32 C
Phnom Penh

អាមេរិក​អំពាវនាវ​ឱ្យ​កម្ពុជា​ទម្លាក់​ការ​ចោទប្រកាន់​ពី​លោក កឹម សុខា និង​សមាជិក​បក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​លើ​លោក កឹម សុខា និង​សមាជិក​បក្ស​ប្រឆាំង។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី Michele Taylor បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ (Twitter) របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ថា សហរដ្ឋ​អាមេរិក​បាន​សម្ដែង​នូវ​កង្វល់​របស់​ខ្លួន​យ៉ាង​ខ្លាំង​តាមរយៈ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) ស្ដីពី​ការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកស្រី Michele Taylor អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ទៅលើ​សមាជិក​បក្ស​ប្រឆាំង សកម្មជន​នយោបាយ អ្នក​សារព័ត៌មាន មេដឹកនាំ​សហជីព និង​ពលរដ្ឋ​ធម្មតា ចំពោះ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

ការ​សម្ដែង​ការ​ព្រួយបារម្ភ​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ត្អូញត្អែរ​អំពី​លំហ​សេរីភាព​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច ដោយសារតែ​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត ម៉ុនតាប៊ន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី​៤៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថា​ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​បង្ក​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ដដែល។

ទោះជាយ៉ាងណា​ក៏ដោយ ក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ប្រតិកម្ម​ថា កម្ពុជា​បាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​លទ្ធិប្រជាធិបតេយ្យ ក្នុង​នោះ​រដ្ឋសភា​ជាតិ​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​បាន​បើក​ផ្លូវ​សម្រាប់​អ្នក​ដែល​បាន​បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ ឱ្យ​ពួកគេ​អាច​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​គ្រប់ៗ​គ្នា។

យ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ទី​២៩ មីនា ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិតជា​ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិត​មែន ពួកគេ​គួរតែ​បើក​ឱកាស​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ទៅ​ចូលរួម​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់ កាល​ពេល​ថ្មីៗ​នេះ​ដោយ​គ្មាន​ការ​រាំង​ខ្ទប់។

លោក គឹម សុខ លើកឡើង​ថា ការ​បិទ​សេរីភាព​លោក កឹម សុខា មិន​ឱ្យ​ទៅ​ចូលរួម​ក្នុង​វេទិកា​នោះ បាន​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ប្រយោជន៍​ជាតិ​ធំ​ណាស់ ជាពិសេស​ការ​ខាតបង់​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ ខាតបង់​ការ​យកចិត្ត​ទុកដាក់​របស់​សហគមន៍​អន្តរជាតិ ដែល​ឈាន​ទៅ​រក​ការ​ខាតបង់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ចិត្ត​ទូលាយ​ឱ្យ​លោក កឹម សុខា ទៅ​ចូលរួម​វេទិកា​របស់​ប្រទេស G20 និង G7 នោះ ប្រហែល​អាច​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប និង GSP ពី​សហរដ្ឋ​អាមេរិក​ត្រឡប់​មក​វិញ។

ប៉ុន្តែ​អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​នៅ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៣០ មីនា ថា វេទិកា​របស់​ក្រុម​ប្រទេស G7 ឬ G20 គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ។ លោក​បន្ត​ថា កុំ​ស្រមៃ​ឲ្យ​សោះ​ថា​នឹង​អាច​បង្កើត​រដ្ឋាភិបាល​និរទេស ឬ​ចលនា​ក្រៅ​ប្រទេស​ប្រឆាំង​រដ្ឋាភិបាល​ខ្មែរ​នោះ។ លោក​ថា យុទ្ធសាស្ត្រ​នេះ​អាច​បរាជ័យ​ដល់​ការ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បោះឆ្នោត​ឆ្នាំ​២០២៣ ប្រសិនបើ​លោត​ផ្លោះ​មិន​រួច​ពី​ប្រព័ន្ធ​យុត្តិធម៌។

ទោះ​ជា​បែប​នេះ​ក្តី រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស អ្នកស្រី Amanda Milling ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា ចក្រភព​អង់គ្លេស​កំពុង​បន្ត​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​អំពី​ដំណើរការ និង​លទ្ធផល​នៃ​សវនាការ​របស់​លោក កឹម សុខា ដែល​ពាក់ព័ន្ធ​នឹង​សេរីភាព​របស់​លោក​ក្នុង​ការ​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស