ពលរដ្ឋរាប់រយគ្រួសាររស់នៅស្រុកបាណន់ ខេត្តបាត់ដំបង បានរិះគន់អាជ្ញាធរខេត្តនេះថាគ្មានសមត្ថភាពការពារទ្រព្យសម្បត្តិរបស់រដ្ឋ និងសម្ដែងការសោកស្តាយចំពោះវិនាសកម្មធនធានធម្មជាតិភ្នំជាង ២០ ដែលត្រូវបានក្រុមហ៊ុនចិន ក្រុមហ៊ុនវៀតណាម និងក្រុមអ្នកមានអំណាចមួយចំនួន ធ្វើអាជីវកម្មជីកគាស់កាយយកថ្មមានតម្លៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
តំណាងពលរដ្ឋរស់នៅឃុំតាគ្រាម ស្រុកបាណន់ ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ភ្នំដែលក្រុមហ៊ុនចិន ក្រុមហ៊ុនវៀតណាម និងអ្នកមានអំណាចជីកគាស់កាយដើម្បីយកថ្មមានតម្លៃ រួមមាន៖
- ភ្នំតាគ្រាម
- ភ្នំថ្មក្រហម
- ភ្នំអន្សែ
- ភ្នំប៉ើយស្វាយ
- ភ្នំពពូល
- ភ្នំតាត្រងោល និង
- ភ្នំគល់ ជាដើម
ភ្នំទាំងនេះគឺជាអត្តសញ្ញាណប្រវត្តិសាស្ត្រដ៏មានតម្លៃកំពុងឈានទៅរកបាត់បង់ទាំងស្រុង ឬរាបដល់ដី ប្រសិនបើអាជ្ញាធរមិនទប់ស្កាត់ឲ្យបានទាន់ពេលវេលានោះទេ។
ពលរដ្ឋនៅទីនោះនិយាយថា ភ្នំធម្មជាតិទាំងនោះខ្លះខូចរូបរាង ខ្លះទៀតបាត់បង់ទាំងស្រុង ដែលបង្កប៉ះពាល់ទាំងបរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋជាច្រើនគ្រួសារនៅក្បែរនោះ។

ពលរដ្ឋខេត្តបាត់ដំបង បានលើកឡើងថា ការរំលាយភ្នំធ្វើអាជីវកម្មពីសំណាក់អ្នកមានអំណាច និងក្រុមហ៊ុនឯកជនទាំងនេះ គឺពុំផ្តល់ប្រយោជន៍ដល់ពលរដ្ឋមូលដ្ឋានទាល់តែសោះ តែផ្ទុយទៅវិញ ពលរដ្ឋបែរជារងគ្រោះសព្វគ្រប់បែបយ៉ាងរួមមាន ប៉ះពាល់ជីវភាព បាត់បង់កន្លែងរកអនុផលព្រៃឈើ ហុយថ្មកំបោរប៉ះពាល់ស្រូវកសិកម្ម និងធូលីដីហុយខ្លាំងនៅខែប្រាំង ដែលធ្វើឲ្យកុមារជាច្រើននាក់មានជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ។
អ្នកភូមិធ្លាប់ស្នើឱ្យរដ្ឋាភិបាលអភិរក្សភ្នំទាំងនេះជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ព្រោះមានល្អាងភ្នំដ៏ស្រស់ល្អាត ពុំគួររំលាយធ្វើអាជីវកម្មនោះទេ។ ទន្ទឹមនឹងនេះ ពលរដ្ឋភាគច្រើនមិនពេញចិត្តចំពោះការរំលាយភ្នំនេះទេ ក៏ប៉ុន្តែពួកគេមិនហ៊ានរិះគន់ ព្រោះខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ។

តំណាងពលរដ្ឋបន្ថែមថា អាជ្ញាធរព្យាយាមលាក់បាំងព័ត៌មានអំពីអាជីវកម្មរបស់ក្រុមហ៊ុនទាំងនេះ ដោយសារអាជ្ញាធរមានការឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយ។ ភ្នំជាង ២០ ដែលក្រុមហ៊ុនចិន ក្រុមហ៊ុនវៀតណាម និងអ្នកមានអំណាចជីកគាស់កាយយកថ្មមានតម្លៃ រួមមាន ថ្មម៉ាប ថ្មកែវ និងថ្មសំណង់ ជាដើម។
ពួកគេអះអាងថា ក្រុមហ៊ុនទាំងនេះគ្មានច្បាប់អនុញ្ញាត និងអាជ្ញាប័ណ្ណត្រឹមត្រូវនោះទេ ហើយក្រុមហ៊ុនចាប់ផ្តើមជីកកាយភ្នំតាំងពីឆ្នាំ១៩៩៧ រហូតមកទល់បច្ចុប្បន្ន មិនទាន់ឃើញអាជ្ញាធរបង្ហាញអាជ្ញាប័ណ្ណ និងផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹងអំពីអាជីវកម្មទាំងនេះនៅឡើយទេ។
ពលរដ្ឋលើកឡើងទៀតថា សកម្មភាពកាយភ្នំ គឺធ្វើឱ្យបាត់បង់ព្រៃព្រឹក្សា ជម្រកសត្វព្រៃ និងធនធានធម្មជាតិដែលដុះព័ទ្ធជុំវិញភ្នំ ជាពិសេសធ្វើឱ្យប្រែប្រួលស្ថានភាពដងភ្នំដែលធ្លាប់ផ្តល់ម្លប់បៃតងស្រស់ស្អាត ហើយបានក្លាយជាកន្លែងការដ្ឋានសាងសង់បែបអនាធិបតេយ្យទៅវិញ។
អ្នកស្រុកបាណន់ ខ្លះសម្ដែងការសោកស្តាយភ្នំជាពន់ពេក ព្រោះភ្នំមួយចំនួនស្ទើរតែរាបដល់ដី និងមានភ្នំខ្លះខូចរូបរាងជាបណ្តើរៗហើយ។ ពលរដ្ឋថា បច្ចុប្បន្ននេះគឺមានគ្រឿងចក្ររាប់រយគ្រឿងត្រូវបានពង្រាយតាមការដ្ឋានកាយភ្នំ ក្នុងឃុំតាគ្រាម ស្រុកបាណន់។
អ្នកស្រុកបាណន់ បន្ថែមថា អាជីវកម្មរំលាយភ្នំធម្មជាតិដ៏ស្រស់ស្អាតទាំងនេះ បើទោះបីជាធ្វើឡើងជាច្រើនឆ្នាំមកហើយក្តី ប៉ុន្តែពុំឃើញអាជ្ញាធរផ្សព្វផ្សាយជាសាធារណៈបង្ហាញពីគម្រោងវិនិយោគ និងគោលការណ៍អនុបយោគនៅឡើយទេ។

ពលរដ្ឋមួយចំនួនតូចរស់នៅឃុំចំនួន ៤ ក្នុងឃុំតាគ្រាម ក៏ធ្លាប់លើកគ្នាតវ៉ាម្ដងមកហើយ ដោយសារហុយដីខ្លាំងពេក និងប៉ះពាល់ស្រែចម្ការ ច្បារដំណាំ ដោយសារក្រុមហ៊ុនបង្ហូរថ្មកំបោរចូលដីស្រែរបស់អ្នកភូមិ។
អ្នកសារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំការអធិប្បាយពីអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានទេ ព្រោះលោកមិនលើកទូរស័ព្ទនៅថ្ងៃនេះ។
ច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា១៦ ចែងថា ទ្រព្យសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានទេ ហើយទ្រព្យកម្មសិទ្ធិទាំងនោះក៏មិនអាចកំណត់អាជ្ញាយុកាលបានឡើយ៕