សមត្ថកិច្ចថៃ ចាប់និងបញ្ជូនពលរដ្ឋខ្មែរចំនួន ៦២នាក់ទៅឱ្យមន្ត្រីជំនាញចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីពួកគេបាននាំគ្នាឆ្លងដែនដោយខុសច្បាប់ដើម្បីស្វែងរកការងារធ្វើ។
យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឱ្យដឹងថា កម្លាំងសមត្ថកិច្ចថៃឃាត់ខ្លួនពលរដ្ឋខ្មែរទាំង ៦២នាក់អំឡុងពេលចុះល្បាត និងឃ្លាំមើលក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយប្រទះឃើញក្រុមមនុស្សលាក់ខ្លួនក្នុងព្រៃក្រោយភូមិនើន សំបូរណ៌ ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។
សមត្ថកិច្ចចាប់ និងឃុំពលរដ្ឋខ្មែរបាន ១៦នាក់ ក្នុងនោះ ប្រុស ១១នាក់ ខណៈមនុស្សមួយក្រុមទៀតគួរឱ្យសង្ស័យដើរតាមច្រករបៀងសំដៅចូលមកប្រទេសថៃ ចំនួន ២៩នាក់ ក្នុងនោះក្មេងប្រុសម្នាក់ នៅបរិវេណភូមិណងយ៉ាកែវ ឃុំ/ស្រុកគោកឃ្យូង ខេត្តស្រះកែវ ទើបសមត្ថកិច្ចថៃចូលទៅត្រួតពិនិត្យ និងចាប់ខ្លួនយកទៅឃុំ ដើម្បីបញ្ជូនឱ្យមន្ត្រីជំនាញដើម្បីចាត់ការតាមច្បាប់។
បើតាមរបាយការណ៍សមត្ថកិច្ច ឱ្យដឹងថា ក្រោយពីធ្វើការសួរនាំ សមត្ថកិច្ចថៃក៏បន្តឈានដល់ចាប់ខ្លួនពលរដ្ឋខ្មែរចំនួន ៤គោលដៅផ្សេងទៀតដោយសរុបចំនួន ៦២នាក់។
ក្រោយពីបុណ្យចូលឆ្នាំថ្មីរួច ពលរដ្ឋខ្មែរជាច្រើននាក់បាននាំគ្នាសម្រុកឆ្លងដែនទៅថៃ ដោយខុសច្បាប់ជាបន្តបន្ទាប់ ដើម្បីទៅរកការងារធ្វើ ខណៈខ្លះទៀតទៅថៃដោយខុសច្បាប់ ដោយថាពួកគេចាញ់បោកមេខ្យល់។ មួយវិញទៀត ការសម្រុកទៅថៃរបស់ប្រជាពលករខ្មែរទៅរកការងារធ្វើរាប់ពាន់នាក់ បាននាំគ្នាត្រឡប់មកកម្ពុជាក្រោយពីខកខានបានមកលេងស្រុករយៈពេល ២ឆ្នាំដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បានចេញរបាយការណ៍ស្ដីពីបញ្ហាប្រឈមរបស់ពលករកម្ពុជាក្នុងអំឡុងពេលនៃការផ្ទុះមេរោគកូវីដ-១៩ បានអះអាងថា មានពលករខ្មែរខុសច្បាប់ប្រមាណ ៧៤១នាក់បានធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ គិតត្រឹមរយៈពេល ៧ខែឆ្នាំ២០២១ កន្លងមក៕