34 C
Phnom Penh

ស្ថានទូត​រុស្ស៊ី​នៅ​កម្ពុជា​បដិសេធ​ញត្តិ​ក្រុម​យុវជន​ខ្មែរ​ដែល​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា បដិសេធ​មិន​ទទួល​យក​ញត្តិ​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សកម្មជន​បរិស្ថាន ដែល​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បញ្ឈប់​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន។

អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​បរិស្ថាន ដូចជា​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ជាដើម បាន​ដាក់​ញត្តិ​របស់​ខ្លួន​ទៅកាន់​ស្ថានទូត​រុស្ស៊ី ប្រចាំ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ ថា ពួកគេ​ស្នើសុំ​ឱ្យ​រុស្ស៊ី​ស្ដារ​ឡើងវិញ​នូវ​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ដើម្បី​ចៀសវាង​ទណ្ឌកម្ម​របស់​ពិភពលោក និង​បញ្ចៀស​នូវ​ការ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​អ៊ុយក្រែន។

ថ្លែង​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ មេសា សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ស្ថានទូត​រុស្ស៊ី ដែល​មិន​ទទួល​ញត្តិ​ពួកគេ។ លោក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​នាំ​សារ​របស់​ពួកគាត់​ទៅ​ដល់​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ឱ្យ​បាន​ដឹង​ថា យុវជន​ខ្មែរ​ក៏​មិន​នៅ​ស្ងៀម​ដែរ​ក្នុង​ការ​ទាមទារ​ឱ្យ​ប្រទេស​រុស្ស៊ី បញ្ឈប់​ការ​ឈ្លានពាន និង​វិល​មក​រក​ការ​ចរចា​ជាមួយ​ប្រទេស​អ៊ុយក្រែន​វិញ។

ប្រភព​ដដែល​លើកឡើង​ថា សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដែល​បាន​ផ្ទុះឡើង​អស់​រយៈពេល​ប្រមាណ​ជិត ៤០​ថ្ងៃ​មក​នេះ បាន​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់ និង​កងទ័ព​អស់​រាប់​ម៉ឺន​នាក់។ ចំណែក​វិបត្តិ​មនុស្សធម៌ វិបត្តិ​សេដ្ឋកិច្ច ដូចជា​ការ​កើនឡើង​នូវ​តម្លៃ​ប្រេងឥន្ធនៈ ជាដើម បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក ដែល​ធ្វើ​ឱ្យ​ប្រទេស​ខ្លះ​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារតែ​សង្គ្រាម​នេះ។

សកម្មជន​បរិស្ថាន លោក លី ចាន់ដារ៉ាវុធ បាន​ថ្លែង​ថា ការ​ដាក់​ញត្តិ​នេះ​ដើម្បី​បង្ហាញ​ការ​សាមគ្គីភាព​ជាមួយ​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​រង​ការ​បំផ្លិចបំផ្លាញ។ លោក​ថា រុស្ស៊ី​ដាក់​ទ័ព​ទៅលើ​ប្រទេស​មួយ​នេះ គឺជា​រឿង​មិន​ត្រឹមត្រូវ ខុសច្បាប់​អន្តរជាតិ និង​អាច​បង្ក​ឱ្យ​មាន​អស្ថិរភាព​នៅ​លើ​ពិភពលោក​ថែម​ទៀត។

អង្គការ​សមាគម​ទាំងនោះ​ត្អូញត្អែរ​ថា ក្នុង​នាម​ខ្លួន​ជា​ពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​ស៊ីវិល​ដ៏​សែន​ជូរចត់​ជិត ២​ទសវត្ស បាន​ស្គាល់​យ៉ាង​ច្បាស់​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​អ៊ុយក្រែន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម ជាពិសេស​គឺ​ការ​បាត់បង់​សមាជិក​គ្រួសារ បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់ និង​ការ​រស់នៅ​ក្រោម​ភាព​ភ័យខ្លាច ជាដើម។

កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​ប្រកាស​បើក​ការ​វាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន ក្រោម​ហេតុផល​ថា ដើម្បី​រំដោះ​អ៊ុយក្រែន​ពី​របប​ដឹកនាំ​បែប​ណាហ្ស៊ី​សម័យ​ថ្មី ដែល​បាន​ធ្វើ​បាប​ប្រជាជន​អ៊ុយក្រែន​សព្វថ្ងៃ​នេះ ហើយ​រុស្ស៊ី​គ្មាន​បំណង​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ។

ក្រោយ​ការ​ប្រកាស​ឈ្លានពាន​របស់​រុស្ស៊ី មេដឹកនាំ​អ៊ុយក្រែន លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​ដឹកនាំ​កម្លាំង​យោធា​របស់​ខ្លួន​ប្រយុទ្ធ​តស៊ូ​ជាមួយ​កងទ័ព​រុស្ស៊ី​យ៉ាង​ស្វិតស្វាញ ដែល​ធ្វើ​ឱ្យ​រុស្ស៊ី​មិន​អាច​ដណ្តើម​កាន់កាប់​ក្រុង​សំខាន់ៗ​របស់​អ៊ុយក្រែន​បាន​សូម្បី​តែ​មួយ។

យ៉ាងណាក៏ដោយ ក្នុង​រយៈពេល ៤០​ថ្ងៃ​មក​នេះ ភាគី​ច្បាំង​គ្នា​ទាំង​ពីរ​ក៏​បាន​សម្រេច​ទៅ​រក​តុ​ចរចា​ផង​ដែរ ដោយ​បាន​ធ្វើឡើង​ចំនួន ៧​លើក​រួច​មក​ហើយ ប៉ុន្តែ​ការ​ចរចា​នេះ​ត្រូវ​បរាជ័យ​ទាំងអស់។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​លើកឡើង​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា ទោះបីជា​ក្រុម​និស្សិត​បញ្ញវន្ត​ខ្មែរ សកម្មជន​សិទ្ធិមនុស្ស​យក​ញត្តិ​ដាក់​ជូន​ទៅ​ស្ថានទូត​រុស្ស៊ី ដើម្បី​ស្នើ​បញ្ឈប់​ការ​ឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយក្រែន​ក្តី ប៉ុន្តែ​លោក​ថា​ទំនង​ជា​រុស្ស៊ី​មិន​ធ្វើ​តាម​សំណើ​របស់​ពួកគេ​នោះ​ទេ។ លោក​បន្ត​ថា កន្លងមក​មាន​ប្រទេស​មហាអំណាច​មួយ​ចំនួន​ជួយ​អន្តរាគមន៍​ដើម្បី​បញ្ចប់​សង្គ្រាម​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​រុស្ស៊ី​មិន​ធ្វើ​តាម​ឡើយ។

កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ស្ដីពី​ស្ថានភាព​នៅ​ប្រទេស​អ៊ុយក្រែន ថា ខ្លួន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍ និង​ការ​ប៉ះទង្គិច​អាវុធ​នៅ​ប្រទេស​អ៊ុយក្រែន ដូច្នេះ​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ទៅ​បាន មាន​តែ​អនុវត្ត​ស្របតាម​ច្បាប់​អន្តរជាតិ គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​សន្ធិសញ្ញា​មិត្តភាព​ប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស