28 C
Phnom Penh

សហ​មេធាវី​របស់​លោក កឹម សុខា ថា​ការ​បន្ត​ចោទប្រកាន់​កូនក្ដី​ធ្វើ​ឱ្យ​ប៉ះពាល់​ទំនាក់ទំនង​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា អះអាង​ថា ការ​បន្ត​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​សំណុំរឿង «សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស» នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​រវាង​ទំនាក់ទំនង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​សហគមន៍​អន្តរជាតិ ស្រប​ពេល​ដែល​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពី​កម្ពុជា​បន្ថែម​ទៀត។

ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ម៉េង សុភារី ថា​ក្នុង​កិច្ចព្រមព្រៀង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ បាន​ឯកភាព​បញ្ចប់​បញ្ហា​នានា​ដែល​បាន​កើតឡើង ជាពិសេស​រឿង​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ ហើយ​ការ​បញ្ចប់​នេះ មិនមែន​ដោយ​មូលហេតុ​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​អ្វី​ឡើយ ដោយសារ​បញ្ហា​ទាំងអស់​នេះ​មិន​មាន​កើតឡើង​នៅ​កម្ពុជា​នោះ​ទេ។

អ្នកស្រី​បន្ត​ថា សវនាការ​លើក​ទី​៣៩ នេះ តុលាការ​នៅ​បន្ត​ផ្ដោត​លើ​អង្គហេតុ​ការ​បោះឆ្នោត និង​បណ្ដឹង​តវ៉ា​អំពី​នីតិវិធី​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១២ ដូច្នេះ​ការ​ចោទប្រកាន់​កូនក្ដី​ពី​បទ​រឿង «សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស» នេះ បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​អន្តរជាតិ។ អ្នកស្រី​ចាត់ទុក​បញ្ហា​នេះ​ថា​ហាក់បីដូចជា​កំពុង​ដើរ​បញ្ច្រាស​ទិស​ចំពោះ​ការ​ខិតខំ​កសាង​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ជាមួយ​សហគមន៍​អន្តរជាតិ​នា​ពេល​កន្លងមក និង​បច្ចុប្បន្ន​នេះ។

ករណី​នេះ ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ ក៏ដូចជា​សង្គម​ជាតិ បើសិនជា​ទំនាក់ទំនង​អន្តរជាតិ​រង្គោះរង្គើ នោះ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នឹង​ត្រូវ​បាត់បង់ ខណៈ​បច្ចុប្បន្ន សហភាព​អឺរ៉ុប​ព្រមាន​ដក EBA បន្ថែម​ពី​កម្ពុជា។

អ្នកស្រី ម៉េង សុភារី បង្ហាញ​ការ​ព្រួយ​បារម្ភ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​បន្ថែម​ទៀត​របស់​សហភាព​អឺរ៉ុប ខណៈ​ការ​ចោទប្រកាន់​កូនក្ដី លោក កឹម សុខា ពាក់ព័ន្ធ​ជាមួយ​អឺរ៉ុប​ដែរ។

មេធាវី​រូប​នេះ​បញ្ជាក់​ថា ការ​បន្ត​ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា មិន​មាន​ភាព​ជឿនលឿន​នោះ​ទេ ដោយសារតែ​តំណាង​អយ្យការ និង​មេធាវី​ដើម​រដ្ឋាភិបាល នៅតែ​បន្ត​សួរ​សំណួរ​ច្រំដែល ដែល​ចៅក្រម​ស៊ើប​បាន​សួរ​រួច​ហើយ​នោះ។ អ្នកស្រី​ចាត់ទុក​ការ​សួរ​ដដែល​លើ​កូនក្ដី​នេះ មិន​មែន​អ្នក​សួរ​មិន​ដឹង​ទេ ប៉ុន្តែ​ជា​ចេតនា​របស់​តំណាង​អយ្យការ​ដោយ​សួរ​ចង់​ទាញ​ទៅ​អ្វី​ដែល​តំណាង​អយ្យការ​ចង់​បាន។

ពាក់ព័ន្ធ​នឹង​រឿង​សំណុំរឿង​លោក កឹម សុខា នេះ​ដែរ តំណាង​ជាន់ខ្ពស់ និង​ជា​អនុប្រធាន​សហភាព​អឺរ៉ុប (EU Parliament) លោក ចូសឹប បូរ៉ែល (Josep Borrell) នៅតែ​ចាត់ទុក​វត្តមាន​របស់​លោក កឹម សុខា ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ជា​រឿង​សំខាន់។ ករណី​នេះ លោក​ថា​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​នេះ គួរ​តែ​មាន​ការ​អនុញ្ញាត​ឲ្យ​អតីត​គណបក្ស​ប្រឆាំង​ចូលរួម និង​ដោះស្រាយ​ចំពោះ​ករណី​តុលាការ​ប្រឆាំង​នឹង​លោក កឹម សុខា។

ជាមួយ​គ្នា​នេះ ទិដ្ឋភាព​នៃ​ការ​បោះឆ្នោត​ខាងមុខ កម្ពុជា​គួរ​ចាត់​វិធានការ​ជាបន្ទាន់​ដើម្បី​បើក​ឡើងវិញ​នូវ​លំហ​នយោបាយ​នៅ​ក្នុង​ប្រទេស និង​អនុញ្ញាត​ឱ្យ​មាន​ការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​ដែល​គួរ​ឱ្យ​ទុកចិត្ត​មួយ ជាពិសេស កម្ពុជា​គួរ​អនុញ្ញាត​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​ករណី​តុលាការ​ប្រឆាំង​នឹង​លោក កឹម សុខា ដែល​បន្ត​ត្រូវ​បាន​បដិសេធ​នូវ​យុត្តិធម៌ និង​សិទ្ធិ​នយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស