34 C
Phnom Penh

កម្ពុជា​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​រៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ។

លោក ហ៊ុន សែន បាន​ប្រកាស​ជា​ផ្លូវការ​ដាក់​ឱ្យ​អនុវត្ត​នូវ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដំណាក់កាល​ទី​២ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣០ ដែល​តម្រូវ​ឱ្យ​មន្ត្រី​រាជការ​តាម​ក្រសួង-ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍ រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ត្រូវតែ​ចូលរួម​អនុវត្ត​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​ជាមួយ​គ្នា​ទៅ​ថ្ងៃ​មុខ។

លោក ហ៊ុន សែន អះអាង​ថា ការ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ គឺជា​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ប្រព័ន្ធ​រដ្ឋបាល​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ គឺជា​តួអង្គ​ទី​១ ដែល​ត្រូវ​បង្កើត​ឡើង​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដើម្បី​ធ្វើជា​តំណាង​ឲ្យ​សំឡេង និង​ផល​ប្រយោជន៍​ពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​អនុវត្ត​ការងារ​ដែល​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព។

ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណាក់កាល​ទី​១ នៃ​កម្មវិធី​ជាតិ​នេះ​ត្រូវ​បាន​បញ្ចប់​កាលពី​ចុង​ឆ្នាំ​២០២០ កន្លងទៅ។

កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ដំណាក់កាល​ទី​២ របស់​រដ្ឋាភិបាល​កម្ពុជា​មាន​រយៈពេល ១០​ឆ្នាំ ខណៈ​ដំណាក់កាល​ទី​២ នេះ ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣០ បន្ទាប់ពី​ដំណាក់កាល​ទី​១ បាន​ចាប់ផ្តើម​ឡើង​កាលពី​ឆ្នាំ​២០១០ ហើយ​ត្រូវ​បាន​បញ្ចប់​កាលពី​ឆ្នាំ​២០២០ កន្លងទៅ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២២ អះអាង​ថា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​អាច​រៀប​ផែនការ អាច​មាន​មធ្យោបាយ​ដោះស្រាយ អាច​ធ្វើ​សេចក្តី​សម្រេច​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ឆ្លើយតប​នឹង​សំណើ សំណូមពរ និង​តម្រូវការ​ប្រជាពលរដ្ឋ​បាន​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ស្រប​តាម​ស្ថានការណ៍​ជាក់ស្តែង។ លោក​ថា រដ្ឋបាល​ដែល​នៅ​កៀក​នឹង​ពលរដ្ឋ អាច​ដឹង​សុខទុក្ខ និង​តម្រូវការ​ពិតប្រាកដ​របស់​ពលរដ្ឋ​យ៉ាង​ច្បាស់ និង​ត្រឹមត្រូវ​ជាង​រដ្ឋបាល​ដែល​នៅ​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ មីនា នេះ​ថា ដំណើរការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​នា​ពេល​កន្លងមក នៅ​មិនទាន់​អនុវត្ត​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ។ ជាក់ស្តែង ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ស្រុក-ក្រុង រាជធានី-ខេត្ត តែងតែ​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ផ្ដោត​ទៅលើ​ប្រយោជន៍​គណបក្ស​របស់​ពួកគេ​ជា​ធំ ជាជាង​បំពេញ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ។

លោក​បន្ត​ថា គោលការណ៍​ប្រជាធិបតេយ្យ គឺ​ត្រូវតែ​អនុវត្ត​ឱ្យ​ស្រប​តាម​ឆន្ទៈ និង​ប្រយោជន៍​របស់​ពលរដ្ឋ ប៉ុន្តែ​ការ​ដកហូត​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ជំនួស​ដោយ​មនុស្ស​ផ្សេង​ដែល​មិន​បាន​កើតឡើង​ដោយ​ឆន្ទៈ​ម្ចាស់​ឆ្នោត គឺជា​ទង្វើ​ប្រាសចាក​គោលការណ៍​ប្រជាធិបតេយ្យ​ទាំងស្រុង។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស​ពិតប្រាកដ និង​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស