38 C
Phnom Penh

អាជ្ញាធរ​ជាតិ​អប្សរា៖ ការ​យក​ទង់ជាតិ​ខ្មែរ​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់​គឺជា​ការ​ប្រមាថ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា អះអាង​ថា ការ​យក​ទង់ជាតិ​ដែល​ជា​និមិត្តរូប​របស់​ជាតិ​ខ្មែរ​មក​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់ មិនមែន​ជា​ការ​គោរព​ស្រឡាញ់​ទង់ជាតិ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ប្រមាថ​ជាតិ​ឯង​ទៅវិញ។

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា លោក ឡុង កុសល អះអាង​កាលពី​ថ្ងៃ​ទី​០៧ ខែ​មីនា នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវតែ​គោរព​ទង់ជាតិ​របស់​ខ្លួន​ដោយ​ស្មារតី​ស្នេហាជាតិ ស្រឡាញ់​ទឹកដី​ដែល​ជាតិ​មាតុភូមិ​របស់​ខ្លួន​ដោយ​ពិតប្រាកដ។ ទង់ជាតិ​គឺជា​រូប​តំណាង​ដើម្បី​រំឭក​ដល់​វីរជន​ខ្មែរ​ដែល​បាន​ពលី​ក្នុង​សង្គ្រាម​ការពារ​ជាតិ ប្រជាជន និង​ទឹកដី​នា​ពេល​កន្លងមក។

ប្រភព​ដដែល​អះអាង​ថា ការ​យក​រូប​សញ្ញា​ទង់ជាតិ​មក​ច្នៃ​ម៉ូត​សម្លៀកបំពាក់ គឺជា​ការប្រមាថ​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​នៅ​ពេល​ដែល​គេ​ស្លៀកពាក់​ជា​អាវ ឬ​ជា​ខោ ពួកគេ​ច្បាស់​ជា​អង្គុយ​លើ​សម្លៀកបំពាក់​របស់​ពួកគេ​ជាមិនខាន។ ដូច្នេះ ប្រៀប​បាន​នឹង​អង្គុយ​លើ​ទង់​តំណាង​ឱ្យ​ជាតិ​ខ្មែរ​ទាំងមូល​ដូច្នោះ​ដែរ។

លោក ឡុង កុសល បាន​លើកឡើង​ថា ប្រសិនបើ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ពី​ទឹកចិត្ត​ស្រឡាញ់​ជាតិ​ពិត​មែន គឺ​នៅ​ពេល​មក​ទស្សនា​តំបន់​អង្គរ​ដែល​ជា​សម្បត្តិ​វប្បធម៌ និង​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ៖

  • ពលរដ្ឋ​គួរ​ជួយ​ចូលរួម​ការពារ​បរិស្ថាន
  • កុំ​បោះ​សំរាម​ចោល​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ
  • ត្រូវ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចូល​តំបន់​អង្គរ
  • កុំ​ដើរ​ជាន់​ស្មៅ​ដែល​នាំ​ឱ្យ​ខូច​សោភណភាព
  • កុំ​យក​អាហារ​ទៅ​ទទួលទាន​នៅ​ទីតាំង​ហាមឃាត់​ក្នុង​តំបន់​បេតិកភណ្ឌ
  • កុំ​ទិញ​លក់​ដី និង​សង់​សំណង់​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ ដើម្បី​កុំ​ឱ្យ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ និង​ស្ទះ​ផ្លូវ ជាដើម។

ការ​អះអាង​នេះ ធ្វើ​ឡើង​ដើម្បី​ណែនាំ​ដល់​សាធារណជន​កុំ​ឱ្យ​យក​ទង់ជាតិ​របស់​ខ្មែរ​ដែល​ជា​រូប​តំណាង​របស់​ជាតិ ទៅ​កែច្នៃ​ធ្វើជា​សម្លៀកបំពាក់​ដែល​គេ​ចាត់ទុក​ថា​ជា​ការ​ប្រមាថ​លើ​កិត្តិយស​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទង់ជាតិ​ដែល​ជា​រូប​តំណាង​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សម្រាប់​ជាតិ​ខ្មែរ​ទាំងមូល​ចាប់តាំង​ពី​ឆ្នាំ​១៩៩៣ មក ដែល​មាន ៣​ពណ៌ គឺ​ពណ៌​ខៀវ ពណ៌​ក្រហម និង​មាន​រូប​ប្រាសាទ​ពណ៌​ស​នៅ​កណ្តាល ក្នុង​នោះ​ពណ៌​ខៀវ​តំណាង​ឱ្យ​សាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព និង​អហិង្សា ចំណែក​ពណ៌​ក្រហម​តំណាង​ឲ្យ​ស្មារតី​អង់អាច ក្លាហាន ដើម្បី​ទឹកដី និង​រូប​ប្រាសាទ​អង្គរ​ពណ៌​ស តំណាង​ឱ្យ​អរិយធម៌​ខ្មែរ​ដ៏​រុងរឿង​នា​សម័យ​មហានគរ។

ទាក់ទិន​នឹង​បញ្ហា​នេះ មាន​មតិ​រិះគន់​ជាច្រើន​ជុំវិញ​ការ​ប្រើ​រូប​តំណាង​របស់​ជាតិ ដូចជា​ប្រាសាទ​អង្គរវត្ត ជាដើម ដែល​បាន​ឆ្លាក់​លើ​ទង់ជាតិ​របស់​ខ្មែរ​ដែល​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​ផ្ទុយពី​ខ្លឹមសារ​ពិត ដែល​ជាតិ​ខ្មែរ​បាន​ផ្តល់​ឱ្យ។ ជាក់ស្តែង រូប​ប្រាសាទ​អង្គរ​ដែល​មាន​វត្តមាន​លើ​ទង់ជាតិ​របស់​ខ្មែរ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​ដាក់​លើ​ផលិតផល​ស្រាបៀ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា Mengly Thy បាន​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​របស់​អាជ្ញាធរ​ជាតិ​អប្សរា (Apsara National Authority) ថា រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ស្រាបៀ​យក​សម្បត្តិ​ជាតិ​ទៅ​បិទ​លើ​កំប៉ុង។ ពេល​គេ​ផឹក​អស់ គេ​គ្រវែង​កំប៉ុង​ទៅលើ​ដី ហើយ​គេ​ជាន់​ឱ្យ​សំប៉ែត​លក់​ឱ្យ​អេតចាយ​រហូត​មក សូម្បី​នាយករដ្ឋមន្ត្រី​ខ្មែរ​ក៏​មិន​ខ្វល់​ពី​បញ្ហា​នេះ​ផង។ ប្រភព​ដដែល​អះអាង​ថា ដូច្នេះ​គ្រាន់តែ​យក​រូប​សញ្ញា​ទង់ជាតិ​មក​ច្នៃ​ជា​សម្លៀកបំពាក់​ដើម្បី​ពាក់​បង្ហាញ​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ហេតុ​ដូចម្តេច​បាន​ជា​អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា​ចាត់ទុក​ថា​ជា​ការ​ប្រមាថ​ជាតិ​ទៅវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ មីនា នេះ​ថា អង្គរវត្ត​មិន​បាន​បង្ហាញ​អំពី​ភាព​អស្ចារ្យ​របស់​ខ្លួន​ឲ្យ​មនុស្ស​សាមញ្ញ​បាន​ឃើញ​ពី​តម្លៃ​របស់​ខ្លួន​នោះ​ទេ ព្រោះ​ថា​តាម​ដែល​លោក​សង្កេត​កន្លងមក អ្នក​ដែល​អួត​ថា​បាន​យល់​ច្បាស់​ពី​តម្លៃ​របស់​អង្គរ ក៏​មិនទាន់​អាច​លើក​កិត្តិយស​អង្គរ​ឱ្យ​ស័ក្តិសម​នឹង​កេរ្តិ៍​ឈ្មោះ​អង្គរ​ដែល​ធ្លាប់​ល្បីល្បាញ​លើ​សកលលោក ជា​អរិយ​ប្រទេស​នា​សម័យកាល​បុរាណ​នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស