38.1 C
Phnom Penh

សង្គម​ស៊ីវិល​ស្នើ​លោក ហ៊ុន សែន ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជំរុញ​ឲ្យ​លោក ហ៊ុន សែន ផ្ទាល់​ត្រូវ​ចេញ​មុខ​ដោះស្រាយ​លើ​ទំនាស់​រវាង​កម្មករ​និយោជិត និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ (NAGA World) ខណៈ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​នេះ អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​ដោយសារ​វិវាទ​ការងារ​បាន​បន្ត​ជាង ៤​ខែ​មក​ហើយ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ ថា ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៥ ឆ្នាំ​២០២២ នេះ​អាច​ធ្វើ​ឡើង​ដោយ​ក្តី​សប្បាយ​រីករាយ​ទៅ​បាន កម្ពុជា​គួរ​តែ​លើក​យក​ករណី​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ និង​កម្មករ​និយោជិត​មក​ដោះស្រាយ​ឱ្យ​បាន​ឆាប់ ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​បុគ្គលិក​ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​នេះ។

អ្នកស្រី​លើក​ជា​សំណួរ​ថា តើ​គួរ​ដល់​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចេញ​មុខ​ដោះស្រាយ​លើ​ទំនាស់​រវាង​កម្មករ​និយោជិត និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏​នេះ​ហើយ​ឬ​នៅ បើ​បញ្ហា​នៅតែ​បន្ត​ជាប់​គាំង​គ្មាន​ដំណោះស្រាយ​ដូច​សព្វថ្ងៃ​នេះ?

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​ថា​រហូត​មក​ដល់​ពេលនេះ គេ​នៅ​មិនទាន់​ដឹង​ថា តើ​រដ្ឋាភិបាល តំណាងរាស្ត្រ និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល បាន​ធ្វើ​អ្វី​ខ្លះ​ហើយ​នោះ​ទេ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ឈ្នះៗ​សម្រាប់​ភាគី​ទាំងសងខាង និង​យុត្តិធម៌​សម្រាប់​ភាគី​ពាក់ព័ន្ធ ក្រៅ​តែ​អំពី​ការ​ចាប់​ឃុំ​ខ្លួន និង​បំបិទ​សិទ្ធិ​បញ្ចេញមតិ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​កន្លង​មក។

យោង​តាម​សេចក្ដី​ប្រកាស​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចុះ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា កម្មករ​និយោជិត​ដែល​ជា​សមាជិក​សហជីព​ណាហ្គា​វើលដ៍​ភាគច្រើន​ជា​ស្ត្រី បាន​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​សហជីព និង​សិទ្ធិ​ការងារ​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ចាប់តាំងពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ប៉ុន្តែ​នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ដ៏​យុត្តិធម៌​សម្រាប់​ពួកគេ​នៅឡើយ។

សហជីព​បន្ថែម​ថា ដើម្បី​ការពារ​សេរីភាព​សហជីព សិទ្ធិ​ការងារ និង​យុត្តិធម៌​សង្គម កម្មករ​និយោជិត​ទាំងអស់​ដែល​ភាគច្រើន​ជា​ស្ត្រី សុខចិត្ត​ប្រឈម​នឹង​ជីវភាព​រស់នៅ​យ៉ាង​លំបាក​ដោយសារ​គ្មាន​ចំណូល រីឯ​ការ​ចំណាយ​លើ​ម្ហូបអាហារ ឈ្នួល​ផ្ទះ ទឹក​ភ្លើង ការ​សិក្សា​របស់​កូន ថ្នាំ​ព្យាបាល​ជំងឺ និង​បំណុល​ផ្សេងៗ​នៅ​ដដែល ប៉ុន្តែ​ពួកគេ​នៅ​មាន​ឆន្ទៈ​ក្នុង​ការ​តស៊ូ​មតិ​បន្ត​រហូត​ដល់​មាន​ដំណោះស្រាយ។

ករណី​នេះ សហជីព​បាន​អំពាវនាវ​ស្វែងរក​ជំនួយ​ពី​សាធារណជន សប្បុរសជន​ទាំង​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ស្ថាប័ន​សប្បុរសធម៌​នានា ជួយ​ចូលរួម​ឧបត្ថម្ភ​ជា​ស្បៀង ថវិកា សម្ភារៈ ដល់​សមាជិក​សហជីព​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​អាច​ឱ្យ​ពួកគេ​ទប់ទល់​នឹង​ជីវភាព​ដ៏​លំបាក​នេះ។

នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ គឺជា​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ហើយ​បើ​គិត​មកដល់​ឆ្នាំ​២០២២ នេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៥​ឆ្នាំ​ហើយ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ហើយ​ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​លក្ខណៈ​សកល​ជាង ៨០​ប្រទេស​ជុំវិញ​ពិភពលោក ដើម្បី​រំឭក​ដល់​គុណតម្លៃ​នៃ​ការងារ​របស់​មន្ត្រី​រាជការ កម្មករ​និយោជិត និង​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​របស់​ពួកគេ​កន្លងមក។

បើ​ទោះបីជា​កម្ពុជា​បាន​ទទួលស្គាល់​ថ្ងៃ​ទី​១ ឧសភា ជា​ថ្ងៃ​បុណ្យ​សកល​នៃ​ទិវា​ពលកម្ម​អន្តជាតិ​របស់​ខ្លួន​ក៏ដោយ ប៉ុន្តែ​កម្ពុជា​នៅតែ​រង​នូវ​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ជា​បន្តបន្ទាប់ ថា​បាន​រំលោភ​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​ដដែល ខណៈ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​មិន​ដែល​បាន​ជួយ​រក​យុត្តិធម៌​ឱ្យ​កម្មករ​នៅ​ពេល​ដែល​មាន​ការ​គាបសង្កត់​សិទ្ធិ​ការងារ​ពី​ក្រុមហ៊ុន​នោះ​ឡើយ ប៉ុន្តែ​បែរជា​ប្រើ​កម្លាំង​បង្ក្រាប​លើ​កម្មករ​និយោជិត​ទាំងនោះ​ជំនួស​ក្រុមហ៊ុន​ទៅវិញ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចំនួន ៣៦៥​នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​មិន​បាន​ផ្តល់​សំណង​ទៅ​តាម​ច្បាប់​ការងារ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ជាច្រើន​រូប រួម​មាន​លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) អ្នកស្រី អាយរីន ខាន់ (Irene Khan) អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) និង​លោក ក្លេម៉ង់ នីយ៉ាឡេតសូស៊ី វូល (Clément Nyaletsossi Voule) កាលពី​ពេល​ថ្មីៗ​នេះ បាន​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ទង្វើ​អាជ្ញាធរ​កម្ពុជា​ដែល​បាន​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដាក់​ពន្ធនាគារ​ទាំង​កម្រោល។

គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២ នេះ មាន​រយៈពេល​ជាង ១៣០​ថ្ងៃ​ហើយ​ដែល​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ជូន​ពួកគេ ប៉ុន្តែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅតែ​មិន​ផ្តល់​ដំណោះស្រាយ​សមស្រប​ណា​មួយ​នោះ​ឡើយ​ចំពោះ​បញ្ហា​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​គាបសង្កត់​លើ​សិទ្ធិ​កម្មករ​និយោជិត​ទាំងនោះ​តាមរយៈ​នៃ​ការ​ចោទ​ប្តឹង​ពួកគេ​ក្នុង​ប្រព័ន្ធ​តុលាការ ថា​កំពុង​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស