27.5 C
Phnom Penh

អង្គការ​សហប្រជាជាតិ​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ឈប់​យក​ហេតុផល​កូវីដ​បង្ក្រាប​កូដករ​តវ៉ា​ដោយ​សន្តិវិធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ឲ្យ​ឈប់​យក​ហេតុផល​កូវីដ-១៩ ដើម្បី​បង្ក្រាប​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដែល​ធ្វើ​កូដកម្ម​ស្រប​ច្បាប់ និង​ឲ្យ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។

ការ​ទាមទារ​នេះ ធ្វើឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​៤៩ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ កន្លងមក។

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី មីឆែល ប៉ាហ្សេលែត បាន​បង្ហាញ​ក្ដី​កង្វល់​អំពី​ការ​ប្រើប្រាស់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ របស់​អាជ្ញាធរ ដើម្បី​បង្ក្រាប​កូដកម្ម​ស្រប​ច្បាប់​របស់​ក្រុម​បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើលដ៍។ អ្នកស្រី​ថា ការ​បន្ត​បង្ក្រាប​ទៅលើ​កូដករ​ណាហ្គា​វើលដ៍ ក្រោម​ហេតុផល​កូវីដ-១៩ នេះ​ថា​នឹង​ធ្វើ​ឱ្យ​លំហ​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល​កាន់តែ​ធ្លាក់​ចុះ ក្រោយ​ពី​មន្ត្រី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​អំពើ​ហិង្សា​នា​ពេល​ថ្មីៗ​នេះ ដែល​អាជ្ញាធរ​បាន​ចាប់​កូដករ​ជា​ស្ត្រី​ឡើង​លើ​ឡាន​ក្រុង និង​បាន​ដឹក​ចេញពី​កន្លែង​ធ្វើ​កូដកម្ម​ទាំង​បង្ខំ។

អ្នកស្រី មីឆែល ប៉ាហ្សេលែត បន្ត​ថា ការ​ការពារ​សេរីភាព​មូលដ្ឋាន​មាន​សារសំខាន់ ខណៈ​កម្ពុជា​ឈាន​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ នៅ​គ្រា​ដែល​គណបក្ស​ជំទាស់​ធំ​ជាងគេ​របស់​ប្រទេស​នេះ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួតប្រជែង​នៅឡើយ។

អ្នកស្រី​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ចូលរួម​ពិភាក្សា​ដើម្បី​ដោះស្រាយ​ទៅតាម​ការ​ទាមទារ​របស់​កូដករ​ឱ្យ​ស្រប​តាម​ផ្លូវច្បាប់ ដោយ​ថា​ក្រុម​កូដករ​ជាច្រើន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​បង្ខំ​ឱ្យ​ធ្វើ​តេស្ដ​ពិនិត្យ​ជំងឺ​កូវីដ-១៩​ជាច្រើន​ដង ដែល​វិធានការ​នេះ​ធ្វើឡើង​ផ្ទុយពី​ការ​អនុវត្ត​លើ​សាធារណជន​ទូទៅ។

ចំណែក​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​៩ មីនា នេះ ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន និង​ទម្លាក់​ការ​ចោទប្រកាន់​លើ​ពួកគេ រួម​ទាំង​ដោះស្រាយ​វិវាទ​បញ្ចប់​ការងារ​មួយ​នេះ។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋ​អាមេរិក នា​ពេលនេះ បាន​ធ្វើឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ បាន​ចាប់​កូដករ​ណាហ្គា​វើលដ៍ ១៨៣​នាក់​ទាំង​បង្ខំ​ដាក់​ចូល​រថយន្ត រួច​ដឹក​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​ព្រែកព្នៅ។ លើស​ពី​នេះ អាជ្ញាធរ​ក៏​បាន​ឃុំ​ខ្លួន​កូដករ​ជិត ២០០​នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២២ ទើប​បាន​ដោះលែង​ពួកគេ​វិញ។

វិធានការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ជាបន្តបន្ទាប់​នេះ ខណៈ​ពួកគេ​នៅតែ​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ជា​ថ្មី ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ដោះលែង​តំណាង​ពួកគេ​ទាំង ១១​នាក់ ហើយ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។

នៅ​ថ្ងៃ​ពុធ ទី​៩ មីនា នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍។ យ៉ាងណា កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជាមួយ​ភាគី​ពាក់ព័ន្ធ​នា​ថ្ងៃ​ពុធ​នេះ មិនទាន់​ដឹង​លទ្ធផល​នៅឡើយ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​អនុវត្ត​វិធាន​សុខាភិបាល​លើ​ក្រុម​កូដករ មិនមែន​ជា​ការ​រឹតត្បិត និង​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​វា​ជា​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូវីដ-១៩ ខណៈ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បាន​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ បាន​ល្អ​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត។

វិវាទ​ការងារ​រវាង​បុគ្គលិក​ជាមួយ​នឹង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ បាន​អូស​បន្លាយ​រយៈពេល​ជិត ៣​ខែ​មក​ហើយ ខណៈ​ការ​អូស​បន្លាយ​នេះ​បាន​ជំរុញ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព ១១​នាក់​ដាក់​ពន្ធនាគារ​ព្រៃស បន្ទាប់​ប្រើប្រាស់​សិទ្ធិ​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គោរព​សិទ្ធិ​កម្មករ និង​សហជីព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស