32 C
Phnom Penh

លោក អ៊ុំ សំអាន រិះគន់​រដ្ឋាភិបាល​បញ្ចុះ​ពន្ធ​នាំចេញ​ថ្ម​ភ្នំ​ថា​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​ឈ្មួញ​បំផ្លាញ​ភ្នំ​និង​ធនធាន​ធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា​ការ​បញ្ចុះ​ពន្ធ​នាំចេញ​ថ្ម​ភ្នំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​ឈ្មួញ​បំផ្លាញ​ភ្នំ និង​ធនធាន​ធម្មជាតិ រួម​ទាំង​បរិស្ថាន។

កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែ​សម្រួល​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​ថ្ម​ធម្មជាតិ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

អនុក្រឹត្យ​ដដែល​នោះ​បាន​បញ្ចុះ​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​នាំចេញ​មួយ​ចំនួន ក្នុង​នោះ​សម្រាប់​មុខទំនិញ​ថ្ម​ធម្មជាតិ​មិន​ទាន់​កែច្នៃ មាន​ចំនួន ៨​បន្ទាត់​ពន្ធ​នៃ​តារាង​ពន្ធគយ​ពី ៣០% មក ១០% និង​មុខទំនិញ​ថ្ម​ធម្មជាតិ​មិន​ទាន់​កែច្នៃ​ទម្រង់​ផ្ទាំង​ចំនួន ២​បន្ទាត់​ពន្ធ​នៃ​តារាង​ពន្ធ​ពី ៣០% មក ៥% រួម​ទាំង​មុខទំនិញ​ថ្ម​ធម្មជាតិ​កែច្នៃ​ចំនួន ១២​បន្ទាត់​ពន្ធ​នៃ​តារាង​ពន្ធ​ពី ២០% មក ០%។

ជុំវិញ​ការ​បញ្ចុះ​ពន្ធ​នាំចេញ​នេះ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋ​ត្រូវ​ដំឡើង​ពន្ធ​នាំចេញ​លើ​ថ្ម​ភ្នំ ឬ​រក្សា​ពន្ធ​ដដែល ដើម្បី​បន្ធូរ​បន្ថយ​ពន្ធ​ទៅ​លើ​ប្រជារាស្ត្រ​ខ្មែរ​វិញ និង​បញ្ចៀស​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ តែ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បែរ​ជា​បញ្ចុះ​ពន្ធ​នាំចេញ​លើ​ថ្ម​ធម្មជាតិ (ថ្ម​ភ្នំ) មិន​ទាន់​កែច្នៃ និង​ថ្ម​ធម្មជាតិ​មិន​ទាន់​កែច្នៃ​ទម្រង់​ផ្ទាំង​ទៅ​វិញ។

លោក​ចាត់ទុក​ការ​បញ្ចុះ​ពន្ធ​នាំចេញ​ថ្ម​នេះ​ថា​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​ឈ្មួញ​បំផ្លាញ​ភ្នំ បំផ្លាញ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ហើយ​រដ្ឋ​មិន​ទទួល​បាន​ពន្ធ ឬ​ទទួល​បាន​ពន្ធ​តិចតួច​ជាង​មុន។

លើស​ពី​នេះ លោក អ៊ុំ សំអាន ថា​លោក ហ៊ុន ម៉ាណែត កំពុង​គប់គិត​ជាមួយ​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ត្រកូល​ហ៊ុន ដើម្បី​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ និង​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​បក្ខពួក​របស់​ខ្លួន និង​ក្រុមហ៊ុន​របស់​គ្រួសារ​ត្រកូល​ហ៊ុន​នាំចេញ​ថ្ម​ភ្នំ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អះអាង​ថា ការ​បញ្ចុះ​ពន្ធ​នាំចេញ​របស់​លោក ហ៊ុន ម៉ាណែត ជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ ហើយ​មក​គាប និង​ច្របាច់​ក​ពលរដ្ឋ​ខ្មែរ​ឲ្យ​បង់​ពន្ធ​ជំនួស​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​គ្រួសារ​ត្រកូល​ហ៊ុន​ដែល​កំពុង​រកស៊ី​នាំចេញ​ថ្ម​ភ្នំ​ទៅ​វិញ។

ការ​លើកឡើង​របស់​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ពេល​រដ្ឋាភិបាល​ក្បាល​ធំ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុង​ចាត់​វិធានការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ​លើ​មុខទំនិញ​ចំនួន ២០​ប្រភេទ​ខុសៗ​គ្នា ហើយ​វិធានការ​នេះ​គ្រោង​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស