28 C
Phnom Penh

លោក ស ខេង នឹង​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ខណៈ​ស្ថានទូត​អាល្លឺម៉ង់​អំពាវនាវ​ឲ្យ​វិល​ចូល​តុ​ចរចា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ទី​៩ មីនា នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ (NAGA World) ខណៈ​ស្ថានទូត​អាល្លឺម៉ង់ អំពាវនាវ​ជា​ថ្មី​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិវាទ​ការងារ​វិល​ចូល​តុ​ចរចា ដើម្បី​ស្វែងរក​ដំណោះស្រាយ។

យោង​តាម​លិខិត​អញ្ជើញ​មួយ​ច្បាប់​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២២ ដែល​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​៨ មីនា នេះ បាន​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នឹង​ចូលរួម​ដោយ​ផ្ទាល់​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២២ នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង ១​រសៀល។

លិខិត​ដដែល​អះអាង​ថា កិច្ចប្រជុំ​នេះ​នឹង​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក នេត សាវឿន អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត រួម​ទាំង​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង។

ក្រៅពី​ក្រសួង​សមត្ថកិច្ច ក៏​មាន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ។

ចំណែក​ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា នៅ​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ក៏​បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ដោយ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិវាទ​ការងារ​ណាហ្គា​វើលដ៍ វិល​ចូល​តុ​ចរចា ដើម្បី​ស្វែងរក​ដំណោះស្រាយ។

តាមរយៈ​សេចក្ដី​ថ្លែងការណ៍​មួយ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​៨ មីនា នេះ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា លោក Christian Berger បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​វិល​មក​រក​តុ​ចរចា​ឡើងវិញ ដោយ​ថា​ការ​ចរចា​អាច​ជោគជ័យ​ទៅ​បាន លុះត្រា​មាន​ការចូលរួម​របស់​អ្នក​តំណាង​ដែល​ត្រូវ​បាន​ជ្រើសរើស។ លើស​ពី​នេះ អ្នក​ដែល​ចរចា​ក៏​មិន​ត្រូវ​ភ្លេច​ដែរ ដើម្បី​ស្វែងរក​ការ​សម្រុះសម្រួល​គ្នា​ដោយ​សុចរិត និង​ជា​ផលប្រយោជន៍​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ការ​ជំរុញ​ជា​ថ្មី​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ ដោយ​រារាំង រុញច្រាន​ទាំង​បង្ខំ ដើម្បី​ឱ្យ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចូល​ក្នុង​រថយន្តក្រុង​រួច​ដឹក​បញ្ជូន​ទៅ​ទុក​នៅ​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែកព្នៅ។

ក្នុង​ឱកាស​ទិវា​នាទី​អន្តរជាតិ ៨ មីនា ខួប​ទី​១១១ នេះ ក្រុម​សង្គម​ស៊ីវិល​បាន​នាំគ្នា​បង្ហោះ​ប៉េងប៉ោង និង​កាន់​បដា​ភ្ជាប់​ជាមួយ​រូបថត ដោយ​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ណាហ្គា​វើលដ៏។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​លើកឡើង​ថា សិទ្ធិ​ស្ត្រី​នឹង​ត្រូវ​បាន​ធានា និង​លើក​កម្ពស់​នៅ​ពេល​ដែល​ស្ត្រី​យល់ដឹង​អំពី​សិទ្ធិ​របស់​ពួកគាត់ និង​ហ៊ាន​ប្រើប្រាស់​សិទ្ធិ​របស់​គាត់ ហ៊ាន​ក្រោកឈរ​ដើម្បី​ការពារ ទប់ស្កាត់ លុបបំបាត់ នៅ​ពេល​ដែល​មាន​ការ​រំលោភបំពាន​សិទ្ធិ​ការងារ និង​ភាព​អយុត្តិធម៌​ក្នុង​សង្គម។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិតជា​កោតសរសើរ​នូវ​ការ​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត ប្រកប​ដោយ​វិន័យ និង​សណ្ដាប់ធ្នាប់ ដោយ​អហិង្សា និង​សន្តិវិធី ដើម្បី​ការពារ​សិទ្ធិ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

គិត​មក​ដល់​ថ្ងៃ​នេះ វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​អូស​បន្លាយ​ជាង ២​ខែ​មក​ហើយ។ ការ​អូស​បន្លាយ​នេះ បាន​ឈាន​ទៅដល់​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ និង​សកម្មជន​សហជីព​ចំនួន ១១​នាក់​ដាក់​ពន្ធនាគារ​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស