ក្នុងពិភពលោកនេះ ប្រទេសទទួលរងទណ្ឌកម្ម គឺប្រទេសដែលមានមេដឹកនាំរំលោភសិទ្ធិមនុស្ស ឬទន្ទ្រានឈ្លានពានត្រួតត្រាកាន់កាប់ រំលោភអធិបតេយ្យ ឯករាជភាព បូរណភាពដែនដីប្រទេសដទៃ។ ទណ្ឌកម្មមានពីអង្គការសហប្រជាជាតិ តាមសេចក្តីសម្រេចពីក្រុមប្រឹក្សាសន្តិសុខ ឬពីប្រទេសមហាអំណាចដែលមានសេដ្ឋកិច្ចជឿនលឿន និងមានទំហំធំ។
លោក ហាស់ សាន មានសេចក្តីរាយការណ៍អំពីទណ្ឌកម្មនៃបស្ចិមប្រទេសលើប្រទេសរុស្ស៊ី ក្រោយពីឈ្លានពានប្រទេសអ៊ុយក្រែន ថាតើមានឥទ្ធិពល និងប្រសិទ្ធភាពកម្រិតណា។
សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចមានធនធានដ៏សម្បើមអស្ចារ្យ មានទំហំសេដ្ឋកិច្ចធំជាងគេលើសកលលោក មានអាវុធយុទ្ធភណ្ឌទំនើបជាងគេក្នុងសកលលោក។ ដោយសារតែទំហំសេដ្ឋកិច្ចធំជាងគេលើលោក ហើយប្រទេសតូចៗមិនសូវជឿនលឿន ច្រើនតែពឹងពាក់លើសហរដ្ឋអាមេរិកដើម្បីប្រើទីផ្សារលក់ទំនិញ ជាពិសេសគ្រឿងសម្លៀកបំពាក់។ ព្រោះតែទំហំផលិតកម្មធំ ឬខ្លាំងជាងគេបំផុត ផលទុនក្នុងស្រុកសរុប ឬ GDP ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំមានជំងឺរាតត្បាតកូវីដ-១៩ មានតម្លៃជាទឹកប្រាក់ចំនួន ២១លានលានដុល្លារសហរដ្ឋអាមេរិក ឬហៅថា ២១ ធ្រៀលល្យ៉ុន (21 trillion)។
បើគេនិយាយអំពីទំហំសេដ្ឋកិច្ច ទំហំធនធានបម្រុងទុកជារដ្ឋឯករាជ្យ អធិបតេយ្យ (sovereign state) សហរដ្ឋអាមេរិកមិនត្រូវការពឹងពាក់ប្រទេសណាមួយដើម្បីរស់រាននោះឡើយ។ ទោះជាដូច្នេះក្តី សហរដ្ឋអាមេរិក ត្រូវការទិញវត្ថុធាតុដើមខ្លះពីប្រទេសដទៃសម្រាប់រោងចក្រផលិតកម្មមួយចំនួន។ នេះជាការដោះដូរទំនិញ (commodity exchange) គិតតម្លៃទូទាត់ជាដុល្លារអាមេរិកភ្លាមៗ ឬទុកដល់ថ្ងៃមុខតាមការកំណត់តម្លៃ និងថ្ងៃដោះដូរ (futures trade)។
ក្រៅពីនេះ សហរដ្ឋអាមេរិកធ្វើជំនួញជាមួយប្រទេសដទៃតាមរបៀបអាហរ័ណ-នីហរ័ណ (នាំចេញនាំចូល) ហៅថាពាណិជ្ជការ ឬពាណិជ្ជកម្ម៖ សហរដ្ឋអាមេរិកត្រូវការលក់ផលិតផលរបស់ខ្លួន រីឯប្រទេសដទៃត្រូវការនាំទំនិញទៅលក់ក្នុងទីផ្សារសហរដ្ឋអាមេរិក ព្រោះទីផ្សារសហរដ្ឋអាមេរិកប្រើរូបិយប័ណ្ណថ្លៃ គឺដុល្លារសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកមានមាសច្រើនជាងគេក្នុងពិភពលោក ស្តុកទុកបម្រុងនៅបីកន្លែងក្នុងរដ្ឋបី គិតជាទម្ងន់មាន ៨១៣៣តោន គិតត្រឹមខែធ្នូ ឆ្នាំ២០២១ គិតជាតម្លៃស្មើនឹង ៣៧៣ពាន់លានដុល្លារ មានរូបិយប័ណ្ណតម្កល់នៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចំនួន ៣៤ពាន់ ៨០០លានដុល្លារ គិតត្រឹមខែមីនា ឆ្នាំ២០២២។
លើសពីនេះទៀត មានរូបិយប័ណ្ណត្រូវដូរពីរូបិយប័ណ្ណបរទេសមានទ្រព្យសម្បត្តិជាច្រើនពាន់លានដុល្លារនៅពាសពេញសហរដ្ឋអាមេរិក និងក្នុងពិភពលោក។ ត្រឹមខែកញ្ញា ឆ្នាំ២០២១ ក្នុងប្រទេសដប់លើពិភពលោក៖
- សហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទី១ មានមាសច្រើនជាងគេ
- ទី២ អាល្លឺម៉ង់ មានមាស ៣៣៥៩តោន
- អ៊ីតាលី ទី៣ មានមាស ២៤៥២តោន
- បារាំង ២៤៣៦តោន
- រុស្ស៊ីមាន ២២៩៩តោន
- ចិនមាន ១៩៤៨តោន
- ស្វីស មាន ១០៤០តោន
- ជប៉ុន មាន ៨៤៦តោន
- ឥណ្ឌា មាន ៧៥៤តោន
- ហុឡង់ដ៍ មាន ៣១២តោន
- រាជាណាចក្រកម្ពុជា មានមាសប្រមាណជាង ៥០តោន។
គេអាចនិយាយឥតខុសថា ព្រោះតែសហរដ្ឋអាមេរិកជាមហាអំណាច ទាំងសេដ្ឋកិច្ច ទាំងយោធាបែបនេះហើយ បានជាគេមានឥទ្ធិពលខ្លាំងលើពិភពលោកនេះ ប៉ុន្តែអ្នកដឹកនាំនយោបាយអាមេរិកាំងដឹងច្បាស់ថា សង្គ្រាមធ្វើឲ្យខាតបង់ទាំងអស់គ្នា លើកលែងតែក្នុងករណី ឬស្ថានការណ៍ចៀសមិនផុត ដូចជាត្រូវអនុវត្តសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ឬរដ្ឋមួយបំពានសន្ធិសញ្ញាអន្តរជាតិ បង្កអសន្តិសុខ ឬគ្រោះថ្នាក់ដល់សន្តិសុខពិភពលោក។
ទោះជាយ៉ាងណាមិញ សហរដ្ឋអាមេរិកព្យាយាមប្រើឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនមុន ដោយសហការនឹងប្រទេសជាមិត្ត ជាដៃគូ និងសម្ព័ន្ធមិត្តដែលខ្លួនមានទាំងអម្បាលម៉ានលើពិភពលោក ដាក់ទណ្ឌកម្មលើប្រទេសណាដែលរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ។
គេសួរថា តើទណ្ឌកម្មអាចមានប្រសិទ្ធភាពឬទេ?
យើងធ្លាប់ឃើញកន្លងមកថា ទណ្ឌកម្មលើប្រទេសខ្លះហាក់បីដូចជាពុំមានប្រសិទ្ធភាព ដូចជាថាគេគាបខាងនេះ មនុស្សមានល្បិចគេចទៅខាងនោះ ជាដើម។
តាមលំនាំធ្វើទណ្ឌកម្មដាក់ប្រទេសណាមួយ ឬមេដឹកនាំប្រទេសណាមួយ គេផ្តើមទៅតាមលំដាប់ទម្ងន់ ឬទំហំនៃប្រទេសនោះ។ សហរដ្ឋអាមេរិកជាប្រទេសដែលដាក់ទណ្ឌកម្មលើប្រទេសនានាច្រើនជាងគេក្នុងពិភពលោក ហើយនិងសហភាពអឺរ៉ុប។ ប្រទេសកម្ពុជាក៏ធ្លាប់ជាប់ក្នុងទណ្ឌកម្មសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែរ។ ទណ្ឌកម្មមានពីរសណ្ឋានធំៗ sanction and embargo ដែលប្រទេសមហាអំណាចប្រើជាមធ្យោបាយ ដើម្បីដាក់សម្ពាធលើប្រទេស ស្ថាប័ន រដ្ឋាភិបាល របបគ្រប់គ្រង បុគ្គល ឬក្រុមមនុស្សដើរផ្ទុយពីបំណងគេ។ ទណ្ឌកម្មទាំងពីរសណ្ឋាននេះចែកជាផ្នែកតូចៗតទៅទៀត។
ទណ្ឌកម្មបែប sanction ដាក់ចំពោះប្រទេស គឺសម្ដែងការមិនពេញចិត្តចំពោះនយោបាយ ការទូត ហាមប្រាមទំនាក់ទំនងសេដ្ឋកិច្ច និងមុខជំនួញមួយផ្នែក ឬទាំងស្រុង៖ ផ្នែកយោធា និងបច្ចេកវិទ្យា មានដូចជាការមិនអនុញ្ញាតឲ្យផ្លាស់ប្ដូរទាហានសិក្សាតាមសាលាទៅវិញទៅមក ឬផ្ទេរបច្ចេកវិទ្យា។ ពេលខ្លះ គេដាក់ទណ្ឌកម្មលើបុគ្គល ដូចជាមន្ត្រីជាន់ខ្ពស់នៅរុស្ស៊ី ១០នាក់ មន្ត្រីបេឡារុស្ស មន្ត្រីយោធា ប៉ូលិសខ្មែរ ១២នាក់ ជាដើម។ ទណ្ឌកម្មបែប sanction មានពេលខ្លះគេទុកច្រកចរាចរណ៍ជំនួញលើមុខទំនិញខ្លះសម្រាប់អាហរ័ណនីហរ័ណ។
ទណ្ឌកម្មបែប embargo ជាប្រភេទទណ្ឌកម្មធ្ងន់ធ្ងរជាង គឺបិទទំនាក់ទំនងគ្នាលើគ្រប់វិស័យធំៗទាំងអស់ គឺទាក់ទងនឹងជំនួញគ្រប់បែបខាងសេដ្ឋកិច្ច ខាងយោធា ខាងបច្ចេកវិទ្យា និងខាងការទូត ហើយរហូតដល់ទៅ blockade ដូចជាហាមមិនឲ្យយន្តហោះឆ្លងកាត់ដែនអាកាស ឆ្លងកាត់ដែនទឹកទៀតផង។ ប្រទេសកូរ៉េខាងជើងជាប់ទណ្ឌកម្ម sanction ផង embargo ផង។ ចំណែកឯប្រទេសកម្ពុជា និងយៀកណាម ក្នុងទសវត្ស១៩៨០ ក៏ជាប់ទណ្ឌកម្មដូចកូរ៉េខាងជើងដែរ។
រុស្ស៊ីនៅជាមហាអំណាចមួយក្នុងលោកដោយសារមានគ្រឿងសព្វាវុធ អាវុធប្រល័យលោកសេសសល់ពីអតីតសហភាពសូវៀត។ ចំណែកឯសេដ្ឋកិច្ចវិញ យោងតាមវិទ្យាស្ថានស្រាវជ្រាវ World Economic Data នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស មានការជឿនលឿនមិនចាញ់ប្រទេសមួយចំនួននៅអឺរ៉ុបក្នុងអង្គការសម្ពន្ធភាពយោធាអូតង់ ឬណាតូនោះទេ។ ប៉ុន្តែ GDP ឬផលទុនក្នុងស្រុកសរុបមានទំហំតែជាង ៤លានលានដុល្លារ ឬជាង ៤ធ្រៀលល្យ៉ុន ដែលប្រហែលនឹងសេដ្ឋកិច្ចនៃរដ្ឋញីវយ៉ក របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះក្នុងឆ្នាំ២០២១។ សូមបញ្ជាក់ថា តាមក្បួនគណនាអាមេរិកាំង លេខដល់ចំនួនធ្រៀលល្យ៉ុនមានសូន្យ១២។
ក្រោយការវាយលុកលុយឈ្លានពានកាន់កាប់ប្រទេសអ៊ុយក្រែនដោយខុសច្បាប់អន្តរជាតិ រុស្ស៊ីទទួលរងទណ្ឌកម្មបែប sanction ពីរប្រភេទពីសហរដ្ឋអាមេរិក សំដៅបង្អន់បន្ថយកំណើនសេដ្ឋកិច្ចរុស្ស៊ី គឺបិទមិនឲ្យមានជំនួញអាហរ័ណ-នីហរ័ណជាមួយសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត៖ បិទមិនទិញប្រេងកាត ឧស្ម័ន ជីរ ត្បូងពេជ្ររុស្ស៊ី មិនឲ្យយន្តហោះស៊ីវិល អាអេរ៉ូហ្វ័ឡុត ហោះចេញចូលចុះឡើងនៅអឺរ៉ុប និងអាមេរិកខាងជើង។
បន្ទាប់មក បស្ចិមប្រទេសដាក់ទណ្ឌកម្មខាងហិរញ្ញវត្ថុសំដៅបិទមិនឲ្យមានសកម្មភាពបញ្ចេញបញ្ចូល ផ្ទេរប្រាក់តាមធនាគារអន្តរជាតិ បិទមិនឲ្យរុស្ស៊ីយកមាសតម្កល់ទុកទៅប្រើប្រាស់ក្នុងការធ្វើសង្គ្រាម បង្ខាំងទ្រព្យសម្បត្តិប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) និងពួកមហាសេដ្ឋីរកស៊ីពុករលួយជិតស្និទ្ធនឹងលោក ពូទីន នៅគ្រប់ទីកន្លែង។ ព្រោះតែទណ្ឌកម្មទាំងពីរប្រភេទនេះ ដែលបណ្តាលឲ្យស្ទះចរន្តទូទាត់ផ្ទេរប្រាក់ រដ្ឋាភិបាលក្រុងមូស្គូ ស្ទើរតែរកប្រាក់សងបំណុលបរទេសមិនទាន់ពេលវេលា។

ទណ្ឌកម្មខាងពាណិជ្ជកម្ម និងហិរញ្ញវត្ថុពីបស្ចិមប្រទេសលើប្រទេសរុស្ស៊ី និងមេដឹកនាំក្រុងមូស្គូ រួមទាំងពាណិជ្ជករធំៗជិតស្និទ្ធនឹងប្រធានាធិបតី ពូទីន មានសេចក្តីរាយការណ៍ហូរហែថា មហាសេដ្ឋីរុស្ស៊ីជាច្រើនរូបដើរខ្ចីបុលមិត្តភក្ដិដើម្បីបើកប្រាក់ខែឲ្យបុគ្គលិកដែលបម្រើការក្នុងនាវាកម្សាន្តប្រណីតៗមានតម្លៃរាប់សិបរាប់រយលានដុល្លារ។ អាជ្ញាធរប្រទេសជាច្រើនបានឃាត់ទុកនាវារបស់មហាសេដ្ឋីទាំងអស់នោះតាមប្រទេសនីមួយៗ។
នាវាប្រណីតក៏បន្តដំណើរនាវាចរក្នុងមហាសាគរប៉ាស៊ីហ្វិក ឬមហាសាគរអាត្លង់ទិចគ្មានទិសដៅ ឬចតលាក់ខ្លួននៅកំពង់ផែកន្លែងណាមួយដោយបិទសញ្ញាវិទ្យុទាក់ទងតាមផ្កាយរណបមិនឲ្យដឹងពីទីតាំង។
មហាសេដ្ឋីរុស្ស៊ីប៉ុន្មាននាក់ដែលត្រូវទណ្ឌកម្មបស្ចិមប្រទេស មានសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប ហើយមានកប៉ាល់ដើរលេងប្រណីតៗតម្លៃមួយៗរាប់រយលានដុល្លារ ត្រូវបានអាជ្ញាធរប្រទេសទាំងនោះឃាត់ទុក។ បន្ថែមលើនេះទៀត មហាសេដ្ឋីទាំងនោះក៏បានបង្វែរធនធានរបស់ខ្លួនពីប្រទេសមួយទៅប្រទេសមួយ ដើម្បីគេចពីទណ្ឌកម្ម។
យោងតាមការផ្សាយពីសារព័ត៌មាន Bloomberg និង Business Insider ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ កប៉ាល់ទំនើបរបស់មហាសេដ្ឋី ៥នាក់ធ្វើដំណើរគេចពីទណ្ឌកម្មចម្ងាយប្រមាណជិត ៥៨០០ម៉ាយ ឬជិត ៩៣០០គីឡូម៉ែត្រ។
តទៅនេះជារឿងអនិច្ចាមហាសេដ្ឋី៖
- កប៉ាល់ដ៏ប្រណីតមួយតម្លៃ ៣៦០លានដុល្លារមានថាមពលប្រើអាចផ្គត់ផ្គង់ភ្លើងអគ្គិសនីឲ្យទីប្រជុំជនមួយមានមនុស្សរស់នៅ ២៥០០នាក់បាន មានឈ្មោះថា លូណា (Luna) ដែលមានម្ចាស់ដើមឈ្មោះ Roman Abramovich រួចក្រោយមកជាកម្មសិទ្ធិរបស់មហាសេដ្ឋី Farkhad Akhmedov កំពុងស្ថិតក្នុងភាពប្តឹងផ្តល់គ្នា។ អតីតភរិយាមហាសេដ្ឋី Akhmedov ឈ្មោះអ្នកស្រី Tatiana Akhmedova បានប្តឹងលែងលះពីប្តី Akhmedov ហើយតុលាការកំពូលអង់គ្លេស កាត់ក្តីនៅឆ្នាំ២០១៧ ឲ្យអ្នកស្រីឈ្នះ និងសងជំងឺចិត្ត ៤៦០លានដុល្លារ។ អ្នកស្រី Tatiana សង្ឃឹមថានឹងអាចទាមទារយកកប៉ាល់ប្រណីត លូណា តម្លៃ ៣៦០លាននោះពីអតីតស្វាមី។
- អាជ្ញាធរអាមេរិកាំងកំពុងព្យាយាមឃាត់ទុកមហាកប៉ាល់ប្រណីតឈ្មោះ Amadea ជារបស់មហាសេដ្ឋី Suleiman Karimov ដែលមានតម្លៃ ៣២៥លានដុល្លារ ប៉ុន្តែគេថា សហរដ្ឋអាមេរិកមិនអាចឃាត់ទុករឹបអូសកប៉ាល់នោះទេ ព្រោះជាកម្មសិទ្ធិរបស់មហាសេដ្ឋីម្នាក់ទៀតឈ្មោះ Eduard Khudainatov ថៅកែក្រុមហ៊ុនបណ្ដាក់ទុន Millemarin។ ព្រឹត្តិបត្រ Luxurylaunches នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ រាយការណ៍ថា នាវាប្រណីតនោះចេញដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកពីប្រទេសម៉ិកស៊ិក (អាមេរិកខាងជើង) អស់រយៈពេល ១៨ថ្ងៃ ប៉ុន្តែប្រទះរលកធំៗពេក ក៏ចូលចតនៅកោះហ្វីជី (Fiji)។ អាជ្ញាធរហ្វីជី ឃាត់វាទុកនៅទីនោះ ព្រមទាំងនាវិកផង ដើម្បីសួរចម្លើយ ហើយរង់ចាំប្រគល់ឲ្យសហរដ្ឋអាមេរិក។ នេះជារបៀបឆ្លាតមួយបែបដែលពាណិជ្ជករទុច្ចរិតអនុវត្ត គឺផ្ទេរកម្មសិទ្ធិឲ្យអ្នកដទៃធ្វើជាម្ចាស់ ខណៈខ្លួនប្រឈមនឹងច្បាប់ ដើម្បីរក្សាទ្រព្យសម្បត្តិមិនឲ្យរដ្ឋរឹបអូស។
- ទូរទស្សន៍ CNN នៅថ្ងៃទី១៤ មេសា ខែមុន ផ្សាយថា អាជ្ញាធរមានសមត្ថកិច្ចអាល្លឺម៉ង់ បានឃាត់ទុកកប៉ាល់ប្រណីតតម្លៃពី ៦០០ ទៅ ៧៥០លានដុល្លារ ឈ្មោះ Dilbar ដែលគេថាជារបស់មហាសេដ្ឋីរុស្ស៊ី ឈ្មោះ Alisher Usmanov។ Alisher Usmanov ជាពាណិជ្ជករជិតស្និទ្ធនឹងប្រធានាធិបតី Vladimir Putin។
- នៅថ្ងៃទី៤ មេសា អាជ្ញាធរអេស្ប៉ាញ ឃាត់ទុកកប៉ាល់ឈ្មោះ Tango តម្លៃ ៩០លានដុល្លារជារបស់មហាសេដ្ឋី Viktor Vekselberg នៅកំពង់ផែ Mallorca។
- ថ្ងៃ២៩ មីនា ឆ្នាំនេះ អាជ្ញាធរអង់គ្លេសឃាត់កប៉ាល់ប្រណីតឈ្មោះ Phi តម្លៃ ៥០លានដុល្លារជារបស់ពាណិជ្ជការរុស្ស៊ីម្នាក់នៅក្រុងឡុងដ៍។
- ថ្ងៃទី២១ មីនា អាជ្ញាធរជីប្រាល់តា (Gibraltar) ឃាត់ទុកកប៉ាល់ប្រណីតឈ្មោះ Axioma តម្លៃ ៧៥លានដុល្លារជារបស់មហាសេដ្ឋី Dmitry Pumpyansky។
- ថ្ងៃទី១៦ មីនា អាជ្ញាធរអេស្ប៉ាញ ឃាត់ទុកកប៉ាល់ប្រណីតឈ្មោះ Crescent តម្លៃ ៦០០លានដុល្លារដែលគេមិនទាន់ស្គាល់ឈ្មោះម្ចាស់ នៅកំពង់ផែ Tarragona។
- ថ្ងៃទី១៥ មីនា អាជ្ញាធរអេស្ប៉ាញ ឃាត់ទុកកប៉ាល់ប្រណីតឈ្មោះ Lady Anastasia តម្លៃ ៧លានដុល្លារ នៅកំពង់ផែ Palma de Mallorca ជារបស់មហាសេដ្ឋី Alexander Mikheev។
- ថ្ងៃទី១៥ មីនា អាជ្ញាធរអេស្ប៉ាញ ឃាត់ទុកកប៉ាល់ប្រណីតឈ្មោះ Valerie តម្លៃ ១៤០លានដុល្លារ ជារបស់មហាសេដ្ឋីឈ្មោះ Sergei Chemezov នៅកំពង់ផែ Barcelona។
- ថ្ងៃទី១១ មីនា អាជ្ញាធរអ៊ីតាលី ឃាត់ទុកកប៉ាល់ប្រណីតឈ្មោះ Sailing Yacht A ជាកម្មសិទ្ធិរបស់មហាសេដ្ឋី Andrei Melnichenko តម្លៃ ៥៧៧លានដុល្លារ នៅក្រុងកំពង់ផែ Trieste។
- ថ្ងៃទី៤ មីនា អាជ្ញាធរអ៊ីតាលី ឃាត់ទុកកប៉ាល់ប្រណីតឈ្មោះ Lena តម្លៃ ៥៥លានដុល្លារនៅក្រុងកំពង់ផែ San Remo ជាកម្មសិទ្ធិរបស់មហាសេដ្ឋី Gennady Timchenko។
- ថ្ងៃទី៤ មីនា អាជ្ញាធរអ៊ីតាលី ឃាត់ទុកកប៉ាល់ប្រណីតឈ្មោះ Lady M តម្លៃ ៧៥លានដុល្លារ ជាកម្មសិទ្ធិរបស់មហាសេដ្ឋី Alexey Mordaschov នៅក្រុងកំពង់ផែ Imperia។
- ថ្ងៃទី៣ មីនា អាជ្ញាធរបារាំង ឃាត់ទុកកប៉ាល់ប្រណីតឈ្មោះ Amore Vero តម្លៃ ១២០លានដុល្លារ ជាកម្មសិទ្ធិរបស់មហាសេដ្ឋី Igor Sechin នៅក្រុងកំពង់ផែ La Ciotat។
មហាសេដ្ឋីរុស្ស៊ី រងទណ្ឌកម្មរៀបរាប់មកទាំងអស់នេះ មិនទាន់អស់នៅឡើយទេ ព្រោះមានអ្នកខ្លះកំពុងព្យាយាមផ្ទេរ លាក់ទ្រព្យសម្បត្តិក្រៅប្រទេស ឬគេចខ្លួនទៅរកសញ្ជាតិថ្មីឯបរទេស។
កប៉ាល់ប្រណីតៗទាំងអស់ដែលអាជ្ញាធរប្រទេសនីមួយៗឃាត់ទុក ប្រទេសខ្លះដូចជាសហរដ្ឋអាមេរិក ជាដើម គេនឹងដាក់លក់ឡាយឡុងដោយដេញថ្លៃជាសាធារណៈ ដើម្បីយកថវិកាទៅជួយពលរដ្ឋអ៊ុយក្រែន។ មហាសេដ្ឋីទាំងនោះបាត់បង់ទ្រព្យសម្បត្តិខំរកមួយជីវិតតាមមធ្យោបាយទុច្ចរិត ព្រោះតែសេពគប់នឹងមេដឹកនាំផ្ដាច់ការនៅវិមានក្រឹមឡាំង ដែលសម្រេចវាសនាឲ្យពលរដ្ឋរុស្ស៊ីធ្លាក់ក្នុងការថ្កោលទោសពាសពេញពិភពលោក។
មតិខ្លះថា ទណ្ឌកម្មសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត នឹងគ្មានប្រយោជន៍ គ្មានឥទ្ធិពលអ្វីលើប្រទេសរុស្ស៊ីឡើយ។ យើងក៏រង់ចាំមើល ចង់ដឹងដែរថា តើទណ្ឌកម្មបើគេដាក់លើប្រទេសណាឲ្យដល់កម្រិត អាចនឹងមានប្រសិទ្ធភាព ឬក៏គ្មានប្រសិទ្ធភាព៕