30 C
Phnom Penh

លោក កឹម សុខា៖ បារាំង​និង​សហភាព​អឺរ៉ុប​បញ្ជូន​អ្នក​ការទូត​មក​តាមដាន​សវនាការ​របស់​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា អះអាង​ថា រដ្ឋាភិបាល​បារាំង និង​សហភាព​អឺរ៉ុប បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​តាម​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​នោះ​ក៏​បាន​បញ្ជូន​អ្នក​ការទូត​របស់​ខ្លួន​ឲ្យ​មក​តាមដាន​សវនាការ និង​សិទ្ធិ​សេរីភាព​របស់​លោក​ដែល​កំពុង​រង​ការ​រឹតត្បិត​សព្វថ្ងៃ​នេះ។

លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង លោក Jacques PELLET ដោយ​ពិភាក្សា​លើ​បញ្ហា​នីតិរដ្ឋ សិទ្ធិមនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​នោះ លោក Jacques PELLET បាន​លើកឡើង​ពី​ការ​អូស​បន្លាយ​ពេលវេលា​សវនាការ​របស់​លោក​ពី​សំណាក់​តុលាការ​កម្ពុជា​ផង​ដែរ។

លោក កឹម សុខា អះអាង​ថា ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង លោក Jacques PELLET បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​លើ​សំណុំរឿង​របស់​លោក​ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាមួយ​អង្គការ​មួយ​ចំនួន និង​រដ្ឋ​បរទេស​នានា ក្នុង​នោះ​ក៏​មាន​សហភាព​អឺរ៉ុប ផង​ដែរ ខណៈ​បារាំង​ក៏​ជា​ប្រទេស​មួយ​នៃ​សមាជិក​សហភាព​អឺរ៉ុប​ដែរ​នោះ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​បក្ស​កាន់​អំណាច​រូប​នេះ បញ្ជាក់​ថា រដ្ឋាភិបាល​បារាំង និង​សហភាព​អឺរ៉ុប​ដែល​ជា​មិត្ត​ល្អ​របស់​កម្ពុជា បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១។ ជាង​នេះ​ទៀត ប្រទេស​ទាំងនេះ​បាន​បន្ត​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​លើ​វិស័យ​នានា ជាពិសេស​ការ​តាម​ឃ្លាំមើល​អំពី​បញ្ហា​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នានា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចុង​សប្តាហ៍​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ប៉ុន្តែ​រហូត​ដល់​ពេលនេះ តុលាការ​កម្ពុជា​មិនទាន់​មាន​ភស្តុតាង​ដាក់​បន្ទុក​ណា​មួយ​ដើម្បី​កាត់​ទោស​លោក​នៅឡើយ​ទេ ខណៈ​បរទេស​ដែល​តុលាការ​ចោទ​ថា​ជា​អ្នក​នៅ​ពីក្រោយ​លោក កឹម សុខា ក្នុង​ផែនការ​ផ្តួល​រំលំ​នោះ ក៏​តុលាការ​មិន​បាន​បង្ហាញ​ថា​ជា​ប្រទេស​ណា​នោះ​ដែរ។

បើ​ទោះបីជា​លោក កឹម សុខា ស្ថិត​ក្នុង​ការ​ចោទប្រកាន់ និង​ការ​រឹតត្បិត​សេរីភាព​យ៉ាង​ណា​ក្តី ក៏​តំណាង​អង្គទូត​នៃ​ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា បាន​នាំគ្នា​ទៅ​ជួប​ពិភាក្សា​ជាមួយ​លោក​ជាបន្តបន្ទាប់ ដូចជា​តំណាង​សហគមន៍​អឺរ៉ុប តំណាង​ទូត​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ពី​ការ​ទាមទារ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​បើក​សិទ្ធិ​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង​ឡើងវិញ​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​កម្លាំង​ដ៏​ធំ​មួយ​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​កម្លាំង​មេដឹកនាំ​ប្រឆាំង​រូប​នេះ​គឺជា​សត្រូវ​ធំ​ណាស់​របស់​លទ្ធិ​កុម្មុយនីស្ត​ផ្ដាច់ការ​ដែរ ហើយ​ភស្តុតាង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ពេល​នេះ គឺ​ការ​ប្រើ​ល្បិច​ឃុំ​ខ្លួន​លោក​តាមរយៈ​តុលាការ​ដែល​កំពុង​រំលោភ​នីតិវិធី​ច្បាប់ ដោយ​ការ​បិទ​សិទ្ធិ​សេរីភាព​លើស​ពេល​កំណត់​ដូច​សព្វថ្ងៃ​នេះ។

គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ កន្លងទៅ​នេះ តុលាការ​កម្ពុជា​បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ចំនួន ៣៧​លើក​មក​ហើយ តែ​មិនទាន់​មាន​ភស្តុតាង​ណា​មួយ​ដែល​ត្រឹមត្រូវ​តាម​ច្បាប់​អាច​កាត់​ទោស​លោក​បាន​នៅឡើយ​ទេ ខណៈ​ក្រុម​អ្នក​សង្កេតការណ៍​នៅ​តែ​មាន​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​លើ​សវនាការ​នេះ​ថា ជា​ការ​ចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ដើម្បី​បម្រើ​ឱ្យ​បក្ស​កាន់​អំណាច៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស