បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា ការអភិវឌ្ឍអចលនទ្រព្យត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូ (UNESCO) ដោយមិនចេះតែធ្វើទាំងបំពាននោះទេ ព្រោះអង្គរវត្តកម្ពុជាអាចនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកដែលអាចធ្វើឱ្យកម្ពុជាខាតបង់កាន់តែធំ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែនៅខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះ លោក ហ៊ុន សែន ថ្លែងថា ការអភិវឌ្ឍអចលនទ្រព្យត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូ ដោយមិនចេះតែធ្វើទាំងបំពាននោះទេ។ លោកបន្តថា បើកម្ពុជាធ្វើការសាងសង់សំណង់បំពានលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូ នោះអង្គរវត្តរបស់កម្ពុជានឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដែលអាចធ្វើឱ្យកម្ពុជាខាតបង់កាន់តែធំបន្ថែមទៀត។
លោក ហ៊ុន សែន បន្តថា មូលហេតុដែលលោកលើកឡើងដូច្នោះ ក្រោយពីលោកបានឃើញប្រទេសជឿនលឿនមួយចំនួននៅលើពិភពលោក សាងសង់បំពានលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូ ហើយត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករួចទៅហើយ។ ករណីនេះ លោកស្នើទៅអ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវបញ្ឈប់ការរិះគន់លើអាជ្ញាធរបន្តទៀតចំពោះការរឹតត្បិតមិនឱ្យសាងសង់សំណង់ខ្ពស់ៗនៅខេត្តសៀមរាប។
ការប្រតិកម្មរបស់លោក ហ៊ុន សែន នាថ្ងៃទី៤ មេសា នេះ ធ្វើឡើងបន្ទាប់ពីអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ឧកញ៉ា គីម ហ៊ាង ធ្លាប់លើកឡើងថា បច្ចុប្បន្នមិនមានពលរដ្ឋកម្ពុជាណាម្នាក់បររទេះគោទៅមើលអង្គរវត្ត ខណៈនៅថ្ងៃសីលក៏មិនមានពលរដ្ឋណាម្នាក់ស្លៀកក្បិនទៅវត្តដែរ។ លោកបន្តថា អ្នកណាក៏ចេះនិយាយដែរ «ស្រឡាញ់វប្បធម៌ និងស្រឡាញ់អង្គរវត្ត» ប៉ុន្តែស្រឡាញ់ត្រូវមានការអភិវឌ្ឍ ដោយធ្វើយ៉ាងម៉េចត្រូវឱ្យសេដ្ឋកិច្ចដំណើរការទើបជាការប្រសើរ។
លោក គីម ហ៊ាង បន្តថា ចំណុចរបស់ខេត្តសៀមរាប គឺការកំណត់កម្ពស់ក្នុងការសាងសង់អគារ និងមានវប្បធម៌អភិរក្សច្រើនពេក ដែលករណីនេះបានធ្វើឱ្យការវិនិយោគលើវិស័យមួយនេះមានការលំបាកខ្លាំង។
ក្រោយពីមានលើកឡើងនេះ កូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ចេញមុខប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Facebook ខណៈក្រសួងវប្បធម៌ ក៏បានចេញលិខិតថ្កោលទោសផងដែរ។
ភ្លាមៗនោះ ឧកញ៉ា គីម ហ៊ាង ក៏បានសរសេរលិខិតសុំទោសដោយទទួលស្គាល់ថា ខ្លួនបាននិយាយប៉ះពាល់ដល់វប្បធម៌ជាតិ។

កាលពីខែកក្កដា ឆ្នាំ២០២១ អង្គការយូណេស្កូ ធ្លាប់បានដកទីក្រុង Liverpool របស់អង់គ្លេស ចេញពីបញ្ជីបេតិកភណ្ឌ ដោយសារទីក្រុងនេះមានការអភិវឌ្ឍគម្រោងសំណង់អគារខ្ពស់ៗ និងប្រណិតខុសពីទ្រង់ទ្រាយដើមនៃការចុះបញ្ជីរបស់យូណេស្កូ។ ទីក្រុង Liverpool គឺជាទីក្រុងទី៣ ដែលត្រូវបានយូណេស្កូដកចេញពីបញ្ជីបេតិកភណ្ឌ ក្រោយពីទទួលបាននាមអស់រយៈពេល ៤៣ឆ្នាំ។
អង្គការអន្តរជាតិមួយចំនួន រួមទាំងយូណេស្កូ និងប្រទេសជាដៃគូនៃសហប្រធានគណៈកម្មការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC) ដោយមានប្រទេសជប៉ុន និងប្រទេសបារាំង គ្រោងនឹងចុះហត្ថលេខាជាមួយកម្ពុជារយៈពេល ១០ឆ្នាំបន្តទៀត ដើម្បីធានាអំពីសម្បត្តិដូនតាដែលបានរក្សាទុកពីមុនមក។
ប្រាសាទអង្គរវត្ត ក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជាតែមួយគត់ ដោយរំលេចលើទង់ជាតិរបស់ប្រទេសជារូបភាពតំណាងប្រទេសជាតិខ្មែរ ហើយក៏បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ និងត្រូវចាត់ទុកថាជាកន្លែងបុរាណដ៏សំខាន់មួយនៅអាស៊ី។
ប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងទឹកដីនៃខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃ ២០០ហិកតារ រាងចតុកោណ ដោយមានកំពែងព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ហើយក៏ជាទីតាំងមួយដែលកងទ័ពខ្មែរទទួលបានជ័យជម្នះលើកងទ័ពសៀម ក្នុងសម័យរាជាណាចក្រអយុធ្យាសតវត្សទី១៧ ផងដែរ៕