31 C
Phnom Penh

កម្ពុជា​ស្នើ​អូស្ត្រាលី​ជួយ​បន្សាប​សារធាតុ​គីមី​ជាង​៣០០​តោន​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា​កម្ពុជា​កំពុង​ស្នើ​ទៅ​មន្ត្រី​ជំនាញ​ប្រទេស​អូស្ត្រាលី ឱ្យ​ជួយ​បន្សាប​សារធាតុ​គីមី​សម្រាប់​ផ្សំ​ធ្វើជា​គ្រឿងញៀន​ជាង ៣០០​តោន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​បរិស្ថាន បន្ទាប់ពី​សមត្ថកិច្ច​រឹបអូស​បាន​កាលពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២។

ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា លោក ស ខេង ថ្លែង​ថា កន្លងមក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​រក​ឃើញ​ទីតាំង​ធំៗ​មួយ​ចំនួន​ដែល​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ក្នុង​ការ​នាំចូល​សារធាតុ​គីមី​មក​ផ្សំ​ធ្វើជា​គ្រឿងញៀន ដើម្បី​យក​មក​កែច្នៃ និង​ផលិត​ក្នុង​បំណង​ជួញដូរ​ដោយ​ខុសច្បាប់។

លោក​បន្ត​ថា បច្ចុប្បន្ន គ្រឿងញៀន​ដែល​ហៅថា​អាភៀន​នោះ​គ្មាន​ឡើយ ប៉ុន្តែ​គ្រឿងញៀន​សំយោគ​ដែល​ផ្សំ និង​ផលិត​ចេញពី​សារធាតុ​គីមី សមត្ថកិច្ច​រឹបអូស​បាន​ជាង ៣០០​តោន ដោយ​មិន​រាប់​បញ្ចូល​គ្រឿងញៀន​ដែល​រឹបអូស​បាន​កំពុង​រក្សាទុក​ក្នុង​ឃ្លាំង​ឡើយ។

លោក ស ខេង បន្ត​ថា សារធាតុ​គីមី​ជាង ៣០០​តោន​នេះ សមត្ថកិច្ច​កំពុង​ស្នើ​ទៅ​មន្ត្រី​ជំនាញ​អូស្ត្រាលី ដើម្បី​មក​ជួយ​បន្សាប​មុន​នឹង​កប់​ចោល ហើយ​ថា​ប្រសិនបើ​មិន​បន្សាប​ទេ វា​នឹង​បង្ក​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​មាត់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​មួយ​នាំចូល​សារធាតុ​ផ្សំ​ជា​គ្រឿងញៀន​ជាង ១០០​តោន ចូល​មក​កម្ពុជា​ដោយ​ស្រប​ច្បាប់។

លោក ស ខេង ក៏​បាន​ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ដែល​ផ្ដល់​អាជ្ញាប័ណ្ណ​នាំ​សារធាតុ​ផលិត​គ្រឿងញៀន​ចូល​កម្ពុជា មិន​ត្រូវ​មើលស្រាល​លើ​បញ្ហា​ទាំងនេះ​ទេ បើ​មិន​ដូច្នេះ​ទេ លោក​ថា​រដ្ឋមន្ត្រី​រូប​នោះ​នឹង​ជាប់​ជំពាក់​ការ​បំផ្លាញ​សុខភាព​សាធារណៈ និង​បំផ្លាញ​សេដ្ឋកិច្ច​សង្គម​ថែមទៀត។

អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទទួល​បន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន លោក ម៉ក់ ជីតូ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សារធាតុ​គីមី​ទាំងនោះ​ត្រូវ​បាន​នាំចូល​ដោយ​ស្រប​ច្បាប់ ដើម្បី​ប្រើ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សុខាភិបាល ជាដើម។ លោក​ថា ក្រុមហ៊ុន​ខិលខូច​មួយ​ចំនួន​មិន​បាន​យក​ទៅ​ប្រើ​លើ​ការ​ផលិត​ជា​ទឹក​ថ្នាំ​ជ្រលក់​ពណ៌​ក្រណាត់ ជីគីមី​ដូច​អ្វី​ដែល​លើកឡើង​នៅ​ពេល​សុំ​ការ​អនុញ្ញាត​ឡើយ ពួកគេ​បាន​យក​សារធាតុ​គីមី​ទាំងនោះ​ទៅ​កែច្នៃ និង​ផលិត​ជា​គ្រឿងញៀន។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នេះ​ជា​ការ​ធ្វេសប្រហែស និង​ជា​កំហុស​ធ្ងន់ធ្ងរ​មួយ​របស់​សមត្ថកិច្ច​ជំនាញ ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​នាំចូល​សារធាតុ​គីមី​ផ្សំ​ជា​គ្រឿងញៀន​រាប់​រយ​តោន​មក​កម្ពុជា។

ក្រុមហ៊ុន​ចិន​ឈ្មោះ «ស៊ិនយីងហ្វេង» បាន​នាំ​សារធាតុ​គីមី​ផ្សំ​ជា​គ្រឿងញៀន​ជាង ១០០​តោន​ចូល​មក​កម្ពុជា​ដោយ​ស្រប​ច្បាប់ ទទួល​បាន​អាជ្ញាប័ណ្ណ​នាំចូល​ពី​មុខទំនិញ​ចំនួន ៤​មុខ ប៉ុន្តែ​បាន​នាំចូល​ដល់​ទៅ ៨​មុខ​ឯណោះ។

មក​ដល់​ថ្ងៃ​នេះ សមត្ថកិច្ច​មិនទាន់​ស៊ើប​អង្កេត និង​ចាត់​វិធានការ​លើ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៅឡើយ ខណៈ​មន្ត្រី​ទាំងនេះ​ជា​អ្នក​ត្រួតពិនិត្យ​ទំនិញ និង​ប្រចាំការ​នៅ​តាម​ច្រក​ព្រំដែន​ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស