30 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​ថា​ទឹក​បឹង​ទន្លេសាប​ប្រែប្រួល​ដោយសារ​សកម្មភាព​របស់​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​លោក ហ៊ុន សែន អះអាង​ថា ទឹក​បឹង​ទន្លេសាប​ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា កាន់តែ​រាក់​ទៅៗ គឺ​ដោយសារ​សកម្មភាព​របស់​មនុស្ស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការ​ប្រែប្រួល​អាកាសធាតុ គ្រោះ​ទឹកជំនន់ និង​ភាព​រាំងស្ងួត។

លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើក​ទី​៤ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ខឹម៉ាមូតុ ប្រទេស​ជប៉ុន កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា ការ​ប្រើប្រាស់​ធនធាន​ទឹក​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ទ្រទ្រង់​ប្រភព​ទឹក។ លោក​អះអាង​ថា ទឹក​គឺជា​មាស​ស ដែល​ជា​កម្លាំង​ចលករ​ជំរុញ​ការ​អភិវឌ្ឍ និង​វឌ្ឍនភាព​សេដ្ឋកិច្ច-សង្គម​ប្រកប​ដោយ​ចីរភាព ប៉ុន្តែ​បឹង​ទន្លេសាប​ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​កាន់តែ​រាក់​ទៅៗ និង​បឹងបួ​ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​លុប​សព្វថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ ជាពិសេស​លើ​វិស័យ​កសិកម្ម។

មេដឹកនាំ​ខ្មែរ​ក្តាប់​អំណាច​ត​ត្រកូល លោក ហ៊ុន សែន បញ្ជាក់​ថា ការ​គ្រប់គ្រង​ធនធាន​ទឹក​នា​ពេល​បច្ចុប្បន្ន​នេះ នឹង​កំណត់​នូវ​គុណភាព​នៃ​ជីវិត​រស់​មនុស្ស​គ្រប់​រូប ដូច្នេះ​ការ​ប្រើប្រាស់​ទឹក​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព គឺ​ចាំបាច់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ទៅ​ថ្ងៃ​អនាគត។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា មិនទាន់​មាន​ការ​គ្រប់គ្រង​ណា​មួយ​លើ​វិស័យ​ទឹក​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​រហូត​មក​ទល់នឹង​ពេលនេះ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើក​ទី​៤ នៅ​ប្រទេស​ជប៉ុន ក្រោម​ប្រធានបទ ធនធាន​ទឹក​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២៤ មេសា នេះ​ថា ទឹក​គឺជា​ធនធាន​មួយ​ដែល​មាន​តម្លៃ​លើស​អ្វី​ទាំងអស់ ព្រោះ​ថា​មាន​ទឹក​នឹង​មាន​អ្វីៗ​គ្រប់​យ៉ាង ក្នុង​នោះ​ទឹក​ក៏​អាច​ផ្លាស់ប្ដូរ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​យ៉ាង​ចាំបាច់​ផង​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ប្រសិនបើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យល់​ថា​ទឹក​គឺជា​មាស​ស​ប្រាកដ​មែន​នោះ ហេតុ​ដូចម្តេច​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​រហូត​មក​ទល់​ពេលនេះ​គ្មាន​គោល​នយោបាយ​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព សម្រាប់​គ្រប់គ្រង​ទឹក​ឲ្យ​ពលរដ្ឋ​អាច​ប្រកប​របរ​កសិកម្ម​បាន​គ្រប់​រដូវកាល។

លោក​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​ពិតជា​មើល​ឃើញ​ពី​សារសំខាន់​របស់​ទឹក​មែន ហេតុ​អ្វី​ក្រសួង​ពាក់ព័ន្ធ​មិន​អាច​ប្រើ​បឹង​ទន្លេសាប​ដែល​ខ្លួន​មាន​ធ្វើ​ជា​ប្រភព​ទឹក ក្នុង​ការ​ជួយ​សម្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​កសិកម្ម​បាន​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ ខណៈ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បឹង​ទឹកសាប​រាប់​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​មួយ​នេះ អាច​ត្រឹមតែ​ធ្វើ​កសិកម្ម​បាន​ត្រឹម​តែ ១​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយ​នេះ​គឺ​បង្ហាញ​ពី​ការ​ដឹកនាំ​គ្មាន​សមត្ថភាព​ទាំងស្រុង​របស់​រដ្ឋាភិបាល​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ ស្រុក​កំពង់ស្វាយ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​តំបន់​របស់​ពួកគេ​មាន​ប្រឡាយ​ទឹក​ដែល​ស្ដារ​ដោយ​ក្រសួង​ធនធាន​ទឹក អាច​ឲ្យ​ពួកគេ​ធ្វើ​ស្រែ​បាន ២​ដង​ក្នុង ១​ឆ្នាំ ប៉ុន្តែ​ពួកគេ​ត្រូវ​បង់​លុយ​ទៅ​ឱ្យ​មន្ទីរ​កសិកម្ម​រាល់​ពេល​ដែល​ពួកគេ​ធ្វើ​ម្តងៗ។

ចំណែក​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ស្រុក​កណ្ដៀង ក៏​ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ដែរ​ថា ពួកគេ​ក៏​អាច​ធ្វើ​ស្រូវ​នៅ​រដូវប្រាំង​បាន​ដែរ ប៉ុន្តែ​ត្រូវ​បង់​លុយ​ឱ្យ​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ទឹក​ឱ្យ​ពួកគេ​ចំនួន ២៥​ម៉ឺន​រៀល​ក្នុង​មួយ​ហិកតារ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ពឹងផ្អែក​ទៅលើ​វិស័យ​កសិកម្ម ប៉ុន្តែ​ប្រទេស​នេះ​មិនទាន់​មាន​លទ្ធភាព​គ្រប់គ្រង​ទឹក​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កសិកម្ម​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ខណៈ​រដូវវស្សា កម្ពុជា​តែង​ជួប​គ្រោះ​ទឹកជំនន់ ចំណែក​រដូវប្រាំង​បែរជា​ជួប​គ្រោះ​រាំងស្ងួត​ទៅវិញ ហើយ​កម្ពុជា​តែងតែ​ជួប​គ្រោះ​បែប​នេះ​រាល់ៗ​ឆ្នាំ។

ប្រភព​ដដែល​លើកឡើង​ថា កម្ពុជា​គួរ​តែ​មាន​ប្រព័ន្ធ​ទំនើប​ក្នុង​ការ​គ្រប់គ្រង​រក្សា​ទឹក​ទុក ដូចជា​ប្រព័ន្ធ​រក្សា ឬ​ស្តុក​ទឹក​ទុក​នៅ​ពេល​រដូវ​ទឹកជំនន់ និង​ប្រព័ន្ធ​រក្សា​ទឹក​បឹង​ទន្លេសាប កុំ​ឱ្យ​ទឹក​ហូរ​ចេញពី​បឹង​នៅ​ពេល​រដូវ​សម្រក ជាដើម ព្រោះ​ថា​ការ​ធ្វើ​ដូច្នេះ គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ធានា​នូវ​និរន្តរភាព​ទឹក​ដើម្បី​ផ្គត់ផ្គង់​វិស័យ​គ្រប់​រដូវ​របស់​កម្ពុជា​ទាំងមូល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស