29 C
Phnom Penh

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​ដើម្បី​ជួយ​ការពារ​ព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដោយ​ជួយ​ដល់​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធាន​ធម្មជាតិ ខណៈ​អង្គការ​អន្តរជាតិ​មួយ​រក​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​ដោយសារ​ការ​ទទួល​បាន​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។

ការ​ជំរុញ​របស់​លោក ហ៊ុន សែន នា​ពេល​នេះ បង្ហាញ​ពី​មោទកភាព​នៃ​កំណើន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចេញ​ដើរ​កម្សាន្ត​អំឡុង​បុណ្យ​ចូល​ឆ្នាំ​នៅ​តំបន់​ទេសចរណ៍​ផ្សេងៗ​ជាង ៥​លាន​នាក់ ក្នុង​នោះ​ខេត្ត​បាត់ដំបង​ច្រើន​ជាងគេ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នា​ថ្ងៃ​ទី​២០ មេសា លោក ហ៊ុន សែន សង្កេត​ឃើញ​ថា ការ​បង្កើត​នូវ​សហគមន៍​ទេសចរណ៍​នានា វា​ជា​ការ​គួបផ្សំ​រវាង​ផ្នែក​បរិស្ថាន និង​ក្រសួង​ទេសចរណ៍។

បុរស​ខ្លាំង​រូប​នេះ​បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ប្រើប្រាស់​ពាក្យ​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី ដែល​ការ​ប្រើ​ពាក្យ​នេះ​ដើម្បី​បណ្ដុះ​ឱ្យ​ពលរដ្ឋ​ស្រឡាញ់​បរិស្ថាន ហើយ​ប្រើប្រាស់​បរិស្ថាន​នេះ​ទាញ​យក​លុយ ជាជាង​កាប់​ឈើ បាញ់​សត្វ ដែល​វា​ធ្វើ​ឱ្យ​ហិនហោច​ទៅ​ដល់​បរិស្ថាន។

លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ ត្រូវ​ពង្រឹង និង​ពង្រីក​នៅ​តាម​មូលដ្ឋាន​ភូមិ​ឃុំ​ដោយ​កែច្នៃ​ទៅជា​តំបន់​ទេសចរណ៍ ជាក់ស្ដែង​នៅ​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​ទាក់ទាញ​ទេសចរ​បាន​ច្រើន​ជាងគេ​នៅ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​នេះ។

ការ​ថ្លែង​របស់​មេដឹកនាំ​កម្ពុជា ស្រប​ពេល​ដែល​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាល​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បាន​ចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​លើ​ផ្ទៃដី​ជាង ៦​ពាន់​ហិកតារ បាន​រង​នូវ​ការ​កាប់​បំផ្លាញ​នៅ​តំបន់​ការពារ​ព្រៃឡង់ និង​ព្រៃព្រះរការ ដោយ​មាន​ការ​ទទួល​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។ របាយការណ៍​ដដែល​បាន​រក​ឃើញ​អាជ្ញាធរ និង​មន្ត្រី​ក្រសួង​បរិស្ថាន ទាមទារ និង​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​មិន​អើពើ​នឹង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ទាំងឡាយ។

អង្គការ​អន្តរជាតិ​មួយ​នេះ​បន្ត​ទៀត​ថា ការ​បាត់បង់​ព្រៃឈើ​នៅ​តំបន់​ការពារ​រាប់​ពាន់​ហិកតារ​នេះ បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស និង​ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា។

ថ្មីៗ​នេះ រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍន៍​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដែល​មាន​រយៈពេល ១៤​ឆ្នាំ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ ដើម្បី​លើក​កម្ពស់​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស