38.8 C
Phnom Penh

កូដករ​១៥៦​នាក់​ត្រូវ​បាន​ចាប់​បង្ខំ​ដាក់​ឡាន​ដឹក​យក​ទៅ​ចត្តាឡីស័ក​បន្ទាប់ពី​ពួកគេ​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូដករ​ជាង ១៥០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ដាក់​រថយន្ត​ទាំង​បង្ខំ និង​ដឹក​ទៅ​មណ្ឌល​ចត្តាឡីស័ក​ខណ្ឌ​ព្រែកព្នៅ បន្ទាប់ពី​ពួកគេ​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត ខណៈ​សមត្ថកិច្ច​ក៏​បាន​រារាំង​ក្រុម​អ្នក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​មិន​ឱ្យ​ចូល​ទៅ​ជិត​ទីតាំង​ដែល​ចាប់​កូដករ​ផង​ដែរ​នោះ។

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ចំនួន ១៥៦​នាក់ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១១ មីនា បាន​ចេញ​ធ្វើ​កូដកម្ម​នៅ​ជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជា​ថ្មី​ទៀត ក្រោយ​ពី​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព ១១​នាក់​មិន​ទាន់​ត្រូវ​បាន​ដោះលែង ខណៈ​វិវាទ​ការងារ​ក៏​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​នោះ។

កូដករ​ម្នាក់​ក្នុង​ចំណោម ១៥៦​នាក់​ដែល​បាន​ចេញ​ធ្វើ​កូដកម្ម គឺ​កញ្ញា ស្រី ពៅ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឡាយ​រៀបរាប់​ថា ពួកគាត់​ជា​កូដករ​ចង់​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​វិវាទ​ការងារ​ឱ្យ​កូដករ​តែប៉ុណ្ណោះ ប៉ុន្តែ​កញ្ញា​បង្ហាញ​ការ​សោកស្ដាយ​ដែល​ក្រុមហ៊ុន​មិន​បាន​ចេញ​មក​ដោះស្រាយ។

ក្រៅពី​ក្រុមហ៊ុន​មិន​ចេញ​ហើយ អាជ្ញាធរ​បែរជា​មក​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ចាប់​រុញច្រាន​ពួកគាត់​ដាក់​ចូល​រថយន្ត​ទាំង​បង្ខំ​ទៅវិញ។

កញ្ញា ស្រី ពៅ ចាត់ទុក​សកម្មភាព និង​ទង្វើ​របស់​ក្រុម​អាជ្ញាធរ​ដែល​រារាំង រុញច្រាន និង​ចាប់​អូស​ទាំង​បង្ខំ​បែប​នេះ​ថា​ជា​អំពើ​មួយ​ដែល​មិន​អាច​ទទួល​យក​បាន និង​ជា​រឿង​អយុត្តិធម៌​សម្រាប់​កូដករ​ដែល​គ្រាន់​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​នោះ។

ជាមួយ​គ្នា​នេះ អ្នក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ដែល​ចុះ​តាមដាន និង​ឃ្លាំមើល​ព្រឹត្តិការណ៍​តវ៉ា​របស់​កូដករ ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ដោយ​មិន​ឱ្យ​ចូល​ទៅ​ជិត​ទីតាំង​នោះ អំឡុង​ពេល​ក្រុម​សមត្ថកិច្ច​ចាប់​កូដករ​រុញច្រាន និង​អូស​ទាំង​បង្ខំ​ដាក់​ចូល​រថយន្ត។

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ មីនា ថា អ្នក​យក​ព័ត៌មាន​ស្ត្រី​ម្នាក់​របស់ វីអូឌី (VOD) ត្រូវ​កម្លាំង​អាជ្ញាធរ​បាន​មក​ឃាត់​ជាមួយ​សហការី​របស់​ខ្លួន​ដែល​ជា​ជនជាតិ​បរទេស មិន​ឱ្យ​ថតរូប និង​បាន​បង្ខំ​ឱ្យ​លុប​រូបភាព​ចោល បើ​មិន​ដូច្នោះ​ទេ កម្លាំង​អាជ្ញាធរ​នឹង​នាំ​យក​ពួកគាត់​ទៅ​ប៉ុស្តិ៍​ប៉ូលិស។

អ្នក​យក​ព័ត៌មាន​ស្ត្រី​រូប​នេះ​អះអាង​ថា ដោយ​ការ​ភ័យខ្លាច និង​មិន​ចង់​មាន​រឿងរ៉ាវ​ជាមួយ​អាជ្ញាធរ ពួកគាត់​ក៏​សម្រេច​ចិត្ត​លុប​រូបភាព និង​វីដេអូ​ចោល​ទាំងអស់។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​ចាប់ និង​រុញច្រាន​អ្នក​សារព័ត៌មាន​ពលរដ្ឋ​ម្នាក់​ដែល​ជា​សមាជិក​ខេមបូចា គឺ​អ្នកស្រី ច្រាយ នីម ប៉ុន្តែ​ក្រោយ​មក​បាន​ដោះលែង​វិញ បន្ទាប់ពី​អ្នកស្រី​ប្រកែក​ថា រូប​គាត់​ពុំ​មែន​ជា​បាតុករ​នោះ​ទេ។

នាយក​ប្រតិបត្តិ​ខេមបូចា លោក ណុប វី មាន​ប្រសាសន៍​ថា ការ​រុញច្រាន​អ្នក​សារព័ត៌មាន ការ​បង្ខំ​ឲ្យ​លុប​រូបភាព ការ​តាមដាន​សកម្មភាព​យក​ព័ត៌មាន​របស់​ពួកគេ គឺជា​ទម្រង់​នៃ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​លើ​អ្នក​សារព័ត៌មាន និង​ជា​ការ​រំលោភបំពាន​លើ​សិទ្ធិ និង​សេរីភាព​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើងវិញ និង​បញ្ឈប់​នូវ​រូបភាព​ទាំងអស់​នេះ ដែល​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​យក​អ្នក​សារព័ត៌មាន​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន។

កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ក្រសួង​ការងារ ក្រសួង​យុត្តិធម៌ សាលា​រាជធានី​ភ្នំពេញ ស្នងការ និង​ខាង​តុលាការ ចូលរួម​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប៉ុន្តែ​មក​ដល់​ពេលនេះ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​ណា​មួយ​នៅឡើយ។ ក្រៅពី​មិន​មាន​ដំណោះស្រាយ​ហើយ សមត្ថកិច្ច​នៅតែ​បន្ត​រារាំង​កូដករ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។

ការ​អូស​បន្លាយ​មិន​ដោះស្រាយ និង​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​សរុប ១១​នាក់ ខណៈ​កូដករ​ដែល​បន្ត​ចេញ​ធ្វើ​កូដកម្ម ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ជាបន្តបន្ទាប់​នេះ បាន​ធ្វើ​ឱ្យ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា លោក Christian Berger កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ក៏​បាន​ចេញ​សារ​អំពាវនាវ​ជា​ថ្មី​ឱ្យ​ភាគី​ពាក់ព័ន្ធ​វិល​ចូល​តុ​ចរចា ក្នុង​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​មួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស