41.3 C
Phnom Penh

អ្នក​ការទូត​រុស្ស៊ី​ចាកចេញ​ពី​ក្រុង​ហ្សឺណែវ​ក្រោយពី​មហាសន្និបាត​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​លើ​លោក​នេះ​ពុំ​មាន​អ្វី​ដែល​អាច​រារាំង​មិន​ឲ្យ​យក​ឈ្នះ​បាន​ទៅលើ​អំពើ​អាក្រក់​នោះ​ទេ ឲ្យ​តែ​យើង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ។ ចាប់តាំង​ពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក គឺ​ប្រទេស​ទាំងឡាយ​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ជួយ​ទប់ស្កាត់​សង្គ្រាម​កុំ​ឲ្យ​រីក​រាលដាល និង​ទប់ស្កាត់​កុំ​ឲ្យ​ប្រែ​ក្លាយ​ជា​មហា​សោកនាដកម្ម តែ​ទីបំផុត វិបត្តិ​នេះ​នៅតែ​កើតមាន​ដែល​បណ្ដាល​ឲ្យ​ជនស៊ីវិល​ស្លាប់​យ៉ាង​រង្គាល និង​ខ្លោចផ្សា។

ដោយសារតែ​សោកនាដកម្ម​នេះ បញ្ហា​ចាំបាច់​បំផុត​ដែល​ពិភពលោក​ត្រូវតែ​រួម​គ្នា​ប្រាប់​ទៅ​រុស្ស៊ី​ឲ្យ​ដឹង​ថា ពិភពលោក​មិន​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ធ្វើ​អំពើ​ព្រៃផ្សៃ ដោយ​គ្មាន​ទទួល​ទោស​កំហុស ហើយ​ចេះ​តែ​អះអាង​ថា​ខ្លួន​កំពុង​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។

នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ដែល​បាន​ថ្លែង​ក្រោយ​ការ​បិទ​សម័យប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​ឈាន​ដល់​ការ​ព្យួរ​សមាជិកភាព​ប្រទេស​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា នៅ​ក្រុង​ញីវយ៉ក។

មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដោយសារ​មាន​ភស្តុតាង​បង្ហាញ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ដោយ​កងទ័ព​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​ទាំង​សហគមន៍​អន្តរជាតិ និង​អ៊ុយក្រែន ចាត់ទុក​ជា​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ គឺ ៩៣​សំឡេង​គាំទ្រ ទល់នឹង ២៤​សំឡេង​ជំទាស់ និង ៥៨​សំឡេង​អនុប្បវាទ។ តែ​បើ​យោង​តាម​កាសែត New York Times សំឡេង​អនុប្បវាទ​មិន​ត្រូវ​បាន​រាប់​នោះ​ទេ គឺ​ដូច​សំឡេង​អ្នក​មិន​បាន​បោះឆ្នោត​នោះ​ដែរ។ New York Times ពន្យល់​ថា គេ​ធ្វើការ​ផ្ទៀងផ្ទាត់​តែ​រវាង​សំឡេង​ឆ្នោត​គាំទ្រ និង​សំឡេង​ជំទាស់ ដែល​នាំ​ឱ្យ​មហាសន្និបាត​រក​ឃើញ​សំឡេង​លើស ២/៣ ដោយ​សម្រេច​ថា​សមាជិកភាព​របស់​រុស្ស៊ី​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​ព្យួរ​ជា​ផ្លូវការ​ហើយ។

អ្នកស្រី Linda Thomas-Greenfield ជា​អ្នក​ផ្ដួចផ្ដើម​យុទ្ធនាការ​បោះឆ្នោត​ព្យួរ​សមាជិកភាព​រុស្ស៊ី នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស។ អ្នកស្រី​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ថា កាលពី​លើក​ទី​១ មហាសន្និបាត​រក​បាន​សំឡេង ១៤១ ដោយ​សម្រេច​ថ្កោលទោស​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន និង​ទាមទារ​ឱ្យ​ដក​ទ័ព​រុស្ស៊ី​ចេញពី​អ៊ុយក្រែន។ ចំណែក​លើក​ទី​២ មហាសន្និបាត​រក​បាន​សំឡេង ១៤០ ដោយ​រំឭក​ឲ្យ​រុស្ស៊ី​បញ្ចប់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ តែ​លើក​នេះ អ្នកស្រី​ថា កម្លាំង​សាមគ្គីភាព​នៃ​អ្នក​ប្រឆាំង​ឈ្លានពាន​នៅតែ​រឹងមាំ ហើយ​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ព្រោះ​យើង​បាន​ឈ្នះ​លើ​សមរភូមិ​ការទូត​មួយ​ដ៏​អស្ចារ្យ និង​ជា​ប្រវត្តិសាស្ត្រ។

តាម​អ្នកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ​អះអាង​ថា លទ្ធផល​ដែល​នាំ​ឱ្យ​ព្យួរ​សមាជិកភាព​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស គឺជា​សារ​ដ៏​ខ្លាំង​មួយ​នៃ​កម្លាំង​រួម​គ្នា​របស់​សហគមន៍​អន្តរជាតិ ដែល​ប្រាប់​ទៅ​ជនរងគ្រោះ​អ៊ុយក្រែន​ថា ពិភពលោក​មិន​បាន​បិទ​ភ្នែក​មើល​អ្នក​ត្រូវ​រង​ការ​ឈឺចាប់​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ពិភពលោក​កំពុង​ឈរ​ជាមួយ​នឹង​ប្រជាជន​អ៊ុយក្រែន​ជានិច្ច។

អ្នកស្រី​អះអាង​ថា ស្មារតី​ដែល​នាំ​ឱ្យ​មហាសន្និបាត​សម្រេច​ដូច​នេះ គឺ​អនុលោម​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។ តែ​អ្នកស្រី​ព្រមាន​ថា​នឹង​មិន​ទាន់​ចប់​ទេ​នូវ​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​របប​លោក វ៉្លាឌីមៀរ ពូទីន បើ​រុស្ស៊ី​នៅតែ​បញ្ឆេះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

ចំណែក​ប្រទេស​ចិន ត្រូវ​បាន​រាយការណ៍​មក​ថា បាន​បោះឆ្នោត​ជំទាស់។ នៅ​មុន​ការ​ធ្វើ​សេចក្ដី​សម្រេច​បោះឆ្នោត គឺ​តំណាង​ចិន​ប្រកាស​ថា ក្រុង​ប៉េកាំង​មិន​យល់ព្រម​ឲ្យ​មាន​ការ​ព្យួរ​សមាជិកភាព​ប្រទេស​រុស្ស៊ី​នោះ​ទេ។ តំណាង​ប្រទេស​មហាអំណាច​មួយ​នេះ​ថា គេ​ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉ត់ចត់ និង​ឯករាជ្យ​នូវ​ការ​ចោទ​ថា​កងទ័ព​រុស្ស៊ី ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទៅលើ​ជនស៊ីវិល។

ដោយឡែក​រុស្ស៊ី វិញ បាន​ចេញ​សារ​គំរាម​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់​ថា រាល់​ការ​បោះឆ្នោត​យល់ព្រម និង​អនុប្បវាទ នឹង​ត្រូវ​ភាគី​រុស្ស៊ី​ចាត់ទុក​ថា​ជា​អំពើ​អមិត្ត ដែល​មាន​ន័យ​ថា​នឹង​មាន​ផលវិបាក​ទៅលើ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​នោះ​ជាមួយ​នឹង​រុស្ស៊ី។

ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ី ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Gennady Kuzmin បាន​ហៅ​ចំណាត់ការ​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ថា​ជា​ទង្វើ​ខុសច្បាប់ និង​មាន​ចេតនា​នយោបាយ​អាណានិគម​របស់​សហរដ្ឋ​អាមេរិក។

បើ​យោង​តាម​ដំណឹង​មួយ​ពី​ប្រទេស​ស្វីស អ្នក​ការទូត​របស់​រុស្ស៊ី​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ហ្សឺណែវ បាន​សម្រេច​ចាកចេញ​ទៅកាន់​ក្រុង​មូស្គូ ហើយ​នៅ​ថ្ងៃ​នេះ។

លោក Louis Charbonneau គឺជា​នាយក​អង្គការ Human Rights Watch នៅ​អង្គការ​សហប្រជាជាតិ។ លោក​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី គឺជា​សារ​មួយ​ដ៏​ធ្ងន់​ប្រាប់​ទៅ​មេដឹកនាំ​រុស្ស៊ី និង​មេដឹកនាំ​ផ្ដាច់ការ​ផ្សេងៗ​ទៀត​ថា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ពុំ​មែន​ជា​កន្លែង​តថ្លៃ​ជំនួញ​នោះ​ទេ។

លោក​បាន​ហៅ​សោកនាដកម្ម​នៅ​តំបន់ Bucha និង​នៅ​ទីក្រុង Mariupol ដែល​កងទ័ព​រុស្ស៊ី​សម្លាប់​ជនស៊ីវិល​យ៉ាង​សហាវ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​របប​ក្រុង​មូស្គូ ត្រូវតែ​ទទួល​ខុសត្រូវ​រឿង​នេះ​នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC។

តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters គឺ​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​មេសា នេះ មនុស្ស​យ៉ាង​តិច​ណាស់ ៣០​នាក់​ត្រូវ​បាន​សម្លាប់ និង​ច្រើន​ជាង ១០០​នាក់​រង​របួស​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ពី​សំណាក់​កងទ័ព​រុស្ស៊ី ដែល​បាញ់​ទៅលើ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។

ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​អ៊ុយក្រែន នៅ​ក្នុង​តំបន់​នោះ បាន​ឲ្យ​ដឹង​ថា ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​កើតមាន​ឡើង​ចំ​ពេល​ជនស៊ីវិល​កំពុង​ព្យាយាម​ជម្លៀស​ខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព ក្រោយ​ទទួល​បាន​ការ​ព្រមាន​ឱ្យ​ជម្លៀស​ខ្លួន​ដោយ​អាជ្ញាធរ​តំបន់​នោះ ព្រោះ​ទ័ព​រុស្ស៊ី​នឹង​បើក​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​នៅ​លើ​តំបន់ Donbas នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កងទ័ព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា កងទ័ព​រុស្ស៊ី បាន​ដក​ខ្លួន​ចេញ​ទាំងស្រុង​ពី​ភាគ​ខាងជើង​អ៊ុយក្រែន ដោយ​ឱ្យ​ទៅ​កាន់​ប្រទេស​បេឡារូស និង​ខ្លះ​ទៀត​វិល​ចូល​ទឹកដី​រុស្ស៊ី វិញ។ ចំណែក​មួយ​ចំនួន​ធំ​ត្រូវ​បញ្ជូន​ទៅ​ភាគ​ខាងកើត​អ៊ុយក្រែន ដើម្បី​ត្រៀម​ប្រយុទ្ធ​ដណ្ដើម​កាន់កាប់​តំបន់ Donbas៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស