41.3 C
Phnom Penh

លោក ហ៊ុន ម៉ានី ណែនាំ​សមាជិក​បក្ស​ប្រជាជន​ខំ​ធ្វើការ​ទើប​ឪពុក​លោក​អាច​ដឹកនាំ​បន្ត​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​ទៅ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឪពុក​របស់​លោក​កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ​ថា ត្រូវ​ធ្វើការ​ជាមួយ​គ្នា​ឱ្យ​ស្រុះដៃ ហត់​នឿយ​ជាមួយ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ស្របពេល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ជិត​មក​ដល់។

ការ​អះអាង​របស់​លោក ហ៊ុន ម៉ានី ធ្វើឡើង​នៅ​ពេល​សំណេះសំណាល​ជាមួយ​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២។

យ៉ាងណា ការ​ចុះ​ជួប​ពលរដ្ឋ​មិនមែន​មាន​តែ​កូនប្រុស​លោក ហ៊ុន សែន ទេ ប៉ុន្តែ​មន្ត្រី​គ្រាក់ៗ​ដែល​ល្បីល្បាញ​ខាង​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​រំលោភ​ដីធ្លី​កន្លងមក​ដែល​សុទ្ធសឹងតែ​ចេញពី​គណបក្ស​កាន់​អំណាច ក៏​បាន​នាំគ្នា​ចុះ​យកចិត្ត​ពលរដ្ឋ ដោយ​មាន​ទាំង​ចែក​លុយ និង​សម្ភារៈ​ផ្សេងៗ ទោះបីជា​ពួកគេ​ធ្លាប់​គំរាមកំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ក៏ដោយ។

អ្នក​ឃ្លាំមើល​លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើការ​ស្រុះ​ដៃ​គ្នា គឺ​មិនមែន​រួម​គ្នា​ផ្សះផ្សា​ជាតិ​ខ្មែរ​នោះ​ទេ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ យល់​ថា លោក ហ៊ុន ម៉ានី ល្មម​ឈប់​បោកប្រាស់​ពលរដ្ឋ​ដូចជា​ឪពុក​របស់​លោក​ទៀត​នោះ​ទៅ ដោយសារ​ជិត ៤០​ឆ្នាំ​ហើយ គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើការ​ស្រុះ​ដៃ​គ្នា​មែន តែ​មិនមែន​ស្រុះ​ដៃ​គ្នា​ជាមួយ​ខ្មែរ​រួម​ផ្សះផ្សា​ជាតិ ដើម្បី​ជាតិ​ខ្មែរ​នោះ​ទេ។

លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​ហត់​នឿយ​មែន តែ​មិនមែន​ហត់​នឿយ​ដើម្បី​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ឡើយ គឺ​ហត់​នឿយ​រឿង​ប្លន់​អំណាច ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ បង្កើត​ភាព​អយុត្តិធម៌​ពេញ​ប្រទេស កម្ទេច​ធនធាន​របស់​ជាតិ​ខ្មែរ។ ករណី​នេះ លោក​ថា​លោក ហ៊ុន ម៉ានី គួរ​ចេះ​ខ្មាសអៀន​ពលរដ្ឋ​ខ្លះ។

លោក គឹម សុខ បន្ត​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ​ទៀត ក៏​ជា​ការ​រៀបចំ​បោះឆ្នោត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង ដើម្បី​ប្លន់​យក​អំណាច​មូលដ្ឋាន​ដែរ ដែល​វា​ជា​ការ​បោះឆ្នោត​ប្រហារ​ស្មារតី​រដ្ឋធម្មនុញ្ញ​ជាតិ ដែល​សហគមន៍​អន្តរជាតិ​មិន​អើពើ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស បាន​សរសេរ​លើ facebook កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២២ ថា រដូវកាល​ដែល​ពលរដ្ឋ​មាន​តម្លៃ គឺ​ក្នុង​អំឡុង​ពេល​ដែល​ការ​បោះឆ្នោត​ជិត​មក​ដល់។ ជាក់ស្ដែង ដូច​បច្ចុប្បន្ន​ជាដើម លោក​សម្គាល់​ឃើញ​ថា ក្រុម​គ្រួសារ​ខ្លះ​ត្រូវ​បាន​អ្នក​ល្បី​ល្បាញ​ដើរ​លើកដៃ​សំពះ សុំ​ស្គាល់ សួរ​សុខទុក្ខ សំណេះសំណាល សន្យា​ជួយ​ដោះស្រាយ​អ្វី​មួយ ហើយ​គ្រួសារ​ខ្លះ​ត្រូវ​បាន​គេ​រៀបចំ​ជា​សមាជិក​បក្ស​ជូន​ថែម​ទៀត។ ចំណែក​សមាជិក​គ្រួសារ​ខ្លះ​ទទួល​បាន​ម្នាក់ ២​ម៉ឺន​រៀល ហើយ​គ្រួសារ​ខ្លះ​ទៀត​បាន​ថវិកា​ហើយ ថែមទាំង​ទទួល​បាន​សម្ភារៈ​ផ្សេងៗ​ទៀត​អាស្រ័យ​លើ​ក្រុម​ការងារ​កន្លែង​នោះ​ធូរធារ ឬ​ក៏​មាន​សម​ល្មម។

លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ពិចារណា ហើយ​ថា​ការ​ទទួល​បាន​អ្វី​គ្រប់​បែប​យ៉ាង​ដោយ​មិន​មាន​ការ​បង្ខិតបង្ខំ​នោះ មិន​មែន​ជា​កំហុស​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ត្រូវ​ធ្វើការ​វិនិច្ឆ័យ និង​តាមដាន​អ្នក​តំណាង​ដែល​ត្រូវ​ជ្រើសរើស​ពេល​បោះឆ្នោត​នោះ​ផង​ដែរ។ បន្ថែម​ពី​នេះ កុំ​ឱ្យ​ចិត្ត​ជាប់​ជំពាក់​ជាមួយ​លាភសក្ការៈ ឬ​សម្ដី​ពីរោះ​នៃ​ការ​និយាយ ឬ​កាយវិការ​នៃ​ការ​គោរព​មួយ​ពេល ធ្វើ​ឱ្យ​កំហុស​កើតមាន​រយៈពេល ៥​ឆ្នាំ​ឱ្យ​សោះ។

របាយការណ៍​របស់​អង្គការ​អាដហុក បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២១ វិវាទ​ដីធ្លី​ធំៗ​បាន​កើនឡើង​ខ្ពស់ និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដោយ​មាន​ការ​ប្រើ​អំពើ​ហិង្សា វាយ​បង្ក្រាប ចាប់​ខ្លួន ឃុំ​ខ្លួន និង​បាញ់​ប្រហារ​ទៅ​លើ​ពលរដ្ឋ ខណៈ​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក្នុង​ពន្ធនាគារ។

យ៉ាងណា​ក៏ដោយ បញ្ហា​ទាំងអស់​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ ហើយ​កត្តា​ដែល​នាំ​ឱ្យ​ដោះស្រាយ​មិន​បាន ដោយសារ​អ្នក​ដែល​រំលោភ​ដីធ្លី និង​គំរាមកំហែង​លើ​ពលរដ្ឋ​ជា​មន្ត្រី​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស