ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អះអាងថា ខ្លួនកំពុងរៀបចំគម្រោងមួយចំនួនក្នុងគោលដៅជំរុញឱ្យរបបសឹកភូមា អនុវត្តនូវគោលការណ៍ទាំង ៥ចំណុចរបស់អាស៊ានក្នុងគោលបំណងទាញមីយ៉ាន់ម៉ា ឱ្យចូលរួមក្នុងគ្រួសារអាស៊ានពេញលេញឡើងវិញ។
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានអះអាងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ថា ក្រោយដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសមីយ៉ាន់ម៉ា លោកគ្រោងនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់មួយនៅចុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីដាក់ចេញនូវយន្តការបង្កើតក្រុមមិត្តមីយ៉ាន់ម៉ា និងការរៀបចំច្រករបៀងជំនួយមនុស្សធម៌ ជាដើម ដើម្បីទាញឱ្យមីយ៉ាន់ម៉ា ងាកទៅរកលទ្ធិប្រជាធិបតេយ្យបណ្តើរៗ។
ប្រេសិតពិសេសរបស់ប្រធានអាស៊ានរូបនេះ អះអាងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសភូមា នៅពេលនេះ មិនមែនដើម្បីផ្តល់ភាពស្របច្បាប់ឱ្យរបបសឹកភូមានោះទេ ប៉ុន្តែដើម្បីជំរុញឱ្យរបបសឹកមីយ៉ាន់ម៉ា អនុវត្តគោលការណ៍ទាំង ៥ចំណុចរបស់អាស៊ានប៉ុណ្ណោះ។ ជាងនេះទៀត ក៏ដើម្បីដោះស្រាយពីភាពជាប់គាំងនយោបាយរបស់ភូមាផងដែរ។
លោក ប្រាក់ សុខុន បញ្ជាក់ថា លោកបានលើកឡើងនូវគោលការណ៍មួយចំនួន រួមមានការបញ្ឈប់នូវអំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងការដោះស្រាយវិបត្តិនយោបាយរបស់ភូមា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។ ក្នុងនោះ ប្រេសិតពិសេសអាស៊ានបញ្ជាក់ថា នឹងដើរតួនាទីធ្វើជាស្ពានក្នុងការធ្វើទំនាក់ទំនងគ្រប់ភាគីទាំងអស់ ទោះភាគីខ្លះត្រូវរបបសឹកភូមាចាត់ទុកថាជាក្រុមភេរវកម្មក៏ដោយ។
លោកសង្កត់ធ្ងន់ថា បញ្ហារបស់ភូមា គឺជាបញ្ហាដែលស្មុគស្មាញ និងត្រូវការដំណោះស្រាយក្នុងរយៈពេលវែង ដូច្នេះវិបត្តិរបស់មីយ៉ាន់ម៉ា ពិតជាមិនអាចបញ្ចប់ក្នុងអាណត្តិដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះបានទេ។
ឆ្លើយតបនឹងការលើកឡើងរបស់ប្រេសិតប្រធានអាស៊ាននេះ លោក មីន អ៊ុងឡាំង បានបញ្ជាក់ថា លោកនឹងពិនិត្យ ហើយសម្រេចផ្ដល់ឱកាសឱ្យប្រេសិតប្រធានអាស៊ានជួបជាមួយភាគីពាក់ព័ន្ធ និងអ្នកស្រី អ៊ុងសាន ស៊ូជី នាពេលអនាគត។
ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ា រយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលនៃរបបសឹកភូមា។
ដំណើរទស្សនកិច្ចនេះមានការចូលរួមពីអគ្គលេខាធិការអាស៊ាន លោក លឹម ចុកហ៊ុយ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) លោក លី យ៉ាមមីង ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានផងដែរ។
កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ប្រទេសដែលជាសមាជិកអាស៊ានបានឯកភាពគ្នានូវកិច្ចព្រមព្រៀងកុងសង់ស៊ីសចំនួន ៥ចំណុចនៅទីក្រុងចាកាតារ ប្រទេសឥណ្ឌូនេស៊ី ស្ដីពីជម្លោះនៅមីយ៉ាន់ម៉ា រួមមានការផ្អាកនូវការប្រើអំពើហិង្សាលើជនស៊ីវិលដែលពុំមានប្រដាប់អាវុធ ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគិតពីប្រយោជន៍ប្រជាជនភូមាជាធំ។ បន្ថែមពីនេះ គឺតម្រូវឱ្យមានការអនុញ្ញាតឲ្យប្រេសិតរបស់អាស៊ានអាចទៅធ្វើទស្សនកិច្ច និងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ការផ្តល់ជំនួយមនុស្សធម៌ដល់ភូមា ពោលគឺជួយដល់ប្រជាជនភូមា និងការដោះលែងនូវអ្នកទោសនយោបាយទាំងឡាយនៅក្នុងប្រទេសភូមា ផងដែរ៕