42.2 C
Phnom Penh

ពលរដ្ឋ​ស្នើ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ចុះ​អង្កេត​សកម្មភាព​អភិបាល​ស្រុក​កំពង់សីលា​រឿង​ជីកកកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​ខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ រស់នៅ​ស្រុក​កំពង់សីលា ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ទប់ស្កាត់​បទល្មើស​ជីកកកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​កំពង់សីលា កើត​មាន​ជាច្រើន​កន្លែង​ឲ្យ​មាន​ប្រសិទ្ធភាព។

ពលរដ្ឋ​បាន​ចោទ​លោក សៅ បុរីឌ្ឍនៈ អភិបាល​ស្រុក​កំពង់សីលា ថា​ជា​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ទាំងនោះ​ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ​ពី​ឈ្មួញ​ជីក​រណ្តៅ​ដី ព្រោះ​ថា​អភិបាល​ស្រុក​រូប​នេះ​ក៏​ជា​ឈ្មួញ​ដី ឬ​ជា​ឈ្មួញ​កណ្តាល​ទិញ​លក់​ដីធ្លី ឬ​អចលនទ្រព្យ​នៅ​ស្រុក​កំពង់សីលា នេះ​តែម្តង។

ពលរដ្ឋ​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​អង្កេត​ការងារ​របស់​លោក សៅ បុរីវឌ្ឍនៈ ពាក់ព័ន្ធ​បទល្មើស​ជីកកកាយ​ដី​ភ្នំ ដើម្បី​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នេះ ដោយសារ​តែ​សកម្មភាព​អាជីវកម្ម​ខុសច្បាប់​នេះ​មិន​មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ស្រុក​ទេ។

កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២១ សមត្ថកិច្ច​ចម្រុះ និង​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​នៃ​ខេត្ត​ព្រះសីហនុ បាន​ឃាត់​គ្រឿងចក្រ​បាន ៦​គ្រឿង ដែល​ជីកកកាយ​ដី​ភ្នំ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ភូមិ​ចាំស្រី ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។

ចំពោះ​បទល្មើស​នេះ អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ នេះ ក៏​បាន​ព្យាយាម​ស្នើសុំ​ការ​បំភ្លឺ​ពី​លោក សៅ បុរីវឌ្ឍនៈ ប៉ុន្តែ​លោក​បដិសេធ ហើយ​ហាម​អ្នក​សារព័ត៌មាន​ថត​គ្រឿងចក្រ​ដែល​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ចាប់​នាំ​យក​មក​រក្សា​ទុក​នៅ​ក្នុង​បរិវេណ​សាលា​ស្រុក​កំពង់សីលា ថែមទៀត​ផង។

ករណី​នេះ ប្រជាពលរដ្ឋ​បាន​ចោទ​លោក សៅ បុរីវឌ្ឍនៈ អភិបាល​ស្រុក​កំពង់សីលា ថា​ជា​អ្នក​រួមគំនិត​បើក​ដៃ​ឲ្យ​ឈ្មួញ​ជីកកកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក។

កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ មន្ត្រី​ជំនាញ​មន្ទីរ​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រក​ឃើញ​បទល្មើស​ជីកដី​ខុសច្បាប់​ពីរ​ទីតាំង​ទៀត​នៅ​ក្នុង​ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​លោក សៅ បុរីវឌ្ឍនៈ អភិបាល​ស្រុក​កំពង់សីលា និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​បទល្មើស​កាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​អត់​ច្បាប់ កំពុង​កើត​មាន​នៅ​ស្រុក​កំពង់សីលា បាន​នៅឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

ដោយឡែក​លោក ប្រាក់ សមប្រាថ្នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះសីហនុ បាន​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា គ្រឿងចក្រ​ចំនួន ៦​គ្រឿង​ដែល​សមត្ថកិច្ច​ចាប់​យក​មក​រក្សា​ទុក​នៅ​សាលា​ស្រុក​កំពង់សីលា ដើម្បី​ផាក​ពិន័យ​កាលពី​ពេល​ថ្មីៗ​នេះ សមត្ថកិច្ច​ក៏​នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ អនុវត្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ជា​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស