រយៈពេលមួយខែមកហើយដែលប្រទេសស្រីលង្កា ធ្លាក់ក្នុងការបះបោរ ខណៈប្រជាជននៃប្រទេសអាស៊ីខាងត្បូងមួយនេះទាមទារឲ្យមេដឹកនាំរបស់ខ្លួន គឺត្រកូល Rajapaksa បោះបង់អំណាចចោល ព្រោះតែត្រកូលមួយនេះជាអ្នកធ្វើឲ្យប្រទេសស្រីលង្កា ធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរក្រោមបំណុលបរទេសរាប់ពាន់លានដុល្លារ ជាពិសេសគឺនៅក្រោមបំណុលរបស់ចិន។
បាតុកររាប់ម៉ឺននាក់ចោទថា ត្រកូល Rajapaksa ជាមេដឹកនាំដែលបណ្ដោយឲ្យមានអំពើពុករលួយសុសសាយនៃសង្គមស្រីលង្កា។
ប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក Gotabaya Rajapaksa និងលោក Mahinda Rajapaksa ជានាយករដ្ឋមន្ត្រី គឺបងប្អូនទាំងពីរនាក់នេះបានបន្តកាន់អំណាចកំពូលរបស់ប្រទេសស្រីលង្កា ពីបងទៅប្អូន ពីប្អូនមកបងរយៈពេល ២០ឆ្នាំមកហើយ។
នៅថ្ងៃនេះ បណ្ដាញផ្សាយព័ត៌មានជាច្រើនបានចុះផ្សាយថា សង្គមស្រីលង្កាទាំងមូលកំពុងវិវឌ្ឍ គឺប្រជាជនគ្រប់និន្នាការទាំងអស់បានចេញដើរតាមដងផ្លូវ ដោយបន្តទាមទារឲ្យបញ្ចប់អំណាចត្រកូល Rajapaksa ជាបន្ទាន់ ដោយបាតុករស្រែកថា ត្រកូល Rajapaksa លែងសមជាអ្នកដឹកនាំប្រទេសស្រីលង្កា ទៀតហើយ។
បាតុករប្រាប់ទៅលោកប្រធានាធិបតី Gotabaya និងនាយករដ្ឋមន្ត្រី Mahinda ថា ប្រជាជនស្រីលង្កា មិនអាចគាំទ្រត្រកូលមួយនេះជាអ្នកស្រោចស្រង់សេដ្ឋកិច្ចបានទៀតនោះទេ ព្រោះសេដ្ឋកិច្ច និងបំណុលវ័ណ្ឌកមកដល់ពេលនេះ គឺដោយសារតែត្រកូលមួយនេះជាអ្នកធ្វើឲ្យស្រីលង្កាធ្លាក់ក្នុងបំណុលបរទេសរើខ្លួនពុំរួច។
សន្ទុះប្រជាជនធ្វើបាតុកម្មខ្លាំងក្លានេះ ដោយសារតែប្រធានាធិបតី Gotabaya មិនព្រមទម្លាក់បងប្រុសរបស់ខ្លួនចេញពីអំណាចជានាយករដ្ឋមន្ត្រី នៅខណៈដែលលោកប្រធានាធិបតីប្រកាសបង្កើតរដ្ឋាភិបាលចម្រុះដែលក្នុងនោះ គឺលោក Mahinda នៅតែជានាយករដ្ឋមន្ត្រី។
យ៉ាងណា លោក Mahinda បានប្រាប់បណ្ដាញផ្សាយព័ត៌មាន India Express News ថា លោកនឹងចុះចេញពីតំណែងលុះត្រាតែប្រធានាធិបតីទម្លាក់លោកពីតំណែង។ លោក Mahinda បានបញ្ជាក់ទៀតថា លោកចង់នៅបន្តតំណែង ដើម្បីស្ដារសេដ្ឋកិច្ចក្នុងអន្តរកាលនេះឡើងវិញ។ តែយ៉ាងណា អ្នកនយោបាយនៅក្នុងប្រទេសស្រីលង្កា បានបែកបាក់គ្នាអស់ទៅហើយ។
ក្រុមប្រឆាំងបានទាមទារឲ្យមានការបោះឆ្នោតសមាជិកសភា និងប្រធានាធិបតីឡើងវិញ គឺការបោះឆ្នោតមុនអាណត្តិ។ ក្រុមប្រឆាំងដែលដឹកនាំដោយអតីតប្រធានាធិបតី Maithripala Sirisena បាននិយាយថា ដំណាក់កាលនេះ ការស្ដារសេដ្ឋកិច្ចឡើងវិញ គឺត្រូវកើតចេញពីរដ្ឋាភិបាលថ្មី ហើយការកែទម្រង់ស្ថាប័នសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសដោយពិនិត្យមើលប្រាក់កម្ចីឡើងវិញទាំងអស់ ថាតើមានតម្លាភាពកម្រិតណាក្នុងការប្រើប្រាស់ប្រាក់កម្ចីកន្លងមក។
ប្រាក់កម្ចីបរទេសដែលស្រីលង្កាជំពាក់ គឺមាន ៥១ពាន់លានដុល្លារ ក្នុងនោះសម្រាប់ចិនតែមួយ គឺ ៣៥ពាន់លានដុល្លារ។ ប្រាក់កម្ចីដែលចិនផ្ដល់ឲ្យរដ្ឋាភិបាលស្រីលង្កា រយៈពេល ២ទសវត្សចុងក្រោយ គឺហក់ឡើងខ្ពស់បំផុត ដែលស្រីលង្កាស្ថិតក្នុងការគ្រប់គ្រងរបស់គ្រួសារមួយដែលក្រុមប្រឆាំងចាត់ទុកថាជាអាយ៉ងរបស់ចិន គឺក្រុមគ្រួសារនៃត្រកូល Rajapaksa។ ប្រទេសស្រីលង្កា មានប្រជាជន ២២លាននាក់។
ប្រជាជនភាគច្រើនខ្វះសព្វខ្វះគ្រប់ ខ្វះស្បៀងអាហារ ខ្វះថ្នាំសង្កូវ មិនតែប៉ុណ្ណោះ គឺខ្វះប្រេងសាំង និងដាច់ភ្លើងអគ្គិសនី។ ប្រជាជនតម្រង់ជួរគ្នាចាក់សាំង និងទិញឧស្ម័នដើម្បីយកមកចម្អិនអាហារ។ ថ្នាំពេទ្យវិញក៏ដាច់ស្តុក គឺឡើងថ្លៃកប់ពពក។ ចំពោះអ្នកជំងឺដែលត្រូវទទួលទានថ្នាំពេទ្យជាប្រចាំ គឺរងការលំបាកមែនទែន ព្រោះគ្មានថ្នាំពេទ្យនាំចូល។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា បាតុកម្មនៅក្រុងកូឡុំបូ និងតាមតំបន់នានាមានការចូលរួមពីមនុស្សរាប់ពាន់ទៅរាប់ម៉ឺននាក់។ គោលដៅរបស់បាតុករនៅពេលនេះ មានតែមួយគត់ គឺទាមទារឱ្យត្រកូល Rajapaksa ទម្លាក់ខ្លួនពីអំណាច។
ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច រួមជាមួយវិបត្តិកូវីដ-១៩ផង រដ្ឋាភិបាលក្រុងកូឡុំបូ បានស្នើសុំជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។ កាលពីថ្ងៃទី៤ ឧសភា នេះ ថ្នាក់ដឹកនាំស្រីលង្កា ឲ្យដឹងថា រដ្ឋាភិបាលបានជួបគ្នាជាមួយធនាគារពិភពលោក ដើម្បីសុំជំនួយពី ៣០០ ទៅ ៧០០លានដុល្លារ ដើម្បីមកជួយសង្គ្រោះសេដ្ឋកិច្ចរបស់ប្រទេសនេះជាបន្ទាន់។
អ្នកសង្កេតការណ៍មើលឃើញថា ត្រកូល Rajapaksa ជៀសពុំរួចនោះទេនឹងត្រូវបាត់បង់អំណាច ហើយបើត្រកូលនេះបាត់បង់អំណាច គឺអាស៊ីខាងត្បូងនឹងបាត់បង់សម្ព័ន្ធមិត្តរបស់ចិនដល់ទៅ ២ប្រទេស ដែលកាលពីខែមុន ក្រុមប្រឆាំងនៅប៉ាគីស្ថាន បានទម្លាក់នាយករដ្ឋមន្ត្រី Iram Khan ពីអំណាច ដែលត្រូវបានក្រុមប្រឆាំងចាត់ទុកថាជាអាយ៉ងរបស់ចិន គឺបានធ្លាក់ពីអំណាចទៅហើយ។ អ្នកសង្កេតការណ៍មើលឃើញថា ចិននឹងបាត់បង់ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីខាងត្បូងនេះមួយប្រទេសទៀត គឺប្រទេសស្រីលង្កា៕