លោក ហ៊ុន សែន ប្រកាសទាត់ចោលចំពោះការអត្ថាធិប្បាយរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ដោយលោកអះអាងថាជាការអត្ថាធិប្បាយមិនតំណាងឱ្យនយោបាយការបរទេសកម្ពុជានោះទេ។ លោក ហ៊ុន សែន អះអាងថា កម្ពុជាអនុវត្តនយោបាយការបរទេសផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមិនអនុវត្តនយោបាយការបរទេសផ្អែកលើកម្លាំងនោះឡើយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យព្រះអង្គ ឌួង នាព្រឹកថ្ងៃចន្ទ ទី២៨ មីនា បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ថ្លែងថា អ្នកដែលមានសិទ្ធិនិយាយជាផ្លូវការបានសម្រាប់នយោបាយការបរទេសដែលតំណាងឱ្យកម្ពុជា គឺមានតែអង្គព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងក្រសួងការបរទេសកម្ពុជាប៉ុណ្ណោះ។
លោកបន្តថា ការលើកហេតុផល ៤យ៉ាងរបស់អ្នកវិភាគ អាចធ្វើឱ្យមានការយល់ច្រឡំពីជំហររបស់កម្ពុជា។ បើមានការឈ្លានពានណាមួយកើតឡើងមែន កម្ពុជាអនុវត្តនយោបាយការបរទេសផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមិនអនុវត្តនយោបាយការបរទេសផ្អែកលើកម្លាំងនោះទេ។
លោក ហ៊ុន សែន ប្រកាសថា កម្ពុជាមិនគាំទ្ររាល់សកម្មភាពឈ្លានពានណាមួយនោះឡើយ ព្រោះកម្ពុជាធ្លាប់រងគ្រោះដោយសារការឈ្លានពានពីបរទេសជាច្រើនទសវត្សមកហើយ។ លោកថាសម្រាប់កម្ពុជាមិនអាចប្រកាន់នយោបាយការបរទេសអព្យាក្រឹតចំពោះសកម្មភាពរុស្ស៊ី ឈ្លានពានលើអ៊ុយក្រែនបានឡើយ។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះបានកើតឡើងក្រោយពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ថ្លែងក្នុងបទបង្ហាញមួយនៅរាជបណ្ឌិត្យសភាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ក្រោមប្រធានបទ «នយោបាយការបរទេសកម្ពុជានាពេលបច្ចុប្បន្ន»។ ក្នុងបទបង្ហាញនោះ លោក សុខ ទូច បានលើកឡើងថា បើកម្ពុជាគាំទ្រការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននោះ ថាតើនឹងមានប្រទេសណាជួយកម្ពុជា បើសិនមានអ្នកញុះញង់វៀតណាមឱ្យវាយលុកចូលកម្ពុជា។
លោក សុខ ទូច គូសបញ្ជាក់ថា បើសិនមានការលុកលុយពីប្រទេសដទៃ គឺកម្ពុជាខ្វះលទ្ធភាពទប់ទល់ចំនួន ៤ចំណុច បើធៀបទៅនឹងប្រទេសជិតខាង គឺកម្ពុជាគ្មាននាវាមុជទឹក គ្មានយន្តហោះចម្បាំង គ្មានកាតព្វកិច្ចចូលបម្រើកងទ័ព ហើយរីឯកងទ័ពដែលកម្ពុជាមានវិញ គឺសម្បូរដោយឧត្តមសេនីយ៍ក្បាលពោះធំ។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន អះអាងថា ការអត្ថាធិប្បាយថាកម្ពុជាមិនទាន់បានត្រៀមខ្លួនដោយសារតែខ្លួនខ្វះនាវាមុជទឹក ខ្វះយន្តហោះមិច ខ្វះកាតព្វកិច្ចយោធា កងទ័ពសម្បូរដោយឧត្តមសេនីយ៍ក្បាលពោះធំ ដូច្នេះមានន័យថា ជំហរបែបនេះគឺត្រៀមខ្លួនផ្លាស់ប្ដូរនូវគំនិតពីការបោះឆ្នោតប្រឆាំង ទៅជាការបោះឆ្នោតគាំទ្រ ឬយ៉ាងណាករណីរុស្ស៊ី និងអ៊ុយក្រែន? លោក ហ៊ុន សែន ព្រមានថា អ្នកធ្វើអត្ថាធិប្បាយទាំងឡាយត្រូវប្រយ័ត្នជាមួយនឹងការធ្វើអត្ថាធិប្បាយបែបនេះ។
កាលពីថ្ងៃទី២ ខែមីនា កម្ពុជាបានបោះឆ្នោតនៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនចំនួនពីរលើក។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកគាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រី ប៉ុន្តែលោកថាក្រៅពីពង្រឹងយន្តការប្រជាធិបតេយ្យហើយ រដ្ឋាភិបាលត្រូវពង្រឹងសមត្ថភាពវិស័យកងទ័ពក្នុងកម្រិតដែលអាចការពារបូរណភាពទឹកដីរបស់ខ្លួនផងដែរ។
យោងទៅតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៣ ខែមីនា បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលបោះឆ្នោតគាំទ្រការថ្កោលទោសនេះទេ ប៉ុន្តែកម្ពុជាក៏បានសម្រេចចិត្តចូលរួមជាមួយប្រទេសសហស្ថាបនិកនៃសេចក្ដីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែននេះថែមទៀត៕