37 C
Phnom Penh

លោក ហ៊ុន សែន ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​សៀមរាប​ពី​បារាំង​ឱ្យ​ចិន​គ្រប់គ្រង​៥៥​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​មួយ​រូប​ដែល​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក លោក ហ៊ុន សែន ប្រកាស​ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀមរាប ពី​ក្រុមហ៊ុន​បារាំង ហើយ​ប្រគល់​សិទ្ធិ​វិនិយោគ​ទាំងស្រុង​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន គ្រប់គ្រង​រយៈពេល ៥៥​ឆ្នាំ ដែល​មាន​ទុន​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក។

បុរស​ខ្លាំង​ក្រាញ​អំណាច​ប្រចាំ​តំបន់​អាស៊ី​រូប​នេះ​លើកឡើង​នៅ​ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​សំណង់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២២ ថា ការ​វិនិយោគ​នេះ គឺ​ប្រៀប​ដូចជា​ចិន​មាន​ម្សៅ​ស្ទើរតែ​ទាំងស្រុង​សម្រាប់​ធ្វើ​នំ​ឲ្យ​ខ្មែរ​ហូប ខណៈ​កម្ពុជា​មាន​ត្រឹមតែ​ដី​សម្រាប់​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​តែប៉ុណ្ណោះ។

លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​សៀមរាប ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បារាំង ប៉ុន្តែ​កម្ពុជា​នឹង​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​ជំនួស​វិញ ហើយ​កម្ពុជា​នឹង​ផ្តល់​សំណង​ឲ្យ​ក្រុមហ៊ុន​បារាំង​វិញ តែ​លោក​សង្ឃឹម​ថា ក្រុមហ៊ុន​បារាំង​នឹង​មិន​ទាមទារ​ឲ្យ​កម្ពុជា​សង​ថ្លៃ​ហួសហេតុ​ទេ បន្ទាប់ពី​ពួកគេ​អស់​សិទ្ធិ​ទទួល​ផល​ពី​ព្រលាន​យន្តហោះ​ដែល​ពួកគេ​ធ្លាប់​គ្រប់គ្រង​កន្លងមក។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ចិន បាន​បោះ​ទុន​វិនិយោគ​កសាង​អាកាសយានដ្ឋាន​លើ​ទឹកដី​ខេត្ត​សៀមរាប ដែល​បាន​ចំណាយ​ដើមទុន​ច្រើន​លើសលប់ ខណៈ​កម្ពុជា​មាន​ត្រឹមតែ​ទីតាំង​ប៉ុណ្ណោះ។

ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន YUNAN DEVELOPMENT GROUP គ្រោង​វិនិយោគ​នូវ​ទឹកប្រាក់​ប្រមាណ​ជា ៨៨០​លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន រយៈពេល ៥៥​ឆ្នាំ ស្ថិត​នៅ​ក្នុង​ឃុំ​ពពេល និង​ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប លើ​ផ្ទៃដី ៧០០​ហិកតារ។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ មេសា ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ធ្វើការ​ប្រៀបធៀប​ណា​មួយ​រវាង​ជំនួយ​របស់​ចិន និង​បារាំង​នោះ​ទេ ព្រោះ​ថា​ការ​ប្រៀបធៀប​បែប​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប្រទេស​សាមី​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​នឹង​កម្ពុជា ចំពោះ​សកម្មភាព​ដែល​ពួកគេ​ធ្លាប់​ខិតខំ​ជួយ​កម្ពុជា​កន្លងមក។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​បោះទុន​វិនិយោគ​លើ​វិស័យ​អាកាសចរ​នៅ​កម្ពុជា​មុន​គេ ខណៈ​ចិន​មិន​បាន​ជួយ​ខ្មែរ​ទេ​នៅ​ពេល​នោះ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​សម្រុក​ជួយ​កម្ពុជា​យ៉ាង​ច្រើន ជាពិសេស​តាមរយៈ​នៃ​ការ​ផ្តល់​កម្ចី​នានា​ដែល​ធ្វើ​ឱ្យ​ប្រទេស​លោក​សេរី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង បន្ទាប់ពី​គេ​មើល​ឃើញ​ថា កម្ពុជា​ហាក់​ងាក​ទៅ​មហាអំណាច​កុម្មុយនីស្ត​នា​ពេល​ចុងក្រោយ​នេះ។

ចំណែក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ មេសា ដែរ​ថា ប្រសិនបើ​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​ជា​ប្រាក់កម្ចី​របស់​ចិន ហើយ​ផ្តល់​សិទ្ធិ​ឱ្យ​ចិន​កាន់កាប់​ប្រមូល​ផលប្រយោជន៍​តាម​ទំនើង​ចិត្ត​នៅ​ពេល​ដាក់​ដំណើរការ​នោះ គឺ​មាន​ន័យ​ថា ចិន​កំពុង​ធ្វើ​ស្រែ​លើ​ខ្នង​ខ្មែរ​យ៉ាង​ពិតប្រាកដ។

កាលពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​ឲ្យ​បង្កើត​គណៈកម្មការ​ចរចា​ជាមួយ​ក្រុមហ៊ុន SCA របស់​បារាំង ដើម្បី​បញ្ចប់​កិច្ចសន្យា​សម្បទាន​មុន​ពេល​កំណត់​ក្នុង​ការ​អភិវឌ្ឍ និង​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​លើ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​បច្ចុប្បន្ន ដើម្បី​ទូទាត់​សំណង​ដល់​ក្រុមហ៊ុន​នោះ ដោយ​បង្វែរ​ការ​គ្រប់គ្រង​នេះ​ទៅ​ឱ្យ​ចិន​ជា​អ្នក​គ្រប់គ្រង​ជំនួស​វិញ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ដាក់​វិនិយោគ​របស់​ចិន​លើ​ព្រលាន​យន្តហោះ​ថ្មី​នេះ មិន​បាន​ផ្តល់​ផលប្រយោជន៍​សម្រាប់​កម្ពុជា និង​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ ព្រោះ​ថា​បើ​គិត​លើ​ចំណូល​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​កម្មករ និង​ការ​លក់ដូរ​អីវ៉ាន់​បន្តិចបន្តួច​នៅ​ក្នុង​ព្រលាន​នេះ គឺ​ទទួល​បាន​ផល​តិចតួច​ណាស់ បើ​ធៀប​ទៅ​នឹង​ក្រុមហ៊ុន​ចិន​ដែល​ត្រូវ​ប្រមូល​លុយ​ពី​សេវាកម្ម​ទេសចរណ៍​ដែល​ចូល​មក​ព្រលាន​នេះ​ក្នុង​រយៈពេល ៥៥​ឆ្នាំ ខណៈ​អ្នក​ប្រកប​អាជីវកម្ម​ធំៗ​ក៏​ជា​ឈ្មួញ​របស់​ចិន​ថែម​ទៀត​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស