30 C
Phnom Penh

សង្គម​ស៊ីវិល​និង​កូដករ​ខកចិត្ត​ដែល​តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល និង​កូដករ​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដែល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ (NAGA World) ទាំង ៨​រូប ក្រោម​ហេតុផល​ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ និង​បារម្ភ​ខ្លាច​បង្ក​ចលាចល​ក្នុង​សង្គម។

ការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​រូប ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​អសាធារណៈ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ មីនា នេះ។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​រូប បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ លោក ឃុន លាងម៉េង បាន​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល ដោយ​នៅ​បន្ត​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​រូប​នៅ​ពន្ធនាគារ ដើម្បី​រង់ចាំ​សវនាការ​អង្គ​សេចក្ដី។ បើ​តាម​សហ​មេធាវី​ដដែល​ឲ្យ​ដឹង​ថា ការ​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​លោក ឃុន លាងម៉េង ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សំអាង​ថា ខ្លាច​បង្ក​ចលាចល​ក្នុង​សង្គម។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បង្ហាញ​ការ​សោកស្ដាយ​ដោយ​ចាត់ទុក​ការ​សម្រេច​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​សំអាង​ខ្លាច​បង្ក​ចលាចល​ក្នុង​សង្គម គ្រាន់តែ​ជា​លេស​ក្នុង​ការ​ឃុំ​ខ្លួន និង​ហាមឃាត់​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​តែប៉ុណ្ណោះ។

អ្នកស្រី ចក់ សុភាព បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ថា វិធានការ​របស់​តុលាការ​នា​ពេលនេះ ធ្វើឡើង​តែ​ចំពោះ​សកម្មជន​សហជីព និង​សកម្មជន​នយោបាយ​ប៉ុណ្ណោះ ខណៈ​អ្នក​មាន​អំណាច និង​ឧកញ៉ា​ធំៗ​មួយ​ចំនួន តុលាការ​ហាក់​មិន​បាន​អនុវត្ត​បែប​នេះ​ឡើយ។

អ្នកស្រី​បន្ត​ថា ចាប់តាំង​ពី​មាន​វិវាទ​ការងារ​រវាង​បុគ្គលិក និង​ថៅកែ​កើតឡើង​មកដល់​ពេលនេះ អាជ្ញាធរ​មិន​បាន​ជួយ​ដោះស្រាយ​ឡើយ ផ្ទុយទៅវិញ​អាជ្ញាធរ​បែរជា​ចុះ​ទៅ​រារាំង​កូដករ​ទៅវិញ។ អ្នកស្រី​បញ្ជាក់​ថា ករណី​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា អាជ្ញាធរ​បាន​លម្អៀង​ទៅកាន់​ក្រុមហ៊ុន ដោយ​មិន​បាន​ឈរ​នៅ​កណ្ដាល​នោះ​ទេ។

ខណៈ​តុលាការ​កំពុង​បើក​សវនាការ​នោះ ក៏​មាន​ក្រុម​កូដករ​ជិត ១០០​នាក់​បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​មុខ​សាលា​ឧទ្ធរណ៍ ដើម្បី​លើក​ទឹកចិត្ត​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​នាក់ ប៉ុន្តែ​យ៉ាងណា ក្រុម​កូដករ​មិន​ឃើញ​តំណាង​ពួកគេ​ឡើយ ដោយសារ​មន្ត្រី​ពន្ធនាគារ​បាន​ដឹក​ថ្នាក់​ដឹកនាំ​សហជីព​ដែល​ជា​ស្ត្រី​នោះ​ចេញ​តាម​ផ្លូវ​ក្រោយ​វិញ។

ក្រុម​កូដករ​ខកចិត្ត​ចំពោះ​តុលាការ និង​សមត្ថកិច្ច ដោយ​ចាត់ទុក​ការ​ដឹក​ថ្នាក់​ដឹកនាំ​ចេញ​តាម​ផ្លូវ​ក្រោយ​មិន​ឱ្យ​ឃើញ​ពួកគាត់​នេះ ថា​ស្ថាប័ន​ទាំងនោះ​ហាក់​មាន​ការ​ភ័យខ្លាច​ពួកគាត់ និង​ជា​រឿង​អយុត្តិធម៌​សម្រាប់​ថ្នាក់​ដឹកនាំ​សហជីព រួម​ទាំង​ពួកគាត់។

ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​នាក់​ដែល​តុលាការ​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នា​ថ្ងៃ​ព្រឹក​ទី​១០ មីនា នេះ​មាន​កញ្ញា ឈឹម ស៊ីថរ អ្នកនាង សុន ស្រីពេជ្រ លោក សុខ ណារិទ្ធ អ្នកស្រី ទូច សិរីមាស អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ឃ្លាំង សុបិន្ដ អ្នកស្រី ឈឹម សុខន និង​អ្នកស្រី ហៃ សុភាព។

ថ្នាក់​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំង ៨​រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ខែ​មករា ឆ្នាំ​២០២២ ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ខណៈ​សកម្មជន​សហជីព​ចំនួន ៣​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន ពី​បទ «ល្មើស​បម្រាម​សុខាភិបាល» បន្ទាប់​ពី​ពួកគាត់​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​ឲ្យ​ដោះលែង​តំណាង និង​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​វិវាទ​ការងារ។

ការ​អូស​បន្លាយ​មិន​ដោះស្រាយ និង​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​សរុប ១១​នាក់ ខណៈ​កូដករ​ដែល​បន្ត​ចេញ​ធ្វើ​កូដកម្ម​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ជាបន្តបន្ទាប់​នេះ បាន​ធ្វើ​ឱ្យ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា លោក Christian Berger កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា បាន​ចេញ​សារ​អំពាវនាវ​ជា​ថ្មី​ទៀត​ទៅ​ឱ្យ​ភាគី​ពាក់ព័ន្ធ​វិល​ចូល​តុ​ចរចា ក្នុង​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​មួយ​នេះ​ផង​ដែរ។

ចំណែក​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ចូលរួម​ពិភាក្សា​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ លើស​ពី​នេះ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី មីឆែល ប៉ាហ្សេលែត បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ដោយសារ​មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​បង្ក្រាប និង​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ ដោយ​ចាប់​បង្ខំ​ឱ្យ​កូដករ​ជា​ស្ត្រី​ឡើង​លើ​ឡាន​ក្រុង និង​ដឹក​ចេញពី​កន្លែង​ធ្វើ​កូដកម្ម។

អ្នកស្រី​ចាត់ទុក​ការ​បន្ត​បង្ក្រាប​ទៅលើ​កូដករ​ណាហ្គា​វើលដ៍​ពី​សំណាក់​អាជ្ញាធរ ដោយ​យក​ហេតុផល​កូវីដ-១៩ ថា​នឹង​ធ្វើ​ឱ្យ​លំហ​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល​កាន់តែ​ធ្លាក់​ចុះ​ដុនដាប៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស