រដ្ឋសភាកម្ពុជាសម្ដែងការខកចិត្តជាខ្លាំងចំពោះសភាអឺរ៉ុប ដែលព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជាទាំងស្រុង ពាក់ព័ន្ធនឹងការបង្ក្រាបជាបន្តបន្ទាប់លើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា។
រដ្ឋសភាកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានច្រានចោលញត្តិរបស់សភាអឺរ៉ុបទាំងស្រុង ដោយបានផ្អែកលើក ៩ចំណុច ដើម្បីឆ្លើយតបនឹងសេចក្ដីសម្រេចញត្តិសភាអឺរ៉ុបដែលចេញកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
សភាកម្ពុជាចាត់ទុកសេចក្ដីសម្រេចរបស់សភាអឺរ៉ុប ថាជាការបំភ្លៃក្នុងន័យលម្អៀង មានចរិតនយោបាយប្រកាន់យកភាគីតែម្ខាង និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។ មួយវិញទៀត ការសម្រេចនេះ និងសេចក្ដីសម្រេចមុនៗដែលពាក់ព័ន្ធនឹងកម្ពុជា មានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាទាំងស្រុង។
បន្ថែមពីនេះ សភាអឺរ៉ុបផ្អែកលើប្រភពព័ត៌មានមិនច្បាស់លាស់ ដែលផ្ដល់ដោយអ្នកនយោបាយឆ្វេងនិយម ពួកប្រជាកលនិយម និងសកម្មជននយោបាយជ្រុលនិយម រួមទាំងអង្គការសង្គមស៊ីវិលប្រឆាំងនឹងរដ្ឋាភិបាល ទោះបីអ្នកទាំងនោះមិនមែនមកដល់កម្ពុជាដោយផ្ទាស់ក៏ដោយ ហើយក៏គ្មានការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលនោះដែរ។
រដ្ឋសភាកម្ពុជាដដែលថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការគាំទ្របច្ចេកទេសពីដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលដែលបានខិតខំប្រឹងប្រែង និងបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីធានាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងសន្តិភាព និងមានតម្លាភាព ដើម្បីបរិយាកាសអំណោយផលល្អ និងមានកាប្រកួតប្រជែងដោយស្មើភាព សម្រាប់គណបក្សនយោបាយដែលបានចុះឈ្មោះទាំងអស់តាមគោលការណ៍បោះឆ្នោតបែបប្រជាធិបតេយ្យ និងគោលការណ៍ពហុបក្ស។
ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា វិញ រដ្ឋសភាកម្ពុជាអះអាងថាចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលមិនអាចអត់ឱនឱ្យដោយច្បាប់នៃប្រទេសណាមួយបានឡើយ រួមទាំងអឺរ៉ុបផងដែរ។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋភាព ត្រូវរ៉ូវជាមួយរដ្ឋបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» ប៉ុន្តែមកដល់ពេលនេះ តុលាការកម្ពុជាមិនទាន់កោះហៅប្រទេសណាមួយដែលជាប់ពាក់ព័ន្ធរឿងក្ដីនេះមកចូលរួមសវនាការនៅឡើយ។ ករណីនេះ តាមរយៈលិខិតស្នើសុំចាត់វិធានការមួយច្បាប់ដែលចេញកាលពីខែកញ្ញា ឆ្នាំ២០១៧ គឺមានភ្ជាប់មកជាមួយឈ្មោះប្រទេសចំនួន៩ អង្គការអន្តរជាតិចំនួន៨ និងបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងបទចោទចំនួន ៥នាក់។
តំណាងជាន់ខ្ពស់ និងជាអនុប្រធានសហភាពអឺរ៉ុប (EU Parliament) លោក ចូសឹប បូរ៉ែល (Josep Borrell) នៅតែចាត់ទុកវត្តមានរបស់លោក កឹម សុខា ក្នុងការចូលរួមការបោះឆ្នោតនាពេលខាងមុខនេះជារឿងសំខាន់។ ករណីនេះ លោកថាការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ គួរតែមានការអនុញ្ញាតឲ្យអតីតគណបក្សប្រឆាំងចូលរួម និងដោះស្រាយចំពោះករណីតុលាការដែលប្រឆាំងនឹងលោក កឹម សុខា។
ជាមួយគ្នានេះ ទិដ្ឋភាពនៃការបោះឆ្នោតខាងមុខ កម្ពុជាគួរចាត់វិធានការជាបន្ទាន់ដើម្បីបើកឡើងវិញនូវលំហនយោបាយនៅក្នុងប្រទេស និងអនុញ្ញាតឱ្យមានការចូលរួមរបស់គណបក្សប្រឆាំងដែលគួរឱ្យទុកចិត្តមួយ ជាពិសេសកម្ពុជាគួរអនុញ្ញាតឱ្យមានដំណោះស្រាយចំពោះករណីតុលាការប្រឆាំងនឹងលោក កឹម សុខា ដែលបន្តត្រូវបានបដិសេធនូវយុត្តិធម៌ និងសិទ្ធិនយោបាយ។
លោក មុត ចន្ថា បានសរសេរលើទំព័រហ្វេសប៊ុកនាថ្ងៃទី១១ ឧសភា នេះ ដោយចាត់ទុកបក្សភ្លើងទៀនដែលបានរត់ចេញពីសម្ព័ន្ធភាពនយោបាយអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ មិនត្រូវបានចាត់ទុកជាបក្សប្រឆាំងគួរទុកចិត្តបានឡើយ។ លោកបន្តថា ប្រសិនបើបក្សភ្លើងទៀនជាបក្សប្រឆាំងដ៏ធំ ឬគួរឲ្យទុកចិត្តមែន ម្ល៉េះសហភាពអឺរ៉ុបប្រាកដជានិយាយចំឈ្មោះ ឬគាំទ្រគណបក្សនេះបាត់ទៅហើយ។
លោកបន្តថា លោក កឹម សុខា នៅតែត្រូវបានចាត់ទុកជាមេដឹកនាំគណបក្សប្រឆាំងគួរទុកចិត្តម្នាក់គត់ដែលសហភាពអឺរ៉ុប នៅតែបន្តទាមទារឲ្យមានការផ្តល់នូវសិទ្ធិនយោបាយជូនលោកវិញ តាមរយៈការដោះស្រាយចំពោះករណីតុលាការប្រឆាំងនឹងរូបលោក។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុប បានស្នើទៅកាន់ប្រទេសសមាជិកអឺរ៉ុបទាំង ២៧ប្រទេសឱ្យដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ដោយដកប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុង ប្រសិនបើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ត្រូវបានគេរកឃើញថាគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕