ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ស្នើឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ដើម្បីបង្កើនភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងកោះជាមួយប្រទេសជិតខាង។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលដែលធ្វើឡើងនៅស្ថានទូតបារាំងជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី៥ ខែឧសភា ថា លោកមិនទាន់បានទទួលព័ត៌មានលម្អិតអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាងនៅឡើយទេរហូតដល់ពេលនេះ។ លោកថា បញ្ហាព្រំដែន គឺត្រូវដោះស្រាយតាមការចរចារវាងប្រទេសពាក់ព័ន្ធ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា កម្ពុជាកំពុងបាត់បង់ទឹកដីទៅប្រទេសជិតខាងជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់បក្សកាន់អំណាចជាង ៤០ឆ្នាំមកនេះ ជាពិសេសគឺដែនសមុទ្ររបស់ខ្មែរ។
ជុំវិញបញ្ហានេះ ចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (International Tribunal for the law of the sea “ITLOS”) និងជាអតីតអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Horinouchi ក៏ធ្លាប់បានលើកឡើងក្នុងវេទិកាមួយនៅសណ្ឋាគារ Le Royal ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាធ្វើសច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីទទួលបានអត្ថប្រយោជន៍នៅដែនសមុទ្រ ព្រមទាំងអាចដោះស្រាយដែនសមុទ្រ និងកោះរបស់កម្ពុជាដែលកំពុងមានជម្លោះជាមួយប្រទេសថៃ និងវៀតណាម រហូតមកនោះ។
រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើច្បាប់សមុទ្រ (UNCLOS) នៅឆ្នាំ១៩៨៣ ប៉ុន្តែមិនទាន់បានពេញលេញនៅឡើយទេ ដូច្នេះតម្រូវឱ្យកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) នេះបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈពេញលេញសម្រាប់ការចរចាជាមួយប្រទេសជិតខាង និងដើម្បីទុកធ្វើជាមូលដ្ឋានក្នុងការការពារទឹកដីរបស់ខ្លួន។
កម្ពុជាស្ថិតក្រោមការត្រួតត្រារបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំដែលមិនព្រមធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ឱ្យបានពេញលេញនេះ ត្រូវគេសង្ស័យថា ដោយសារគាត់បារម្ភខ្លាចច្បាប់មួយនេះធ្វើឱ្យប៉ះពាល់ដល់សន្ធិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ដែលគាត់បានចុះហត្ថលេខាជាមួយវៀតណាម អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ សម័យវៀតណាម ត្រួតត្រាកម្ពុជានោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា បើកម្ពុជាប្រើច្បាប់សមុទ្រ (UNCLOS) គឺប្រឆាំងទៅនឹងសន្ធិសញ្ញាខុសច្បាប់ដែលលោក ហ៊ុន សែន ចុះហត្ថលេខាប្រគល់កោះត្រល់ និងកោះក្រចកសេះរបស់ខ្មែរទៅឱ្យវៀតណាម ជាមិនខាន ជាពិសេស បើរដ្ឋាភិបាលកម្ពុជាប្តឹងវៀតណាម ទៅតុលាការអន្តរជាតិដោយប្រើច្បាប់នេះ នោះកម្ពុជានឹងអាចប្រមូលទឹកដីរបស់ខ្លួនត្រឡប់មកវិញយ៉ាងពិតប្រាកដ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

