34 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​តំណាង​កម្ពុជា​បោះឆ្នោត​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី​ទូត និង​មន្ត្រី​តំណាង​កម្ពុជា​ទាំងអស់​នាំគ្នា​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន ដោយ​លោក​ចាត់ទុក​ថា​ជា​ការ​រំលោភបំពាន​ពី​សំណាក់​ប្រទេស​ខ្លាំង​ទៅ​លើ​ប្រទេស​ទន់ខ្សោយ ដែល​ធ្វើ​ឱ្យ​មាន​ទម្លាប់​មិន​ល្អ​នៅ​លើ​ពិភពលោក។

មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​២១ នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​នឹង​ប្រកាន់​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ឈ្លានពាន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។

លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​តែង​អនុវត្ត​នូវ​គោលការណ៍​ច្បាស់លាស់​របស់​ខ្លួន​ចំពោះ​ការ​ឈ្លានពាន​មិនមែន​បោះឆ្នោត​អនុប្បវាទ​ទេ គឺ​បោះឆ្នោត​ប្រឆាំង​តែម្តង។ លោក ហ៊ុន សែន ថា​សំឡេង​បោះឆ្នោត​តំណាង​កម្ពុជា ១១​សំឡេង ត្រូវតែ​នាំគ្នា​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​ជាដាច់ខាត។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ដែល​ត្រូវ​ចូលរួម​ការ​បោះឆ្នោត​ជុំវិញ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដែល​កំពុងតែ​ផ្ទុះឡើង​នៅ​ពេល​នេះ។

កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២២ កម្ពុជា​បាន​បោះឆ្នោត​នៅ​អង្គការ​សហប្រជាជាតិ ដោយ​ចូលរួម​ជាមួយ​ប្រទេស​សហ​ស្ថាបនិក​នៃ​កិច្ចប្រជុំ​ពិសេស​បន្ទាន់​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានការណ៍​នៅ​ប្រទេស​អ៊ុយក្រែន។ ក្នុង​នោះ កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ទី​១៤១ ដែល​បាន​បោះឆ្នោត​ថ្កោលទោស និង​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​អ៊ុយក្រែន។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ មីនា ថា លោក​យល់ស្រប​នឹង​ជំហរ​នយោបាយ​ការបរទេស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ចំពោះ​ការ​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

លោក ម៉ែន ណាត លើកឡើង​ថា ការ​ប្រកាស​ជំហរ​របស់​មេដឹកនាំ​ខ្មែរ​បែប​នេះ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​ថា​ការ​ប្រកាន់​គោលការណ៍​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បែប​នេះ ក៏​ជា​សញ្ញា​នៃ​ការ​គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បញ្ចៀស​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង​លើ​កម្ពុជា​ផង​ដែរ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា បើ​ទោះបីជា​មេដឹកនាំ​បក្ស​កាន់​អំណាច​មិន​ទាន់​អាច​លុបចោល​នូវ​កិច្ចព្រមព្រៀង​ឈ្លានពាន​ខុសច្បាប់​របស់​វៀតណាម​លើ​កម្ពុជា​ភ្លាមៗ​ក៏ដោយ ប៉ុន្តែ​លោក ហ៊ុន សែន អាច​ចាប់ផ្តើម​ប្រើ​លិខិតុបករណ៍​អន្តរជាតិ​នានា និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​បរទេស​មក​លើ​កម្ពុជា​បន្ត​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចូល​លុកលុយ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ជា​ការ​រំឭក​មេដឹកនាំ​ខ្មែរ​ឲ្យ​ចេះ​រក្សា ការពារ ទ្រទ្រង់ និង​លើកស្ទួយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជាពិសេស​កិច្ចព្រមព្រៀង​ទាក់ទិន​ទៅ​នឹង​អធិបតេយ្យភាព ឯករាជភាព​របស់​កម្ពុជា។

មាត្រា​២ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ បាន​ចែង​ថា ក្នុង​កិច្ច​ប្រាស្រ័យ​ទាក់ទង​អន្តរជាតិ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ត្រូវ​ចៀសវាង​ការ​ពឹងផ្អែក​លើ​ការ​គំរាមកំហែង​តាម​របៀប​ណា​មួយ​លើ​សមាជិក​ដទៃ ដែល​មិន​ស្រប​នឹង​វត្ថុបំណង​នៃ​អង្គការ​សហប្រជាជាតិ។

កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី​ជប៉ុន លោក គីស៊ីដា ហ្វឺមីអូ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា។ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ថា ការ​គំរាមកំហែង ឬ​ការ​ប្រើប្រាស់​អាវុធ​មហា​ប្រល័យ​គ្រប់​ប្រភេទ​របស់​រុស្ស៊ី គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស