27 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន យក​សន្តិភាព​បាំង​មុខ​ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា រិះគន់​ថា សន្តិភាព​របស់​លោក ហ៊ុន សែន ជា​សន្តិភាព​ដែល​ពោរពេញ​ទៅ​ដោយ​ការ​បន្លប់​ការពិត​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១១ មេសា ថា កម្ពុជា​សព្វថ្ងៃ​នេះ​មិនមែន​ជា​ប្រទេស​ដែល​មាន​សន្តិភាព ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ជាតិ​នោះ​ទេ។ លោក​បន្ត​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ថា​កម្ពុជា​មាន​សន្តិភាព​កន្លងមក គ្រាន់តែ​ជា​ការ​ឃោសនា​បន្លប់​ការពិត​ទៅកាន់​សាធារណជន​ប៉ុណ្ណោះ។

លោក សុខ សុគន្ធ អះអាង​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ខ្មែរ​ដែល​ប្រកាស​យក​ពលរដ្ឋ​ខ្លួនឯង​ជា​សត្រូវ។ ជាក់ស្តែង ការ​ប្រកាស​សន្តិភាព​របស់​លោក ហ៊ុន សែន គឺ​សន្តិភាព​ដោយ​ប្រើ​កាំភ្លើង​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ហ៊ាន​រិះគន់​ខ្លួន។ ចំណែក​បូរណភាព​ដែនដី គឺ​មាន​តែ​ដី​របស់​ពួក​អ្នក​មាន​អំណាច​ប៉ុណ្ណោះ​ដែល​នៅ​គង់វង្ស ខណៈ​ដីធ្លី​របស់​ពលរដ្ឋ​ត្រូវ​អ្នក​មាន​អំណាច​ទាំងនោះ​ប្លន់​យក​រាល់​ថ្ងៃ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​បច្ចាមិត្ត​ជា​អ្នក​មាន​គុណ​របស់​ខ្លួន និង​បម្រើ​មហិច្ឆតា​បច្ចាមិត្ត​គ្រប់​បែប​យ៉ាង ប៉ុន្តែ​ដើម្បី​បំភ័ន្ត​ការពិត ពួកគេ​តែង​ចោទ​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ហ៊ាន​រិះគន់​ពួកគេ​ពី​បញ្ហា​នេះ​ថា​ជា​ក្រុម​ដែល​កំពុង​បម្រើ​មហិច្ឆតា​បរទេស​ទៅវិញ។

លោក សុខ សុគន្ធ អះអាង​ថា កម្ពុជា​មិន​អាច​រក​សន្តិភាព​សម្រាប់​ខ្លួនឯង​តាមរយៈ​មេដឹកនាំ​ដែល​បរទេស​ជិតខាង​លើក​បន្តុប​បាន​ទេ។ ជាក់ស្តែង លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​វៀតណាម​លើក​បន្តុប​ឱ្យ​ដឹកនាំ​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ។ ដូច្នេះ ពលរដ្ឋ​ខ្មែរ​នឹង​ត្រូវ​រស់នៅ​ដោយ​ភ័យ​ខ្លាច និង​ការ​ចាប់ចង​ពី​រដ្ឋាភិបាល​នេះ​គ្មាន​ថ្ងៃ​មាន​សេចក្តី​សុខ​ជាដាច់ខាត។

ការ​អះអាង​នេះ ធ្វើឡើង​ស្របពេល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន តែង​ប្រកាស​ពី​សន្តិភាព​ក្រោម​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២២ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា លោក​ប្ដេជ្ញា​ការពារ​ឱ្យ​បាន​នូវ​ឯករាជភាព​ជាតិ សន្តិភាព អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ឱ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។ ប៉ុន្តែ​រាល់​ការ​ប្រកាស​សន្តិភាព​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា លោក​តែង​ចាត់ទុក​ពលរដ្ឋ​ខ្មែរ​ណា​ដែល​រិះគន់​ការ​ដឹកនាំ​របស់​លោក ថា​ជា​សត្រូវ​នៃ​រដ្ឋាភិបាល​របស់​លោក​ជានិច្ច ខណៈ​បរទេស​ឈ្លានពាន​នៅ​ក្បែរ​ខាង​ដែល​រំលោភ​ដែន​អធិបតេយ្យ​ជាតិ​កម្ពុជា​សព្វថ្ងៃ​នេះ លោក​ចាត់ទុក​ថា​ជា​មិត្ត​ម៉ឺន​ឆ្នាំ​ទៅ​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក ហ៊ុន សែន ដែល​ត្រូវ​គេ​ចាត់ទុក​ថា​ជា​មេដឹកនាំ​ដែល​ស្រេកឃ្លាន​ជីវិត​មនុស្ស បាន​អះអាង​ក្នុង​ពិធី​មួយ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​លោក​មិន​បាន​សម្លាប់​ក្រុម​អ្នក​ប្រឆាំង ដែល​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​តាមរយៈ​នៃ​ការ​បង្កើត​ចលនា​បដិវត្តន៍​ពណ៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស