29 C
Phnom Penh

អ្នក​ឃ្លាំមើល៖ លោក សម រង្ស៊ី កេង​យក​ប្រយោជន៍​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​និយាយ​ថា អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រហែលជា​កំពុង​គប់គិត​គ្នា​ស្ងាត់ៗ​ជាមួយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​របស់​ពួកគេ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ មីនា ថា ប្រសិនបើ​បណ្ដឹង​របស់​លោក សម រង្ស៊ី ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​នយោបាយ​នោះ គឺ​ស្មើ​នឹង​លោក សម រង្ស៊ី យក​ឈាម​ដាប​ធរណី​របស់​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ទៅ​ដោះដូរ​ឱកាស​នយោបាយ​ផ្ទាល់ខ្លួន​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ការ​ធ្វើ​បែប​នេះ មិនមែន​ជា​ការ​ចរចា​នយោបាយ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​គប់គិត​គ្នា​ស្ងាត់ៗ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដើម្បី​ផលប្រយោជន៍​រៀង​ខ្លួន​របស់​ពួកគេ​សុទ្ធសាធ មិនមែន​ដើម្បី​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​នោះ​ឡើយ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា កាលពី​ចុង​ឆ្នាំ​២០០៥ លោក សម រង្ស៊ី ធ្លាប់​បាន​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង NEW YORK ម្តង​រួច​មក​ហើយ​ពី​ការ​ប្តឹង​លោក ហ៊ុន សែន ចំពោះ​ការ​គប់​គ្រាប់បែក​នេះ ជា​ថ្នូរ​នឹង​ការ​ចូល​ស្រុក​របស់​គាត់ ដែល​ត្រូវ​គេ​រិះគន់​ថា​ជា​ការ​ដោះដូរ​ដោយ​កេង​ចំណេញ​លើ​សាកសព និង​ព្រលឹង​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លងទៅ​នោះ។

លោក គឹម សុខ បញ្ជាក់​ថា ល្បែង​នយោបាយ​រក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ពី​ការ​ស្លាប់​របស់​ហ្វូង​បាតុករ​ស្លូតត្រង់​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជនរងគ្រោះ​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ថែមទាំង​រុញ​កម្ពុជា​ឲ្យ​លង់​ក្នុង​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន សម្លាប់​ប្រជាធិបតេយ្យ​រហូត​ដល់​សព្វថ្ងៃ​នេះ​ថែម​ទៀត។

លោក គឹម សុខ អះអាង​ថា បើ​បណ្ដឹង​របស់​លោក សម រង្ស៊ី និង​ភរិយា​របស់​គាត់ ពិតជា​មាន​បំណង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ប្រាកដ​មែន វា​នឹង​មាន​ឥទ្ធិពល​អាច​ធ្វើ​ឲ្យ​ស្ទះ​ផែនការ​ផ្ទេរ​អំណាច​របស់​គ្រួសារ ហ៊ុន ទាំងស្រុង។ ប៉ុន្តែ​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ក្នុង​សមរភូមិ​នយោបាយ​កម្ពុជា ក៏​ត្រូវ​ជាប់​គាំង​ដែរ ព្រោះ​ថា​លោក ហ៊ុន សែន នឹង​នៅ​បន្ត​ក្តោប​ក្តាប់​អំណាច​បន្ត​ទៀត ត្បិត​គាត់​ខ្លាច​ចំណាត់ការ​របស់​តុលាការ​ប្រទេស​បារាំង​លើ​រូប​គាត់​ក្រោយ​ពេល​អស់​អំណាច។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី គាស់​កកាយ​ឡើងវិញ​នូវ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧ ដែល​ថា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ពីក្រោយ​ខ្នង។

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ថា ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ នេះ គឺជា​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៧ ដែល​មាន​ជន​ឧក្រិដ្ឋ ២​នាក់​ឈ្មោះ ហ៊ុយ ពិសិដ្ឋ និង ហ៊ីង ប៊ុនហៀង ដែល​ជា​ជន​ដៃដល់ ប៉ុន្តែ​ជន​ឧក្រិដ្ឋ​ទាំង ២​នាក់​នេះ​គ្រាន់តែ​ធ្វើ​តាម​បញ្ជា​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦ លោក សម រង្ស៊ី ធ្លាប់​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​មាន​ខ្លឹមសារ​ថា លោក​ពិតជា​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​បាន​ចោទប្រកាន់​លើ​លោក ហ៊ុន សែន ថា​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​លើ​ហ្វូង​បាតុករ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លងទៅ ដូច្នេះ​ថ្ងៃ​ក្រោយ លោក​នឹង​មិន​ឱ្យ​មាន​ការ​ចោទប្រកាន់​បែប​នេះ​លើ​លោក ហ៊ុន សែន បន្ត​ទៀត​នោះ​ទេ។

គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​នៅ​ខាង​មុខ​រដ្ឋសភា​ជាតិ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លងទៅ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោច​ណាស់ ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​របួស ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ ជន​ដៃដល់​មិន​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ បាន​អះអាង​ថា ខ្លួន​គាំទ្រ​លើ​ដីកា​តុលាការ​ប្រទេស​បារាំង ដែល​បង្គាប់​ឲ្យ​មន្ត្រី​យោធា​ជាន់ខ្ពស់​ពីរ​រូប គឺ​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​អង្គរក្ស​របស់​លោក ហ៊ុន សែន ចូល​សវនាការ​ទាក់ទិន​នឹង​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​នៅ​ឆ្នាំ​១៩៩៧ កន្លងទៅ។ អង្គការ​នេះ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ស្នើ​ទៅ​អឺរ៉ុប និង​ប៉ូលិស ចាប់​ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់​ទាំង​ពីរ​រូប​នោះ​ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស