ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងមេដឹកនាំសហជីព ៣រូបទៀតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅរសៀលថ្ងៃទី១៧ មីនា។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យដោះលែងមេដឹកនាំសហជីពទាំង ៣រូបនេះក្រោមការជួយអន្តរាគមន៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការដោះលែងនេះ វាក៏ជាផ្នែកមួយនៃការបង្កើតបរិយាកាសចរចារវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ដើម្បីឈានទៅបញ្ចប់វិវាទដែលអូសបន្លាយពេលជាច្រើនខែមកហើយ។
ក្រោយពីមានការដោះលែងសហជីពទាំង ៣នាក់ នៅថ្ងៃទី១៨ មីនា ថ្នាក់ដឹកនាំសហជីពនឹងជួបពិភាក្សាគ្នាជាមួយសមាជិកសហជីព និងក្រុមកូដករ មុនពេលចូលជួបជាមួយក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារ។
នៅថ្ងៃទី១៧ មីនា នេះដែរ ក្រសួងការងារបានចេញសេចក្ដីជូនដំណឹងមួយ ដោយបានបន្តអំពាវនាវជាថ្មីដល់តំណាងភាគីកម្មករនិយោជិតឱ្យចូលរួមប្រជុំដោះស្រាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២ និង ៣០នាទីរសៀលបន្តទៀត ហើយទាមទារឱ្យតំណាងបុគ្គលិកទាំងនោះអនុវត្តតាមកិច្ចសន្យារបស់ខ្លួនដែលស្នើសុំនៅក្រៅឃុំ។
កញ្ញា ឈឹម ស៊ីថរ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រោយចេញពីពន្ធនាគារ មានមេដឹកនាំសហជីពខ្លះបានដកខ្លួនចេញ ព្រោះរងសម្ពាធច្រើន។ យ៉ាងណាក៏ដោយ មេសហជីពរូបនេះបញ្ជាក់ថា ក្រុមរបស់ខ្លួននឹងចូលចរចាបន្ទាប់ពីសមាជិកដែលជាប់ឃុំត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
កញ្ញាបានលើកឡើងថា ជំហររបស់កម្មករតាមរយៈការប្រជុំ លក្ខខណ្ឌមួយដាច់ខាតដែលពួកគាត់មិនអាចទម្លាក់ចោលការទាមទារបាន គឺត្រូវតែទម្លាក់បទចោទលើអ្នកទាំង ១៥នាក់។ ការចរចាអាចបញ្ចប់ទៅបាន លុះត្រាតែមានការទម្លាក់បទចោលប្រកាន់ ដើម្បីឲ្យមានសិទ្ធិស្មើគ្នាក្នុងតុចរចា។
ជាមួយគ្នានេះដែរ ពួកគេថាអាជ្ញាធរបានធ្វើទុក្ខបុកម្នេញលើអ្នកតវ៉ាតាមអំពើចិត្ត ហើយសង្ឃឹមថាតទៅនេះ អាជ្ញាធរ និងក្រសួងពាក់ព័ន្ធនឹងដោះស្រាយវិវាទនេះដោយឥតមានការលម្អៀង។
គិតចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសបន្លាយរយៈពេលជិត ៣ខែ។ ការអូសបន្លាយនេះ បានជំរុញឱ្យក្រុមកូដករណាហ្គាវើលដ៍ចេញធ្វើកូដកម្មស្ទើរជារៀងរាល់ថ្ងៃ ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនដោះស្រាយវិវាទការងារ ក្រោយពីក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកជាង ១៣០០នាក់កាលពីឆ្នាំ២០២១៕