33.3 C
Phnom Penh

លោក កឹម សុខា បួងសួង​ឲ្យ​ពលរដ្ឋ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ខណៈ​លោក ហ៊ុន សែន ប្ដេជ្ញា​ការពារ​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បួងសួង​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ចៀស​ផុត​ពី​គ្រោះថ្នាក់​នៃ​ជម្លោះ​គ្រប់​បែប​យ៉ាង ជាពិសេស​ស្មារតី​ពង្រឹង និង​ពង្រីក​សាមគ្គីភាព​ជាតិ​ខ្មែរ និង​ខ្មែរ ដែល​ជា​កត្តា​ជួយ​ទប់ស្កាត់​នូវ​គ្រោះ​វិបត្តិ​នានា​ដល់​ប្រទេស​ជាតិ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២២ ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គឺជា​ម្ចាស់​លើ​ជោគវាសនា​អនាគត​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន និង​មាន​ឱកាស​ក្នុង​ការ​រស់នៅ​ដោយ​សុខដុមរមនា មាន​សិទ្ធិ​សេរីភាព និង​ទទួល​បាន​នូវ​ផលប្រយោជន៍ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​នយោបាយ​ប្រកប​ដោយ​សមធម៌ និង​យុត្តិធម៌ ដែល​ជា​គ្រឹះ​នៃ​សន្តិភាព​ដ៏​រឹងមាំ​សម្រាប់​ប្រទេស​កម្ពុជា។

លោក កឹម សុខា បន់ស្រន់​សុំ​ពរជ័យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​អភិបាល​រក្សា​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​រួច​ផុត​ពី​គ្រោះ​ធម្មជាតិ ជំងឺ​រាតត្បាត​ទាំងឡាយ ជាពិសេស​សូម​ឲ្យ​ចៀស​ផុត​ពី​គ្រោះថ្នាក់​នៃ​ជម្លោះ​ក្នុង​ពិភពលោក និង​ក្នុង​តំបន់ ក៏ដូចជា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ និង​សូម​ឲ្យ​មាតុភូមិ​កម្ពុជា​អមតៈ ដែល​ជា​របស់​ខ្មែរ​គ្រប់​គ្នា​ទទួល​បាន​នូវ​ឯករាជភាព អធិបតេយ្យភាព វឌ្ឍនភាព និង​កិត្យានុភាព​ជាតិ​ពិតប្រាកដ។

ការ​បន់ស្រន់​នេះ ធ្វើឡើង​ស្របពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ត្រៀម​ខ្លួន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ក្បត់​ជាតិ​តាម​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​ត្រពាំងផ្លុង អស់​រយៈពេល ១​ឆ្នាំ។ បន្ទាប់មក នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ដទៃ ឬ​ចាកចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន​ឡើយ។

រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទើប​លោក កឹម សុខា ត្រូវ​បាន​ផ្តល់​សិទ្ធិ​សេរីភាព​មួយ​កម្រិត​ទៀត គឺ​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​បាន ប៉ុន្តែ​ត្រូវ​ហាមប្រាម​ការ​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ចេញពី​ប្រទេស​កម្ពុជា​ដាច់ខាត។

ទោះជា​យ៉ាងណា​ក៏ដោយ រហូត​មក​ទល់​នឹង​ពេលនេះ តុលាការ​កម្ពុជា​បាន​អូស​បន្លាយ​សវនាការ​របស់​លោក​ជិត ៤០​លើក​ហើយ ប៉ុន្តែ​លោក​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​លោក ហ៊ុន សែន អះអាង​ថា​ករណី​របស់​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ​២០២៤ បន្ទាប់ពី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ រួច។

ចំណែកឯ​អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​ដែល​សល់​ពី​របប​វាល​ពិឃាត លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​សារ​លិខិត​របស់​ខ្លួន​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថា លោក​ប្ដេជ្ញា​ការពារ​ឱ្យ​បាន​នូវ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ឱ្យ​បាន់​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។

លោក ហ៊ុន សែន ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណា​មួយ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​បង្ក​ឱ្យ​មាន​អស្ថិរភាព​នយោបាយ ឬ​ចលនា​ខុសច្បាប់​ក្នុង​សង្គម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស