34 C
Phnom Penh

មេដឹកនាំ NATO ព្យាករ​ថា​រុស្ស៊ី​នឹង​មាន​ផែនការ​វាយ​កាន់កាប់​តំបន់ Donbas របស់​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា រុស្ស៊ី​ទំនង​នឹង​បើក​ការ​វាយប្រហារ​សាជាថ្មី​លើ​តំបន់ Donbas ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មេសា។

លោក​អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) ប្រាប់​ទៅ​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​ស្ថិតនៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី Volodymyr Zelenskiy ឲ្យ​ត្រៀម​ទ័ព​ឱ្យ​បាន​រឹងមាំ។

ការ​លើកឡើង​របស់​លោក Stoltenberg ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្ងៃ​មុន​នឹង​កិច្ចប្រជុំ​កំពូល​របស់​រដ្ឋមន្ត្រី​ការបរទេស NATO ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​មាន​វត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba ផង​ដែរ។

លោក Stoltenberg ព្យាករ​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ កងទ័ព​រុស្ស៊ី​អាច​នឹង​វាយលុក​ចូល​តំបន់​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​របស់​អ៊ុយក្រែន ដើម្បី​កាន់កាប់​តំបន់ Donbas ទាំងស្រុង ហើយ​សាងសង់​ផ្លូវ​ត​ភ្ជាប់​មួយ​ឆ្ពោះ​ទៅ​កាន់​តំបន់​គ្រីមៀរ ដែល​រុស្ស៊ី​យក​បាន​តាមរយៈ​ការ​បោះឆ្នោត​ផ្ដាច់ខ្លួន​ពី​អ៊ុយក្រែន កាលពី​ឆ្នាំ​២០១៤។

អគ្គលេខាធិការ​អង្គការ​ណាតូ បាន​បញ្ជាក់​ថា រុស្ស៊ី​ក្រោម​ការ​ដឹកនាំ​របស់​លោក វ៉្លាឌីមៀរ ពូទីន នឹង​មិន​លះបង់​ចោល​ការ​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយក្រែន​នោះ​ទេ ហើយ​ថា​ប្រទេស​រុស្ស៊ី​នឹង​ព្យាយាម​ប្រមូល​កម្លាំង​ទ័ព​ឡើងវិញ ដើម្បី​វាយ​កាន់កាប់​តំបន់ Donbas។ ប៉ុន្តែ​លោក Stoltenberg ក៏​រំឭក​អ៊ុយក្រែន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​វាយបក​ទៅលើ​រដ្ឋធានី​គៀវ ទោះជា​រុស្ស៊ី​ដក​ទ័ព​ចេញពី​តំបន់​នៅ​ក្បែរ​រដ្ឋធានី​មួយ​នេះ​ក៏ដោយ។

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​អង្គការ​ណាតូ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក NATO ផ្ដល់​អាវុធ​បន្ថែម​ដែល​ចាំបាច់​មក​ឱ្យ​ទីក្រុង​គៀវ ដើម្បី​យក​ទៅ​ប្រយុទ្ធ​ទប់ទល់​ជាមួយ​នឹង​កងទ័ព​រុស្ស៊ី។

ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស NATO ក្នុង​ទីក្រុង​ប្រ៊ុចសែល លោក Dmytro Kuleba បាន​ទទូច​ថា ការ​ជួយ​ផ្ដល់​សព្វាវុធ​ដល់​អ៊ុយក្រែន គឺ​សំខាន់​បំផុត។ លោក​អំពាវនាវ​ឱ្យ​សម្ព័ន្ធភាព​ទាំងអស់​សាមគ្គី​គ្នា​ក្នុង​ការ​ជួយ​ប្រជាជន​អ៊ុយក្រែន។

រដ្ឋាភិបាល​អ៊ុយក្រែន បាន​អំពាវនាវ​ជាច្រើន​លើក​ដល់​បស្ចិម​ប្រទេស​ឱ្យ​បង្កើន​ការ​ជួយ​សព្វាវុធ ក្នុង​នោះ​រួម​មាន​ទាំង​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស កាំភ្លើង​ធំ រថក្រោះ និង​យន្តហោះ​ចម្បាំង។

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy បាន​ថ្លែង​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ ទី​៥ មេសា ថា ការ​ទទួល​ខុសត្រូវ គឺ​ត្រូវតែ​មាន​ចំពោះ​របប​លោក ពូទីន។ លោក​លើកឡើង​ដូច្នេះ​នៅ​ពេល​ដែល​លោក​បាន​ចោទប្រកាន់​កងទ័ព​រុស្ស៊ី ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​មក។

លោក Zelenskiy បាន​បង្ហាញ​វីដេអូ​ខ្លី​មួយ​អំពី​សាកសព​ដែល​ត្រូវ​គេ​ដុត​ពោរពេញ​ដោយ​ឈាម និង​ដាច់​ខ្ទេចខ្ទី ដែល​ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ​នៅ​ក្នុង​ក្រុង Irpin តំបន់ Dymerka ទីក្រុង Mariupol និង​ក្រុង Bucha ប្រទេស​អ៊ុយក្រែន។ តែ​សម្រាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Vassily Nebenzia បាន​ច្រានចោល​ការ​ចោទប្រកាន់​ដែល​ថា​កងទ័ព​រុស្ស៊ី​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ការ​បដិសេធ​របស់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី នៅ​ពេល​លោក​ថ្លែង​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskiy។

ចំណែក​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​ព្រមាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន គឺជា​ការ​ប្រឈម​ដ៏​ធំ​បំផុត​មួយ​ចំពោះ​សណ្ដាប់ធ្នាប់​អន្តរជាតិ។ លោក Gutteres បាន​និយាយ​ថា សង្គ្រាម​នេះ​បាន​ដាក់​សម្ពាធ​បន្ថែម​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​មនុស្ស​ជាង ១២០០​លាន​នាក់​នឹង​រងគ្រោះ​ដោយ​ការ​ឡើង​ថ្លៃ​ស្បៀងអាហារ និង​ថាមពល។

នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ គេ​រំពឹង​ថា មហាសន្និបាត​អង្គការ​សហប្រជាជាតិ​អាច​រក​សំឡេង​ភាគច្រើន​ថ្កោលទោស​រុស្ស៊ី ហើយ​នឹង​ឈាន​ដល់​ការ​ដក​សមាជិកភាព​របស់​រុស្ស៊ី​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក។

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​ប្រើ​ពេលវេលា​ជាង ៤០​ថ្ងៃ​មក​ហើយ។ សង្គ្រាម​ដែល​អ្នកជំនាញ​កិច្ចការ​សន្តិសុខ​ពិភពលោក ព្រមាន​ថា​ជា​ហានិភ័យ​ដ៏​ផុយ​ស្រួយ​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ បើ​អង្គការ​យោធា​ណាតូ​បញ្ជូន​ទ័ព​ជួយ​កងទ័ព​អ៊ុយក្រែន ឬ​ក៏​កងទ័ព​រុស្ស៊ី បាញ់​ផ្លោង​ទៅ​លើ​ប្រទេស​ណា​មួយ​ជា​សមាជិក​ណាតូ។

ផែនការ​សឹក​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន គឺ​បញ្ជា​ទ័ព​ឱ្យ​លុកលុយ​ប្រទេស​អ៊ុយក្រែន ដើម្បី​បញ្ចប់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskiy ដែល​ក្រុង​មូស្គូ​ចាត់ទុក​ជា​មេដឹកនាំ​និយម​ពួក​បស្ចិម​ប្រទេស។

ដើម​ហេតុ​ដែល​នាំ​ឱ្យ​មាន​សង្គ្រាម គឺ​មាន​ចំណុច​ពីរ​ដ៏​សំខាន់ គឺ​ទី​មួយ រុស្ស៊ី​ដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​អ៊ុយក្រែន ឱ្យ​លះបង់​ការ​ប៉ុនប៉ង​ចូល​ជា​សមាជិក​អង្គការ​យោធា​ណាតូ ដែល​ក្រុង​មូស្គូ ចាត់ទុក​ថា​លោក Zelenskiy ជា​អ្នក​បង្ក​អសន្តិសុខ​ដល់​មាត់​ទ្វារ​របង​ព្រំដែន​របស់​រុស្ស៊ី និង​ទី​ពីរ រុស្ស៊ី​មាន​ផែនការ​វាយ​កាន់កាប់​តំបន់ Donbas ឱ្យ​មក​នៅ​ក្រោម​ចំណុះ​របស់​សហព័ន្ធ​រុស្ស៊ី គឺ​ដូច​រុស្ស៊ី យក​បាន​តំបន់​គ្រីមៀរ កាលពី​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​បំបែក​ទឹកដី។

ចាប់តាំង​ពី​ឆ្នាំ​២០១៤ មក តំបន់ Donbas ក្លាយជា​ភ្លក់​ភ្លើង​សង្គ្រាម​រហូត​មក​ដល់​លោក ពូទីន បញ្ជា​កងទ័ព​រុស្ស៊ី​បើក​ការ​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយក្រែន បណ្ដាល​ឱ្យ​សង្គ្រាម​ផ្ទុះ​ធ្ងន់ធ្ងរ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន​មកដល់​ពេល​នេះ។

តំបន់ Donbas ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។ តំបន់​នេះ​មាន​ផ្ទៃដី​សរុប​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​ជាង ៤​លាន ១​សែន​នាក់។ ជា​តំបន់​ដែល​សម្បូរ​ដោយ​រ៉ែ​ធម្មជាតិ ជាពិសេស​គឺ​ឧស្ម័ន និង​ធ្យូងថ្ម។ ការពិត រុស្ស៊ី​មាន​ផែនការ​យក​តំបន់ Donbas តាំងពី​ឆ្នាំ​២០១២ ជា​ឆ្នាំ​ដែល​លោក ពូទីន បាន​ឡើង​ធ្វើជា​ប្រធានាធិបតី​រុស្ស៊ី​លើក​ទី​ពីរ។ ក្នុង​ដំណាក់កាល​លើក​ទ័ព​វាយ​កាន់កាប់​រដ្ឋធានី​គៀវ មិន​បាន​សម្រេច លោក ពូទីន ប្រកាស​ផែនការ​ថ្មី គឺ​ត្រូវ​ដណ្ដើម​ទឹកដី​អ៊ុយក្រែន ឱ្យ​បាន​ខ្លះ​មក​នៅ​ក្រោម​រុស្ស៊ី គឺ​តំបន់ Donbas នេះ​តែម្ដង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស