40.6 C
Phnom Penh

ពលរដ្ឋ​ខេត្ត​បាត់ដំបង​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ចិន​ប្រើ​បច្ចេកទេស​កុំ​ឲ្យ​ហុយ​ដី​ប៉ះពាល់​សុខភាព​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង រាប់​រយ​នាក់ នាំគ្នា​តវ៉ា ៣​ថ្ងៃ​ជាប់ៗ​គ្នា​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែ​មីនា ដើម្បី​ទាមទារ​ឲ្យ​ខាង​ក្រុមហ៊ុន​គោរព​សន្យា​កសាង​ផ្លូវ​ចាក់​បេតុង និង​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ពលរដ្ឋ​នៅ​ពេល​ដឹកជញ្ជូន​ថ្មភ្នំ​តាម​រថយន្ត​ធំៗ។

តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ជា​រៀងរាល់​ថ្ងៃ​មាន​រថយន្ត​ធំៗ​រាប់​រយ​គ្រឿង​ដឹក​ថ្មភ្នំ​ជាច្រើន​តោន ឆ្លងកាត់​ភូមិ​របស់​ពួកគាត់ ធ្វើ​ឱ្យ​ហុយ​ធូលី​ជ្រុះ​ថ្ម​រាយប៉ាយ​ពេញ​ផ្លូវ និង​សំឡេង​រំខាន​ដល់​សិស្ស​កំពុង​សិក្សា។ លោក​ថា រថយន្ត​ដឹក​ថ្មភ្នំ​ទាំងនោះ​បើក​លឿនៗ​ងាយ​នឹង​បង្ក​គ្រោះថ្នាក់ ប៉ះពាល់​សុខភាព​ពលរដ្ឋ ជាពិសេស​កុមារ​ដែល​ធ្វើ​ដំណើរ​ទៅ​រៀន​តាម​ដង​ផ្លូវ។ អ្នក​ភូមិ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ទាំងនេះ​ត្រូវ​កសាង​ផ្លូវ​ចាក់​បេតុង​ដូច​ការ​សន្យា​កាលពី​ឆ្នាំ​មុន។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០៤ មីនា នេះ ពលរដ្ឋ​រាប់​រយ​នាក់​នៅតែ​បន្ត​បិទ​ផ្លូវ​នៅ​ចំណុច​ច្រក​ចូល​ក្រុមហ៊ុន ហេង ឆាត (Heng Chat Construction Co., Ltd) មិន​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ថ្មភ្នំ​ឆ្លងកាត់​ភូមិ​របស់​អ្នក​ស្រុក។ ក្រុម​ពលរដ្ឋ​ថា ក្រុមហ៊ុន​ទាំងនេះ​ធ្លាប់​សន្យា​ឱ្យ​ពលរដ្ឋ​កាត់​ដី​ខាងមុខ​ផ្ទះ​មួយ​ម៉ែត្រ ដើម្បី​ពង្រីក​ផ្លូវ ហើយ​ក្រុមហ៊ុន​នឹង​ស្ថាបនា​ផ្លូវ​ជូន​ពលរដ្ឋ​ប្រើប្រាស់ ប៉ុន្តែ​មកទល់​ពេលនេះ ក្រុមហ៊ុន​មិន​អនុវត្ត​តាម​ការ​សន្យា​នោះ​ទេ។

អ្នក​ភូមិ​អះអាង​ថា កន្លងទៅ ពួកគាត់​ធ្លាប់​លើក​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាច្រើន​ដង​មក​ហើយ ដើម្បី​រារាំង​មិន​ឱ្យ​រថយន្ត​របស់​ក្រុមហ៊ុន​ឆ្លងកាត់​ភូមិ​របស់​ពួកគេ។ រីឯ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​បង្ហាញ​អារម្មណ៍​សោកស្តាយ ដែល​ភ្នំ​ធម្មជាតិ​ជាង​១០ កំពុង​ត្រូវ​កាយ​កម្ទេច​ដើម្បី​យក​ថ្ម រ៉ែ និង​ដី​ធ្វើ​អាជីវកម្ម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក រឿន ម៉ៅ បន្ថែម​ថា អាជ្ញាធរ​ខេត្ត​នេះ​មិន​អើពើ​ដោះស្រាយ​ក្តី​កង្វល់​របស់​ពួកគាត់​នោះ​ទេ តែ​ផ្ទុយទៅវិញ តែងតែ​កាង​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ។

ពលរដ្ឋ​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​ធ្វើ​អាជីវកម្ម​កាយ​ភ្នំ រួម​មាន​ក្រុមហ៊ុន ហេង ឆាត (Heng Chat Construction Co., Ltd) ក្រុមហ៊ុន លឹម ម៉េង គ្រុប (LIM MENG GROUP Co.,Ltd) ក្រុមហ៊ុន តាំង ថៃឡុង (Tang Thailong Co.,Ltd) និង​ក្រុមហ៊ុន ធី ឡុង (Thy Long)។ ក្រុមហ៊ុន​ទាំងនេះ ភាគច្រើន​ជា​របស់​ចិន វៀតណាម និង​ឧកញ៉ា​មួយ​ចំនួន​ដែល​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ខេត្ត​បាត់ដំបង។

សារព័ត៌មាន The Cambodia Daily មិនទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ​ពី​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា និង​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនីរ៉ាត់ បាន​ទេ​នៅ​ថ្ងៃ​ទី​០៤ ខែ​មីនា។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ធ្លាប់​លើកឡើង​ថា ក្រុមហ៊ុន​ភាគច្រើន​ដែល​មក​ធ្វើ​អាជីវកម្ម​រ៉ែ សុទ្ធតែ​មាន​អាជ្ញាប័ណ្ណ​ពី​ថ្នាក់​ជាតិ និង​បាន​សិក្សា​ពី​ហេតុផល​ប៉ះពាល់​បរិស្ថាន​ច្បាស់លាស់។

ក្នុង​ពេល​ប្រកាស​មុខតំណែង​លោក សុខ លូ ជា​អភិបាល​ថ្មី​ខេត្ត​បាត់ដំបង បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ប្រឹងប្រែង​អភិវឌ្ឍ​មូលដ្ឋាន​ប្រកប​ដោយ​សមធម៌ និង​ចិរភាព ដើម្បី​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ។ លោក​ថា​នឹង​ខិតខំ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​ការពារ​ប្រយោជន៍​ស្រប​ច្បាប់​របស់​ពលរដ្ឋ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​បាត់ដំបង លោក យិន ម៉េងលី បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លងមក​ថា លោក​ឆ្ងល់​ថា​តើ​អាជីវកម្ម​កាយ​ភ្នំ​ទាំងនេះ​មាន​តម្លាភាព និង​គណនេយ្យភាព​ដែរ​ឬ​ទេ? ព្រោះ​អាជ្ញាធរ​មិន​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​នោះ​ទេ។ លោក​ថា លោក​មិន​ប្រឆាំង​ចំពោះ​ការ​អភិវឌ្ឍ​នេះ​ទេ ប៉ុន្តែ​ចំណុច​សំខាន់ អាជ្ញាធរ​ត្រូវ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដែល​មាន​ស្រាប់​ស្របតាម​គោលការណ៍​អភិវឌ្ឍន៍ និង​ច្បាប់​ជា​មូលដ្ឋាន ធ្វើ​យ៉ាង​ណា​បម្រើ​ប្រយោជន៍​ពលរដ្ឋ ព្រមទាំង​កាត់បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​មាន​វត្តមាន​ក្រុមហ៊ុន​ទាំងនេះ​វិនិយោគ​រ៉ែ កាយ​ភ្នំ និង​ថ្ម ធ្វើ​ឱ្យ​ភ្នំ​នៅ​ស្រុក​បាណន់ យ៉ាងហោចណាស់ ១០​ភ្នំ ត្រូវ​គេ​កាយ​កម្ទេច​បាត់​រូបរាង រួម​មាន​ភ្នំ​តាគ្រាម ភ្នំ​ថ្មក្រហម ភ្នំ​អន្សែ ភ្នំ​ប៉ើយស្វាយ ភ្នំ​ពពូល ភ្នំ​តាត្រងោល ភ្នំ​ទទឹង ភ្នំ​គូទឈ្នៀង និង​ភ្នំ​គល់ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស