28 C
Phnom Penh

លោក កឹម សុខា ថា​សន្តិភាព​ពិតប្រាកដ​កើត​មាន​លុះត្រា​មិន​ទុក​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ជា​សត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​កើតឡើង​ទៅ​បាន​លុះត្រាតែ​ប្រទេស​មួយ​អាច​ទទួល​យក​បាន​នូវ​ទស្សនៈ​ខុស​គ្នា មិន​ចាត់ទុក​គ្នា​ជា​សត្រូវ និង​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទាំងអស់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​ឱកាស​ខួប​ទី​៤៧​ឆ្នាំ​ដែល​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ឡើង​កាន់​អំណាច​នៅ​កម្ពុជា​ថា របៀប​ដឹកនាំ​ដែល​ចាត់ទុក​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង ឬ​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​ខ្លួន​ជា​សត្រូវ នឹង​នាំ​ឱ្យ​ការ​ដឹកនាំ​នោះ​ឈាន​ទៅ​រក​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​កម្លាំង​ចលករ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​ប្រល័យ​ពូជសាសន៍​ផង​ដែរ។

លោក កឹម សុខា អះអាង​ថា ការ​កម្ចាត់​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង អាច​ត្រឹមតែ​បង្កើត​ភាព​ស្ងប់ស្ងាត់​បណ្ដោះអាសន្ន​មួយ​គ្រា​ប៉ុណ្ណោះ ព្រោះ​ថា​ក្នុង​សង្គម​នីមួយៗ​មនុស្ស​តែងតែ​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ជានិច្ច។ ដូច្នេះ ដើម្បី​ទទួល​បាន​សន្តិភាព​ពិតប្រាកដ និង​យូរ​អង្វែង​ក្នុង​ប្រទេស​មួយ ត្រូវតែ​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប​ឱ្យ​បាន​ពេញលេញ​ជា​ដរាប។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​សន្តិភាព​សម្រាប់​មនុស្ស​គ្រប់​រូប អង្គការ​សហប្រជាជាតិ​បាន​តាក់តែង​សេចក្តី​ថ្លែងការណ៍​ជា​សកល ច្បាប់ កតិកាសញ្ញា និង​អនុសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស ព្រមទាំង​បង្កើត​យន្តការ​នានា​ជាច្រើន​សម្រាប់​លើកស្ទួយ​សិទ្ធិមនុស្ស​រហូត​មក។ ជាង​នេះ​ទៀត ពួកគេ​បាន​បង្កើត​ក្រុម​ឃ្លាំមើល​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ជា​ប្រចាំ​ផង​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​លើកឡើង​ថា ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ គឺជា​ខួប​លើក​ទី​៤៧​ឆ្នាំ​នៃ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដែល​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត និង​ក្រុម​អ្នក​នយោបាយ​កុម្មុយនីស្ត​និយម​ឡើង​កាន់​អំណាច​ដឹកនាំ​កម្ពុជា​ទៅ​រក​របប​កាប់​សម្លាប់។ ក្នុង​នោះ ក្រុម​គ្រួសារ​របស់​លោក​បាន​រងគ្រោះ​យ៉ាង​ឈឺចាប់​ដូច​បងប្អូន​ខ្មែរ​រាប់​លាន​នាក់​ដែរ ជាពិសេស​ឪពុក​របស់​លោក​ត្រូវ​របប​នេះ​យក​ទៅ​សម្លាប់​នៅ​ពេល​ពាក់កណ្តាល​អធ្រាត្រ​ទាំង​អយុត្តិធម៌។

កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ទាហាន​ខ្មែរក្រហម​បាន​ដណ្តើម​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​ដែល​ជា​ថ្ងៃ​ជ័យជម្នះ​ដ៏​ធំធេង​របស់​ពួកគេ ប៉ុន្តែ​ក្រោយ​ទទួល​ជ័យជម្នះ​នេះ កងទ័ព​ខ្មែរក្រហម​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ចាកចេញ​ពី​ទីក្រុង​ដោយ​ថ្មើរ​ជើង​ទៅ​រស់នៅ​ជនបទ ដោយ​ការ​ធ្វើ​ទារុណកម្ម​គ្រប់​បែប​យ៉ាង ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត​ពីរ​លាន​នាក់ ដោយ​ការ​បង្អត់​បាយ ការ​ធ្វើ​ពលកម្ម​ដោយ​បាក់​កម្លាំង​ក្រោម​ការ​ដឹកនាំ​មួយ​ដែល​គេ​ហៅថា កម្ពុជា​ប្រជាធិបតេយ្យ។

ចំណែក​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៧ មេសា ថា ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ ពិត​ជា​មាន​សន្តិភាព និង​សេរីភាព​មែន បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដែល​ដឹកនាំ​ដោយ​របប ប៉ុល ពត ប៉ុន្តែ​ដើម្បី​ឲ្យ​ប្រជាជាតិ​ខ្មែរ​អាច​ទទួល​បាន​ផលប្រយោជន៍ និង​សុភមង្គល​កាន់តែ​ច្រើន​ពី​សន្តិភាព​នេះ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គួរតែ​ទទួល​បាន​នូវ​សេរីភាព​ទូលំទូលាយ​ជាង​ពេល​បច្ចុប្បន្ន​នេះ​បន្ថែម​ទៀត។ ជាង​នេះ​ទៀត បក្ស​កាន់​អំណាច​ត្រូវ​បញ្ឈប់​រាល់​ការ​គំរាមកំហែង​ទៅលើ​ពលរដ្ឋ​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្រប់​រូបភាព បញ្ឈប់​ការ​រើសអើង​នយោបាយ​ក្នុង​ស្ថាប័ន​រដ្ឋ និង​បញ្ឈប់​ការ​បែងចែក​ប្រជាជន​ខ្លួនឯង​ថា​ជា​ក្រុម​ប្រឆាំង ឬ​ក្រុម​រដ្ឋាភិបាល​បន្ត​ទៀត។

លោក​បន្ត​ថា ត្រូវ​បើក​ឱកាស​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​ប្រកួតប្រជែង​គ្នា​ដោយ​ស្មើ​មុខ ស្រប​តាម​លក្ខខណ្ឌ​ច្បាប់​ដែល​មាន​ចែង​ដើម្បី​ផលប្រយោជន៍​ជាតិ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា សង្គម​មួយ​ដែល​មាន​សន្តិភាព​ពិតប្រាកដ នឹង​នាំ​មក​នូវ​សុភមង្គល និង​ភាព​សម្បូរ​សប្បាយ​ជូន​ប្រជាជន​បាន​យូរ​អង្វែង ប្រសិន​បើ​សង្គម​នោះ​ចាប់ផ្តើម​លុបបំបាត់​ការ​តាមដាន​ពលរដ្ឋ​ខ្លួនឯង និង​បញ្ឈប់​ការ​គំរាមកំហែង​អ្នក​ដែល​មាន​និន្នាការ​ផ្សេង​ពី​ខ្លួន ដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា​ទាំងនោះ អាច​ចូលរួម​គ្នា​កសាង​ប្រទេស​ជាតិ​ខ្លួន​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា CCIM លោក ប៉ា ងួនទៀង ធ្លាប់​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាល​ពី​ពេល​ថ្មីៗ​នេះ​ថា របៀប​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន គឺ​ដូច​គ្នា​នឹង​ការ​ដឹកនាំ​តាម​របប​កុម្មុយនីស្ត​ទាំងស្រុង ព្រោះ​ថា​ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ​រស់នៅ​ដោយ​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា ត្បិត​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​តែងតែ​ចាប់​ឃុំ​ខ្លួន​អ្នក​ដែល​រិះគន់​ការ​ដឹកនាំ​របស់​ខ្លួន មិន​ខុស​គ្នា​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​នោះ​ទេ។

យ៉ាងណាក៏ដោយ កាលពី​ចុង​ឆ្នាំ​២០២០ បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​សារភាព​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម មន្ត្រី​គណបក្ស​ប្រឆាំង និង​ក្រុម​អ្នក​ប្រឆាំង គឺ​ធ្វើ​ឡើង​តាម​ការ​បង្គាប់​បញ្ជា​របស់​លោក​ទាំងអស់ ព្រោះ​ពួកគេ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស