29 C
Phnom Penh

សហ​មេធាវី​លោក កឹម សុខា គ្រោង​ស្នើ​ឲ្យ​តុលាការ​កោះហៅ​រដ្ឋ​បរទេស​ពាក់ព័ន្ធ​មក​បំភ្លឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រោង​ស្នើ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​លិខិត​កោះហៅ​រដ្ឋ​បរទេស​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ចោទប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់​ជាមួយ​លោក កឹម សុខា ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​មក​បំភ្លឺ​នៅ​តុលាការ ដើម្បី​ស្វែងរក​ការពិត។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក អាង ឧត្តម បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា ការ​កោះហៅ​រដ្ឋ​បរទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​នីតិវិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ជួយ​ឲ្យ​តុលាការ​ស្វែងរក​ការពិត​ឲ្យ​បាន​កាន់តែ​ឆាប់ និង​ជា​ភស្តុតាង​បញ្ជាក់​ថា ពួកគេ​ពិត​ជា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​មែន​ឬ​យ៉ាង​ណា​នោះ។

មេធាវី​រូប​នេះ​បញ្ជាក់​ថា រដ្ឋ​បរទេស​ដែល​ក្រុម​មេធាវី​ការពារ​ជនរងគ្រោះ​ចង់​ឲ្យ​មក​បំភ្លឺ​នៅ​តុលាការ​នោះ មាន​ដូចជា សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​រដ្ឋ​បរទេស​ជាច្រើន​ទៀត ជាដើម ព្រោះ​ថា​ប្រទេស​ទាំងនោះ​ហើយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​លោក កឹម សុខា តាម​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។

លោក អាង ឧត្តម ត្អូញត្អែរ​ថា សវនាការ​នៅ​ថ្ងៃ​ពុធ ទី​២០ មេសា នេះ​គ្មាន​អ្វី​រីកចម្រើន​នោះ​ទេ ព្រោះ​ថា​តុលាការ​បាន​អូស​បន្លាយ​ពេលវេលា​ក្នុង​ការ​ចោទ​សួរ​ជុំវិញ​តែ​ពី​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១២ ព្រមទាំង​ធ្វើ​អត្ថាធិប្បាយ​នូវ​ចម្លើយ​របស់​មេធាវី​ការពារ​សិទ្ធិ​ជនរងគ្រោះ​ដែល​តុលាការ​មិន​ពេញចិត្ត​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ពេញ​មួយ​ព្រឹក​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។

នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ នេះ គឺជា​សវនាការ​លើក​ទី​៣៧​ហើយ​ដែល​តុលាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប៉ុន្តែ​សវនាការ​នៅ​ថ្ងៃ​នេះ​ហាក់​មាន​ភាព​តានតឹង​ជាង​សវនាការ​មុនៗ ដោយ​ការ​ខ្វែង​គំនិត​គ្នា​លើ​ការ​សាកសួរ​រវាង​មេធាវី​ការពារ​សិទ្ធិ​ជនរងគ្រោះ និង​តំណាង​អយ្យការ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស និង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​ត្រពាំងផ្លុង​អស់​រយៈពេល ១​ឆ្នាំ។ រហូត​មក​ទល់​នឹង​ពេលនេះ​មាន​រយៈពេល​ជិត ៥​ឆ្នាំ​ហើយ តុលាការ​មិន​ទាន់​រក​ឃើញ​ថា​លោក​មាន​ទោស​ណា​មួយ​នៅឡើយ​ទេ ហើយ​តុលាការ​ក៏​មិន​ទាន់​កោះហៅ​រដ្ឋ​បរទេស​ណា​មួយ​មក​ឆ្លើយ​បំភ្លឺ​ក្នុង​សំណុំ​ដែល​ខ្លួន​ចោទ​ថា ពួកគេ​បាន​ឃុបឃិត​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​លើកឡើង​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ជា​សំណុំរឿង​ស្ថិត​ក្នុង​ការ​ចាត់ចែង​របស់​តុលាការ​ដោយ​ត្រឹមត្រូវ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំជម្រះ​កាត់​សេចក្តី​រួចស្រេច​ទៅ​ហើយ ព្រោះ​ថា​តុលាការ​អាច​ឃុំ​ខ្លួន​ជនសង្ស័យ​យ៉ាង​យូរ​បាន​ត្រឹម​តែ ១៨​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា ដែល​បាន​អូស​បន្លាយ​ពេល​ជំនុំជម្រះ​ក្តី​ជា​បន្តបន្ទាប់​នោះ គឺ​មាន​ន័យ​ថា​សំណុំរឿង​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស