវ​ទៅ​រក​សន្តិភាព និង​បន្ត​រក្សា​ប្រជាធិបតេយ្យ​អាយ៉ង​របស់​ពួក​លោក​ខាងលិច ថា​តើ​រើស​យក​មួយ​ណា​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។

ពិភពលោក​កំពុង​សម្លឹង​មើល​ការ​បោះឆ្នោត​នៅ​តៃវ៉ាន់ តើ​ថា​បេក្ខជន​ប្រធានាធិបតី ៣​រូប​ខាងលើ​នេះ មួយ​ណា​នឹង​ក្លាយ​ជា​មេដឹកនាំ​កោះ​តៃវ៉ាន់ ជា​ដែន​កោះ​មាន​ប្រជាជន​ជិត ២៤​លាន​នាក់ ដែល​ចិន​គំរាម​លើក​ទ័ព​វាយ​យក​ដែន​កោះ​នេះ ព្រោះតែ​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន ក្រោម​សេចក្តី​សម្រេច​ចិត្ត​លេខ​២៧៥៨ នៃ​អង្គការ​សហប្រជាជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស