38.8 C
Phnom Penh

ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ភូមា​នៅ​សប្ដាហ៍​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ថា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ផ្អែកលើ​ឯកសារ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ ថា ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៃ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទៅ​កាន់​ប្រទេស​ភូមា នៅ​ពេលនេះ គឺ​មាន​ការ​ចូលរួម​ពី​អគ្គលេខាធិការ​អាស៊ាន លោក លឹម ចុកហ៊ុយ និង​លោក លី យ៉ាមមីង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា ទស្សនកិច្ច​ការងារ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ភូមា ដោយមាន​ការ​គាំទ្រ និង​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​អាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន ដើម្បី​ឈាន​ទៅដល់​ការ​បញ្ចប់​អំពើ​ហិង្សា​នៅ​ប្រទេស​ភូមា។

កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​ជា​ប្រេសិត​របស់​អាស៊ាន បាន​អះអាង​ថា ខ្លួន​នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា នៅ​សប្តាហ៍​ទី​២ នៃ​ខែ​មីនា ឆ្នាំ​២០២២ ស្ដីពី​បញ្ហា​នៅ​មីយ៉ាន់ម៉ា ដើម្បី​ជួប​ពិភាក្សា​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច​របស់​អាស៊ាន​ជាមួយ​នឹង​មេដឹកនាំ​របប​សឹក​ភូមា។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ មីនា ថា ដំណើរ​ទស្សនកិច្ច​នេះ​បញ្ជាក់​ពី​ការ​អនុវត្ត​តាម​ផែនការ និង​ការ​សន្យា​របស់​ប្រធាន​អាស៊ាន​លើ​ការ​សម្របសម្រួល​បញ្ហា​ភូមា និង​សហគមន៍​អាស៊ាន ដើម្បី​ឲ្យ​ភូមា​គោរព​តាម​គោលការណ៍​កុងសង់ស៊ីស ៥​ចំណុច។ ប៉ុន្តែ​លោក​យល់ថា បើ​មើល​តាម​គោលជំហរ​របស់​លោក មីន អ៊ុងឡាំង ប្រហែល​ជា​មិន​គោរព​តាម​គោលការណ៍​ទាំង ៥​ចំណុច​របស់​អាស៊ាន​នេះ​ទេ។

បណ្ឌិត សេក សុជាតិ អះអាង​ថា អ្វី​ដែល​មេដឹកនាំ​របប​សឹក​ភូមា​ចង់បាន​នៅ​ពេលនេះ គឺ​ការ​រក្សា​អំណាច ជាជាង​ការ​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ ហើយ​របប​សឹក​ភូមា​ក៏​មិន​ខ្វល់​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ​លើ​ប្រទេស​របស់​ខ្លួន​ដែរ ដូច្នេះ​កាលៈទេសៈ​នេះ អាស៊ាន​អាច​ធ្វើ​ត្រឹមតែ​ជា​អ្នក​សម្របសម្រួល​ប៉ុណ្ណោះ មិន​អាច​ធ្វើជា​អ្នក​ដោះស្រាយ​បញ្ហា​ភូមា​បាន​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​ផ្តល់​យោបល់​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន និង​ប្រេសិត​អាស៊ាន​របស់​អាស៊ាន គួរតែ​បន្ត​ស្មារតី​អាស៊ាន និង​បង្កើន​ការ​សន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ដោយ​ជំរុញ​ឱ្យ​មេ​រដ្ឋប្រហារ​ភូមា​ទទួលយក​គោលការណ៍​កុងសង់ស៊ីស​ទាំង ៥​ចំណុច​របស់​អាស៊ាន​ឲ្យខាងតែ​បាន។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា លោក​ទទួលស្គាល់​ថា បញ្ហា​នៅ​មីយ៉ាន់ម៉ា មិនទាន់​មាន​ភាព​ប្រែប្រួល​នោះ​ឡើយ​ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​កាលពី​ពាក់កណ្តាល​ខែ​មករា កន្លងទៅ។ ប៉ុន្តែ បើ​បន្ត​ទុក​ឲ្យ​ស្ថានភាព​នៅតែ​បែប​នេះ​ដោយ​គ្មាន​ការ​និយាយ​គ្នា បញ្ហា​នៅ​មីយ៉ាន់ម៉ា នៅតែ​មិន​អាច​បញ្ចប់ ទោះ​ត្រូវ​ប្រើ​ពេលវេលា​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ​ទៀត​ក៏ដោយ។

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​អបអរ​សាទរ​ប្រមុខ​ការទូត​កម្ពុជា​ដែល​សម្រេច​ងាក​ទៅ​រក​ការ​អនុវត្ត​តាម​គោលការណ៍​កុងសង់ស៊ីស ៥​ចំណុច​របស់​អាស៊ាន ដែល​បាន​កំណត់​កន្លងមក ព្រោះ​ថា​វិបត្តិ​នៅ​ប្រទេស​ភូមា គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការ​ជំរុញ​ឱ្យ​មេដឹកនាំ​របប​សឹក​ភូមា អនុវត្ត​គោលការណ៍​ទាំង ៥​ចំណុច​របស់​អាស៊ាន​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស