30 C
Phnom Penh

ក្រុម​មេធាវី​លោក កឹម សុខា ថា​វីដេអូ​ដែល​តុលាការ​យក​មក​ចោទប្រកាន់​ជា​វីដេអូ​កាត់ត​មិន​ដាក់​បន្ទុក​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា វីដេអូ​ដែល​តុលាការ​យក​មក​ធ្វើជា​ដើមចម​នៃ​ការ​ចោទប្រកាន់​កូនក្ដី​របស់​ខ្លួន​មាន​រយៈពេល​ជិត ៣​នាទី​នោះ គឺជា​វីដេអូ​កាត់ត មិន​ឆ្លុះបញ្ចាំង​ពី​អត្ថន័យ​ពិតប្រាកដ​ដើម្បី​ធ្វើ​ការ​ចោទប្រកាន់​បាន​ឡើយ។

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ មីនា នេះ​ថា ក្រុម​មេធាវី​បាន​ដាក់​វីដេអូ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ទាំងមូល​របស់​លោក កឹម សុខា កាលពី​ឆ្នាំ​២០១៣ ដែល​មាន​រយៈពេល​ជាង ១​ម៉ោង ជា​ភស្តុតាង​ដើម​ដំបូង​ដែល​អាច​បញ្ជាក់​ថា​វីដេអូ​ដែល​ភាគី​ខាង​ដើមចោទ​យក​មក​ធ្វើជា​ដើមចម​នៃ​ការ​ចោទប្រកាន់​ដែល​មាន​រយៈពេល​ជិត ៣​នាទី គឺជា​វីដេអូ​កាត់​ខុស​ខ្លឹមសារ​ដើម​សុទ្ធសាធ។

អ្នកស្រី ម៉េង សុភារី អះអាង​ថា សហ​មេធាវី​ទាំងអស់​របស់​លោក កឹម សុខា បាន​ព្យាយាម​បង្ហាញ​ពី​ចំណុច​ខុសគ្នា​របស់​វីដេអូ​ដើម និង​វីដេអូ​កាត់ត ថា​ចំណុច​ណា​ដែល​បាន​កាត់ចេញ និង​ចំណុច​ណា​ដែល​បាន​យក​មក​តភ្ជាប់​គ្នា ត្បិត​ខ្លឹមសារ​សំខាន់ៗ​ជាច្រើន​ទៀត​ក្នុង​វីដេអូ​ដើម​ដែល​ឆ្លុះបញ្ចាំង​ពី​ជំហរ និង​ឆន្ទៈ​ពិតប្រាកដ​របស់​លោក កឹម សុខា ត្រូវ​បាន​ភាគី​ដើមចោទ​ដកចេញ​ទាំងអស់។

មេធាវី​រូប​នេះ​បញ្ជាក់​ថា សារ​សំឡេង​កូនក្ដី​របស់​ខ្លួន​ជាង ១​ម៉ោង​ក្នុង​វីដេអូ​នោះ​មិន​មាន​ពាក្យពេចន៍​ត្រង់​ណា​លើកឡើង​ពី​ការ​ប្រមូល​កម្លាំង​ពលរដ្ឋ​ទៅ​ធ្វើ​បដិវត្ត​ពណ៌ ឬ​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ពាក្យ​ដែល​លោក កឹម សុខា និយាយ​ដើម្បី​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​មាន​ច្រើន​ណាស់​ដែល​ក្រុម​មេធាវី​បាន​ដាក់​ជូន​តុលាការ​ជា​ភស្តុតាង​ជាហូរហែ។

ប្រភព​ដដែល​បញ្ជាក់​ថា ខ្លឹមសារ​ក្នុង​វីដេអូ​ដើម​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ភាព​ស្អាតស្អំ​របស់​លោក កឹម សុខា ហើយ​ខ្លឹមសារ​ទាំងនោះ ភាគី​ដើមចោទ​មិន​ដែល​លើក​យក​មក​បង្ហាញ​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ ការ​បង្ហាញ​ពី​ភាព​ស្អាតស្អំ និង​ការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​របស់​លោក កឹម សុខា ត្រូវ​បាន​គេ​បំភ្លៃ​ថា​ជា​ការ​ភូត​កុហក និង​ជា​ការ​បំភ័ន្ត​សាធារណមតិ​ទៅវិញ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​ក្រុម​មេធាវី និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា​កំពុង​ព្យាយាម​បំភ្លៃ​សាធារណមតិ​តាមរយៈ​វីដេអូ​ភស្តុតាង​របស់​ខ្លួន។

កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា និង​មេធាវី​របស់​គាត់​កំពុង​ព្យាយាម​បំភ្លៃ​សាធារណមតិ​អំពី​វីដេអូ​ដែល​ជា​ភស្តុតាង​ក្នុង​សំណុំរឿង​ចោទប្រកាន់​លោក កឹម សុខា ថា​ជា​វីដេអូ​កាត់ត ព្រោះ​ពួកគេ​ដឹង​ថា​ចំណុច​ស្លាប់​រស់​ក្នុង​សំណុំរឿង​នេះ គឺជា​ភស្តុតាង​វីដេអូ​ឃ្លីប​នេះ​តែម្តង និង​គួបផ្សំ​ជាមួយ​ភស្តុតាង​ជាច្រើន​ផ្សេង​ទៀត។

យ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក ហ៊ីង សុខសាន្ត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៧ មីនា នេះ​ដែរ​ថា ការ​បកស្រាយ​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន គឺ​កំពុងតែ​បំភ្លៃ​មតិ​សាធារណៈ​យ៉ាង​ពិតប្រាកដ ព្រោះ​ថា​បើ​មាន​ភស្តុតាង​រឹងមាំ​សម្រាប់​ចោទប្រកាន់​លើ​លោក កឹម សុខា មែន ហេតុ​ដូចម្តេច​ក៏​មិន​កាត់ទោស​តាម​ច្បាប់ មិន​គួរ​អូស​បន្លាយ​ពេល​ដូច​សព្វថ្ងៃ​នេះ​ទេ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​លើកឡើង​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ជា​សំណុំរឿង​ដែល​ត្រូវ​រក​យុត្តិធម៌​តាម​ផ្លូវច្បាប់ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំជម្រះ​កាត់​សេចក្តី​រួចស្រេច​ទៅ​ហើយ ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំជម្រះ​ក្តី​ជាបន្តបន្ទាប់ ដូច្នេះ​បញ្ហា​នេះ​ត្រូវ​គេ​ដឹង​យ៉ាង​ច្បាស់​ថា គឺជា​រឿង​នយោបាយ​ប៉ុណ្ណោះ។

យោង​តាម​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា បើ​មាន​ធាតុផ្សំ​ណា​មួយ​នៅ​មាន​ការ​សង្ស័យ តុលាការ​ត្រូវតែ​ឱ្យ​ជនជាប់ចោទ​រួច​ខ្លួន​ជាដាច់ខាត មិន​អាច​បន្ត​ឃុំ​ខ្លួន​ទៀត​បាន​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​តាម​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះជាយ៉ាងណាក៏ដោយ រហូត​មក​ទល់នឹង​ពេលនេះ​មាន​រយៈពេល​ជិត ៥​ឆ្នាំ​ហើយ ប៉ុន្តែ​តុលាការ​មិន​ទាន់​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​សវនាការ​ចេះតែ​ដំណើរការ​បន្ត​ដោយ​ពុំ​មាន​កាលកំណត់​ជាក់លាក់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស