រដ្ឋាភិបាលបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា បើទោះបីមានអ្នកស្ម័គ្រចិត្តទៅធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលកំពុងវាយលុកដោយប្រទេសរុស្ស៊ីក៏ដោយ លោកនឹងមិនអនុញ្ញាតឡើយ ដើម្បីទប់ស្កាត់កុំឱ្យភ្លើងសង្គ្រាមកាន់តែរីករាលដាលខ្លាំងថែមទៀត។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ មេដឹកនាំកម្ពុជាដែលក្រាញអំណាចតត្រកូលយូរជាងគេនៅអាស៊ីរូបនេះ អះអាងថា ប៉ុន្មានថ្ងៃមកនេះ ពលរដ្ឋខ្មែរមួយចំនួនដោយមានទាំងកូនក្មេងផង ហាក់ចាប់អារម្មណ៍ទៅនឹងសង្គ្រាមដែលវាយលុកដោយប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
លោកបន្តថា ទោះបីជាពលរដ្ឋមួយចំនួនបានចាប់អារម្មណ៍ដោយបង្ហាញការស្ម័គ្រចិត្តចូលបម្រើជាកងទ័ព ដើម្បីទៅជួយអ៊ុយក្រែន ប៉ុន្តែលោកមិនផ្ដល់ឱកាសឱ្យទៅនោះទេ ដោយលោកចាត់ទុកការទៅជួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី ថាជាការយកសាំងចាក់លើភ្លើងដែលកំពុងឆេះដោយមិនងាយនឹងពន្លត់នោះទេ។
លោកបន្តថា រដ្ឋាភិបាលអនុញ្ញាតតែកងទ័ពមួកខៀវក្រោមឆត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ករណីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន លោក ពូទីន ទាមទារ ៤លក្ខខណ្ឌដើម្បីសន្តិសុខរុស្ស៊ីទៅអនាគត។ លក្ខខណ្ឌនោះអាចអនុវត្តតាមបានតែមួយចំណុចប៉ុណ្ណោះអំពីអ៊ុយក្រែន គឺត្រូវអព្យាក្រឹត្យ ប៉ុន្តែបីចំណុចទៀតអនុវត្តមិនបានទេ ព្រោះជាផ្លូវឆ្ពោះទៅរកការប្រល័យពូជសាសន៍ និងទឹកដីសម្រាប់អ៊ុយក្រែន។
លោកបន្តទៀតថា លក្ខខណ្ឌបីទៀតនោះ គឺអ៊ុយក្រែនត្រូវទទួលស្គាល់ទឹកដីគ្រីមៀរ ជារបស់រុស្ស៊ី រំសាយកងទ័ពទាំងមូល ដករដ្ឋាភិបាលបច្ចុប្បន្នចេញ បង្កើតរដ្ឋាភិបាលថ្មីក្នុងជំហរនយោបាយលម្អៀងទៅរកក្រុងមូស្គូ។
យ៉ាងណា ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្តើមកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ីនៅតែបន្តព្យាយាមដាក់សម្ពាធលើអ៊ុយក្រែន តាមរយៈការចលនាទ័ពរបស់ខ្លួនចូលឈ្លានពានទឹកដីប្រទេសអ៊ុយក្រែន។
សង្គ្រាមនៅអ៊ុយក្រែន ដែលកើតឡើងដោយសារការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី បានអូសអន្លាយរយៈពេល ១១ថ្ងៃមកហើយគិតរហូតមកដល់ពេលនេះ។
ការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដី ឬអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន ត្រូវបានសហភាពអឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនផ្សេងទៀតសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី ដែលដឹកនាំដោយប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន៕