អាជ្ញាធរជាតិអប្សរាកម្ពុជា អះអាងថា ការយកទង់ជាតិដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់ មិនមែនជាការគោរពស្រឡាញ់ទង់ជាតិនោះទេ ប៉ុន្តែជាការប្រមាថជាតិឯងទៅវិញ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាកម្ពុជា លោក ឡុង កុសល អះអាងកាលពីថ្ងៃទី០៧ ខែមីនា នេះថា ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែគោរពទង់ជាតិរបស់ខ្លួនដោយស្មារតីស្នេហាជាតិ ស្រឡាញ់ទឹកដីដែលជាតិមាតុភូមិរបស់ខ្លួនដោយពិតប្រាកដ។ ទង់ជាតិគឺជារូបតំណាងដើម្បីរំឭកដល់វីរជនខ្មែរដែលបានពលីក្នុងសង្គ្រាមការពារជាតិ ប្រជាជន និងទឹកដីនាពេលកន្លងមក។
ប្រភពដដែលអះអាងថា ការយករូបសញ្ញាទង់ជាតិមកច្នៃម៉ូតសម្លៀកបំពាក់ គឺជាការប្រមាថជាតិខ្មែរយ៉ាងធ្ងន់ធ្ងរ ព្រោះថានៅពេលដែលគេស្លៀកពាក់ជាអាវ ឬជាខោ ពួកគេច្បាស់ជាអង្គុយលើសម្លៀកបំពាក់របស់ពួកគេជាមិនខាន។ ដូច្នេះ ប្រៀបបាននឹងអង្គុយលើទង់តំណាងឱ្យជាតិខ្មែរទាំងមូលដូច្នោះដែរ។
លោក ឡុង កុសល បានលើកឡើងថា ប្រសិនបើចង់បង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែន គឺនៅពេលមកទស្សនាតំបន់អង្គរដែលជាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌរបស់មនុស្សជាតិ៖
- ពលរដ្ឋគួរជួយចូលរួមការពារបរិស្ថាន
- កុំបោះសំរាមចោលនៅក្នុងរមណីយដ្ឋានអង្គរ
- ត្រូវធ្វើដំណើរថ្មើរជើងចូលតំបន់អង្គរ
- កុំដើរជាន់ស្មៅដែលនាំឱ្យខូចសោភណភាព
- កុំយកអាហារទៅទទួលទាននៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ
- កុំទិញលក់ដី និងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ ដើម្បីកុំឱ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈ និងស្ទះផ្លូវ ជាដើម។
ការអះអាងនេះ ធ្វើឡើងដើម្បីណែនាំដល់សាធារណជនកុំឱ្យយកទង់ជាតិរបស់ខ្មែរដែលជារូបតំណាងរបស់ជាតិ ទៅកែច្នៃធ្វើជាសម្លៀកបំពាក់ដែលគេចាត់ទុកថាជាការប្រមាថលើកិត្តិយសជាតិខ្មែរយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថា ទង់ជាតិដែលជារូបតំណាងប្រទេសកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ជាតិខ្មែរទាំងមូលចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលមាន ៣ពណ៌ គឺពណ៌ខៀវ ពណ៌ក្រហម និងមានរូបប្រាសាទពណ៌សនៅកណ្តាល ក្នុងនោះពណ៌ខៀវតំណាងឱ្យសាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព និងអហិង្សា ចំណែកពណ៌ក្រហមតំណាងឲ្យស្មារតីអង់អាច ក្លាហាន ដើម្បីទឹកដី និងរូបប្រាសាទអង្គរពណ៌ស តំណាងឱ្យអរិយធម៌ខ្មែរដ៏រុងរឿងនាសម័យមហានគរ។
ទាក់ទិននឹងបញ្ហានេះ មានមតិរិះគន់ជាច្រើនជុំវិញការប្រើរូបតំណាងរបស់ជាតិ ដូចជាប្រាសាទអង្គរវត្ត ជាដើម ដែលបានឆ្លាក់លើទង់ជាតិរបស់ខ្មែរដែលត្រូវគេយកទៅប្រើប្រាស់ផ្ទុយពីខ្លឹមសារពិត ដែលជាតិខ្មែរបានផ្តល់ឱ្យ។ ជាក់ស្តែង រូបប្រាសាទអង្គរដែលមានវត្តមានលើទង់ជាតិរបស់ខ្មែរ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យដាក់លើផលិតផលស្រាបៀផងដែរ។
ជុំវិញបញ្ហានេះ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mengly Thy បានសរសេរក្នុងប្រអប់បញ្ចេញមតិរបស់អាជ្ញាធរជាតិអប្សរា (Apsara National Authority) ថា រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនស្រាបៀយកសម្បត្តិជាតិទៅបិទលើកំប៉ុង។ ពេលគេផឹកអស់ គេគ្រវែងកំប៉ុងទៅលើដី ហើយគេជាន់ឱ្យសំប៉ែតលក់ឱ្យអេតចាយរហូតមក សូម្បីនាយករដ្ឋមន្ត្រីខ្មែរក៏មិនខ្វល់ពីបញ្ហានេះផង។ ប្រភពដដែលអះអាងថា ដូច្នេះគ្រាន់តែយករូបសញ្ញាទង់ជាតិមកច្នៃជាសម្លៀកបំពាក់ដើម្បីពាក់បង្ហាញជាអត្តសញ្ញាណជាតិខ្មែរ ហេតុដូចម្តេចបានជាអាជ្ញាធរជាតិអប្សរាកម្ពុជាចាត់ទុកថាជាការប្រមាថជាតិទៅវិញ។
ទាក់ទិននឹងបញ្ហានេះ ប្រធានអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ មីនា នេះថា អង្គរវត្តមិនបានបង្ហាញអំពីភាពអស្ចារ្យរបស់ខ្លួនឲ្យមនុស្សសាមញ្ញបានឃើញពីតម្លៃរបស់ខ្លួននោះទេ ព្រោះថាតាមដែលលោកសង្កេតកន្លងមក អ្នកដែលអួតថាបានយល់ច្បាស់ពីតម្លៃរបស់អង្គរ ក៏មិនទាន់អាចលើកកិត្តិយសអង្គរឱ្យស័ក្តិសមនឹងកេរ្តិ៍ឈ្មោះអង្គរដែលធ្លាប់ល្បីល្បាញលើសកលលោក ជាអរិយប្រទេសនាសម័យកាលបុរាណនោះដែរ៕