មេដឹកនាំខ្មែរដែលគេចោទពីការរំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា លោក ហ៊ុន សែន លើកឡើងថា កម្ពុជាបានសម្រេចនូវការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងការគោរពលទ្ធិប្រជាធិបតេយ្យបានល្អប្រសើរដូចសព្វថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍រួមមួយក្រោយពីជំនួបពិភាក្សារបស់ខ្លួនជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នេះ ដោយផ្ដោតលើបញ្ហានានាជាច្រើន ក្នុងនោះក៏បានលើកឡើងពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ។
លោក ហ៊ុន សែន អះអាងថា កម្ពុជាបានគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងការអនុវត្តនូវនីតិរដ្ឋបានល្អប្រសើរ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលមានការសហការជាមួយសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុន ផងដែរ។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការចំនួន ២ថ្ងៃនៅកម្ពុជា និងបានជួបពិភាក្សាជាមួយមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន។
នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានលើកឡើងក្នុងជំនួបរបស់ខ្លួនជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ថាលោកគាំទ្រដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្នុងនោះលោកជំរុញឱ្យមានការបោះឆ្នោតមួយដែលប្រកបទៅដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបញ្ជាក់ថា កម្ពុជាគួរតែរៀបចំឱ្យមានការបោះឆ្នោតមួយដែលឆ្លុះបញ្ចាំងពីសំឡេងចម្រុះរបស់ពលខ្មែរតាមរយៈនៃការលើកកម្ពស់កិច្ចសន្ទនារវាងសង្គមស៊ីវិល និងរដ្ឋាភិបាល រហូតឈានដល់ការពង្រឹងអភិបាលកិច្ចតាមរយៈនៃការចូលរួមរបស់ប្រជាពលរដ្ឋថែមទៀត។
យ៉ាងណាក៏ដោយ ជុំវិញការគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពនីតិរដ្ឋ កម្ពុជាត្រូវបានគេមើលឃើញថា កំពុងស្ថិតក្នុងចំណោមប្រទេសដែលមានការរំលោភសិទ្ធិមនុស្ស ជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ និងជាប្រទេសដែលមាននីតិរដ្ឋទាបបំផុត។
អង្គការគម្រោងយុត្តិធម៌ពិភពលោក បានរកឃើញថា កម្ពុជាជាប្រទេសដែលបានជាប់ចំណាត់ថ្នាក់លេខ១៣៨ ក្នុងចំណោមប្រទេសដែលមាននីតិរដ្ឋអាក្រក់ទាំង១៣៩ នៅលើពិភពលោក កាលពីឆ្នាំ២០២១ កន្លងទៅ៕