34.8 C
Phnom Penh

ទូត​បារាំង​បារម្ភ​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ទាប់ពី​រដ្ឋាភិបាល​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (NIG) ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅពេល​ខាងមុខ​នេះ។

ការ​បង្ហាញ​ក្ដី​បារម្ភ​របស់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក Jacques PELLET ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២។

ស្ថានទូត​បារាំង បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​៧ មេសា ថា ក្នុង​ជំនួប​ពិភាក្សា​នោះ​ក៏​បាន​លើកឡើង​ពី​គម្រោង​កំណែ​ទម្រង់​របស់​ក្រសួង​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​នោះ​គម្រោង​បង្កើត​តុលាការ​ពាណិជ្ជកម្ម និង​ការងារ​ការ​អភិវឌ្ឍ​មជ្ឈត្តកម្ម​ពាណិជ្ជកម្ម ការ​ពន្លឿន​នីតិវិធី​តុលាការ ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ។

ក្នុង​កិច្ចពិភាក្សា​នោះ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា លោក Jacques PELLET ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស ជាពិសេស​លើ​គម្រោង​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (NIG) ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​សារសំខាន់​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដោយ​សេរី ត្រឹមត្រូវ និង​តម្លាភាព។

ការ​លើកឡើង​របស់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក Jacques PELLET ស្រប​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខណៈ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

កាលពី​ពាក់កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ​២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ពន្យារ​ពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ» ក្រោម​ហេតុផល​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ កំពុង​កើនឡើង។ ការ​សម្រេច​ពន្យារ​ពេល​នេះ ធ្វើឡើង​អំឡុង​ផ្អាក​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ក្នុង​ឆ្នាំ​២០២២ នេះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ប្រាប់​អ្នក​សារព័ត៌មាន​កន្លង​មក​ថា លោក​សង្កេត​ឃើញ​ថា កន្លងមក រដ្ឋាភិបាល​បាន​រៀបចំ​ជា​អង្គភាព ឬ​ស្ថាប័ន​មួយ​ចំនួន​ដើម្បី​តាម​ឃ្លាំមើល​ក្រុមហ៊ុន ឬ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​រួច​ទៅ​ហើយ។ ដូច្នេះ​នៅ​ពេល​អនុក្រឹត្យ​ស្ដីពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ត្រូវ​បាន​អនុវត្ត​នោះ រដ្ឋអំណាច​នឹង​មាន​លទ្ធភាព​ខ្ពស់​ជាង​មុន​នៅ​ក្នុង​ការ​តាមដាន​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់ ជាពិសេស​ពាក់ព័ន្ធ​នឹង​ជំហរ​នយោបាយ​ជំទាស់ ឬ​រិះគន់​រដ្ឋាភិបាល។

កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្អាក​ផែនការ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ» ដោយ​អះអាង​ថា អនុក្រឹត្យ​នេះ​មាន​ការ​រឹតត្បិត ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន និង​សេរីភាព​បែប​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

បើ​តាម​ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា អនុក្រឹត្យ​នេះ​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អាច​តាមដាន​សកម្មភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ស្កាត់​ចាប់​យក និង​ត្រួតពិនិត្យ​ការ​ប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំង​ប្រមូល រក្សាទុក និង​ចែករំលែក​ព័ត៌មាន​បុគ្គល​របស់​អ្នក​ប្រើប្រាស់​នីមួយៗ។

មួយ​វិញ​ទៀត អនុក្រឹត្យ​នេះ​ក៏​បាន​ផ្ដល់​អំណាច​លើសលប់​ដល់​ប្រតិបត្តិករ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ក្នុង​ការ​តាមដាន​គេហទំព័រ​ដែល​មនុស្ស​ទូទៅ​ចូល​មើល ក៏ដូចជា​បណ្ដុំ​ទិន្នន័យ​លម្អិត​ទាក់ទង​នឹង​រាល់​ការ​ចូល​មើល​គេហទំព័រ រួម​ទាំង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​អាច​បិទ​ការ​ចូល​ប្រើ​អ៊ីនធឺណិត ឬ​បិទ​គេហទំព័រ ឬ​ដែន​អ៊ីនធឺណិត​ជាក់លាក់​ណា​មួយ​តាម​អំពើ​ចិត្ត​ថែម​ទៀត​ផង។

កន្លងមក ក្រសួង​ការបរទេស បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​ថា ការ​ចោទប្រកាន់​ដែល​ថា​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ត្រួតពិនិត្យ និង​តាមដាន​រាល់​សកម្មភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចាប់ និង​រឹត​បន្តឹង​ការ​ប្រាស្រ័យ​ទាក់ទង​នានា​តាម​ប្រព័ន្ធ​ឌីជីថល ព្រមទាំង​ប្រមូល រក្សាទុក និង​ចែករំលែក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​នោះ បង្កើត​ហានិភ័យ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ គឺជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស