បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន កំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីចេញសេចក្តីថ្លែងការណ៍រួមមួយអំពាវនាវឱ្យមានការឈប់បាញ់ ដោយសារតែសភាពការណ៍នៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរបណ្តាលឲ្យជនស៊ីវិលស្លាប់កាន់តែច្រើន។
លោក ហ៊ុន សែន បានផ្សព្វផ្សាយជាសារកាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ផ្ញើជូនថ្នាក់ដឹកនាំក្នុងគណៈអចិន្ត្រៃយ៍គណបក្ស គណៈអចិន្ត្រៃយ៍នៃរាជរដ្ឋាភិបាល ហើយត្រូវបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញផ្សាយបន្តនៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឲ្យដឹងថា ពេលនេះក្នុងក្របខ័ណ្ឌអាស៊ាន គឺលោកកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹងចេញសេចក្តីថ្លែងការណ៍រួមមួយអំពាវនាវឱ្យមានការឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែន។
លោកថា សភាពការណ៍នៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ការស្លាប់ជនស៊ីវិលកាន់តែច្រើន ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន គ្រឹះស្ថាន សំណង់ផ្សេងៗត្រូវបានខ្ទេចខ្ទាំ ដូច្នេះលោកគិតថាមានការចាំបាច់ដើម្បីបញ្ចេញនូវសកម្មភាពក្នុងក្របខ័ណ្ឌអាស៊ាន។
បុរសដែលក្រាញអំណាចយូរជាងគេនៅអាស៊ីរូបនេះ សង្ឃឹមថាមិត្តរុស្ស៊ី នឹងយល់ ព្រោះអ្វីដែលកម្ពុជាបានធ្វើកាលពីពេលកន្លងទៅ ផ្ទុយទៅនឹងគោលនយោបាយការបរទេសរបស់ខ្លួន។ លោកបន្តថា កម្ពុជាមិនគាំទ្រឱ្យមានការបំបែករដ្ឋ មិនគាំទ្រទៅលើការប្រើប្រាស់កម្លាំង និងការត្រៀមដើម្បីប្រើប្រាស់កម្លាំង ឬគំរាមកំហែងនូវការប្រើប្រាស់កម្លាំងណាមួយនោះឡើយ។
លោកបន្ថែមទៀតថា ដូច្នេះពិតណាស់ថារុស្ស៊ីនឹងមានការខឹងសម្បាចំពោះកម្ពុជា ក៏ប៉ុន្តែកម្ពុជាជារដ្ឋអធិបតេយ្យ កម្ពុជាមានសិទ្ធិនឹងធ្វើសកម្មភាពដើម្បីការពារសច្ចធម៌ ហើយកម្ពុជាក៏ត្រូវមានការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ។
បុរសខ្លាំងកម្ពុជាបានលើកឡើងទៀតថា ដោយមានការស្នើសុំពីជប៉ុន បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ហើយដោយយល់ឃើញថាវាមានការចាំបាច់ កម្ពុជាត្រូវតែសម្រេចចិត្តធ្វើជា Co-Sponsor ជាមួយនឹងប្រទេសដទៃទៀតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនេះគឺជាជំហរដោយឡែករបស់កម្ពុជា។
កាលពីថ្ងៃទី៣ ខែមីនា ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN) បានចេញសេចក្ដីថ្លែងការណ៍រួមមួយអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែនជាបន្ទាន់ ដោយសារព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌ដែលធ្លាក់ចុះកាន់តែដុនដាបនៅអ៊ុយក្រែននាពេលនេះ។ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ចង់ឃើញការបន្តកិច្ចសន្ទនានយោបាយដែលពួកគេថា នឹងនាំទៅរកសន្តិភាពប្រកបដោយចិរភាពនៅអ៊ុយក្រែន។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា បណ្ឌិត អៀ សុផល បានប្រាប់សារព័ត៌មាន The Cambodia Daily ថា កម្ពុជាជំពាក់អត្ថិភាពនៃសម័យទំនើបរបស់ខ្លួនចំពោះការឈ្លានពានរបស់រុស្ស៊ី និងវៀតណាម មកលើកម្ពុជា ដែលភ្នំពេញមិនចាត់ទុកការឈ្លានពាននោះទេ គឺជាការរំដោះ។ លោកចោទជាសំណួរថា តើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជាការរំដោះដែរឬទេ? យ៉ាងហោចណាស់ កម្ពុជាបានបោះឆ្នោតគាំទ្រដំណោះស្រាយថ្កោលទោសរុស្ស៊ីដែរ។
លោកគិតថា វាជាការរីកចម្រើនដែលកម្ពុជាធ្វើដំណើរផ្ទុយពីចិន ១០០% ក្នុងករណីនេះ ព្រោះចិនបានអនុប្បវាទ ហើយកម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ លោកបន្តថា ឥឡូវនេះនរណាក៏ដឹងដែរថា ចិនបានស្នើឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានអ៊ុយក្រែនរហូតដល់ក្រោយព្រឹត្តិការណ៍អូឡាំពិក។
ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ថា បារាំងសូមកោតសរសើរការសម្រេចចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយសមាជិកអង្គការសហប្រជាជាតិចំនួន ១៤០ប្រទេសផ្សេងទៀត ដើម្បីសម្ដែងសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែនដែលរងគ្រោះពីការឈ្លានពានយោធារបស់រុស្ស៊ី។
កម្ពុជា និងបារាំង រួមជាមួយប្រទេសសមាជិកចំនួន ៩៤ផ្សេងទៀតប្រកាន់ខ្ជាប់ដូចគ្នានូវការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីនៃរដ្ឋនានាដែលជាមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិ៕