37.6 C
Phnom Penh

តុលាការ​ស្រីលង្កា ហាម​អតីត​នាយករដ្ឋមន្ត្រី និង​គ្រួសារ​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​បាតុករ ៩​នាក់​ស្លាប់ និង​ជាង ២២០​នាក់​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នៃ​ការ​វាយប្រហារ​ទៅលើ​បាតុករ​កាលពី​កណ្ដាល​អាធ្រាត្រ​នៅ​យប់​ថ្ងៃ​ចន្ទ ទី​៩ ឧសភា តុលាការ​នៅ​ក្រុង​កូឡំបូ បាន​ចេញ​ដីកា​នៅ​ថ្ងៃ​ទី​១៣ ឧសភា ដោយ​បង្គាប់​ទៅ​លោក Mahinda Rajapaksa ដែល​ត្រូវ​បាតុករ​ដេញ​ឱ្យ​ចុះ​ចេញពី​តំណែង និង​គ្រួសារ​របស់​លោក រួម​ទាំង​អ្នក​នយោបាយ​ជិតស្និទ្ធ​នឹង​លោក ១៥​នាក់​ទៀត មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​ដាច់ខាត។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ការ​ដែល​តុលាការ​ចេញ​ដីកា​ដូចនេះ ព្រោះ​លោក Mahinda Rajapaksa និង​មនុស្ស​ជំនិត​ទាំងនេះ​ត្រូវ​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត។ តាម​ប្រភព​ដដែល​នេះ តុលាការ​បាន​បង្គាប់​ទៅ​សមត្ថកិច្ច​ប៉ូលិស​ឲ្យ​ឃាត់​ខ្លួន​លោក Mahinda បើ​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​ចាកចេញ​ពី​ប្រទេស។ តែ​បើ​តាម​ប្រភព​ដដែល​នេះ ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​ក្រុង​កូឡំបូ បាន​ធ្វើឡើង​តាម​បណ្ដឹង​របស់​ក្រុម​ប្រឆាំង និង​តាម​សំណើ​របស់​ក្រុម​រដ្ឋ​អាជ្ញា។

តែ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ក្នុង​ស្ថានការណ៍​ហិង្សា​នេះ ក្រុម​ប៉ូលិស​ស្រីលង្កា​ត្រូវ​បាន​បញ្ជា​ឲ្យ​បើក​ការ​វាយប្រហារ និង​បាញ់​គ្រាប់​ពិតៗ​ដើម្បី​បញ្ឈប់​កុប្បកម្ម បន្ទាប់ពី​ការ​ដុត​បំផ្លាញ​នៅ​ទីកន្លែង​មួយ​ចំនួន​ក្នុង​យប់​ថ្ងៃ​ចន្ទ ទី​៩ ឧសភា ដែល​ក្នុង​នោះ​មាន​ទាំង​ដុត​ភូមិគ្រឹះ​របស់​លោក Mahinda Rajapaksa និង​អ្នក​តំណាងរាស្ត្រ​ដែល​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​អំណាច​រូប​នេះ។

ប៉ុន្តែ​មុន​ការ​ឈាន​ដល់​ការ​ដុត​ផ្ទះ​របស់​លោក Mahinda Rajapaksa គឺ​បន្ទាប់ពី​អ្នក​តំណាងរាស្ត្រ​ម្នាក់​ដែល​ដើរ​ចេញពី​ផ្ទះ​លោក Mahinda បាន​បាញ់​កាំភ្លើង​ទៅលើ​បាតុករ​ដែល​កំពុង​ឡោមព័ទ្ធ​ផ្ទះ​របស់​លោក Mahinda បណ្ដាល​ឱ្យ​ស្លាប់​បាតុករ ២​នាក់ និង​រង​របួស​ជាង ១០​នាក់។ ប៉ូលិស​ស្រីលង្កា​និយាយ​ថា មនុស្ស​ចំនួន ៩​នាក់​បាន​ស្លាប់​ចាប់តាំងពី​ថ្ងៃ​ចន្ទ មក ខណៈ​ដែល​ក្រុម​អ្នក​ប្រឆាំង​ផ្ទុះ​កំហឹង​ដោយសារតែ​ទំនិញ​គ្រប់​សារពើពន្ធ​ឡើង​ថ្លៃ​កប់​ពពក។

ដើមចម​គឺ​ប្រជាជន​បាន​តវ៉ា​ឱ្យ​រដ្ឋាភិបាល​លោក Mahinda Rajapaksa និង​ប្រធានាធិបតី Gotabaya Rajapaksa ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ជាបន្ទាន់។ ក្រុម​ប្រឆាំង​បាន​តវ៉ា​រឿង​នេះ​ជាង​មួយ​ខែ​មក​ហើយ គឺ​រហូត​ដល់​ទាមទារ​ឱ្យ​បងប្អូន​ទាំង​ពីរ​នេះ​ចុះ​ចេញពី​តំណែង។ ក្រោយពី​ផ្ទះ​របស់​អ្នក​នយោបាយ​រដ្ឋាភិបាល​ត្រូវ​បាន​បាតុករ​ដុត​ឆេះ​ខ្ទេច លោក Mahinda បាន​ប្រកាស​ចុះចេញ​ពី​តំណែង។ តែ​លោក Gotabaya ប្រកាស់​ថា​ដាច់ខាត​មិន​ចុះ​ចេញពី​តំណែង​ឡើយ។

ការ​ប្រឆាំង​តវ៉ា​នេះ បាន​ក្លាយ​ទៅជា​អំពើ​ហិង្សា​រវាង​ក្រុម​អ្នក​ប្រឆាំង និង​គាំទ្រ​លោក​ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa។

បើ​ទោះ​បី​ជា​មាន​បម្រាម​គោចរ​នៅ​ពេល​រាត្រី​ក៏ដោយ កងកម្លាំង​សន្តិសុខ​រាប់​ពាន់​នាក់​ត្រូវ​បាន​បញ្ជា​ឲ្យ​បាញ់​នៅ​កន្លែង​កើតហេតុ ដើម្បី​រារាំង​មិន​ឱ្យ​មាន​ភាព​ជ្រួលច្របល់​កាន់តែ​ខ្លាំង។ ទោះជា​បែប​នេះ​ក្ដី ទីតាំង​សណ្ឋាគារ​ទំនើប​មួយ​កន្លែង​ដែល​ជា​កម្មសិទ្ធិ​របស់​សាច់ញាតិ​របស់​ប្រធានាធិបតី ត្រូវ​បាន​ក្រុម​បាតុករ​ដុត​កម្ទេច។

មន្ត្រី​កងកម្លាំង​សន្តិសុខ​ជាន់ខ្ពស់​ស្រីលង្កា​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ក្រុម​ប៉ូលិស ៨​ម៉ឺន ៥​ពាន់​នាក់​ត្រូវ​បាន​បញ្ជា​ឱ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រុងប្រៀប ដើម្បី​វាយប្រហារ និង​ប្រើ​គ្រាប់​ពិត​បាញ់​ទៅលើ​ក្រុម​ដែល​បង្ក​ចលាចល។ បម្រាម​គោចរ​ក្នុង​ពេល​រាត្រី​ដែល​ត្រូវ​បាន​ដាក់​ភ្លាមៗ​បន្ទាប់ពី​មាន​អំពើ​ហិង្សា​តាំងពី​ថ្ងៃ​ចន្ទ។ ជាមួយ​គ្នា​នេះ ក្រុម​ប៉ូលិស​ក៏​បាន​បង្កើន​សន្តិសុខ​ការពារ​ដល់​ចៅក្រម និង​រដ្ឋអាជ្ញា​ស្រីលង្កា​មួយ​ចំនួន​ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ក្រុម​កុបករ​មួយ​ក្រុម​ទៀត ដែល​គាំទ្រ​លោក Mahinda ព្រោះ​ក្រុម​នេះ​ខឹងសម្បា​ដោយសារ​តុលាការ​ចេញ​ដីកា​ហាមឃាត់​លោក Mahinda មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស។

ការពិត អំពើ​ហិង្សា​នេះ​បាន​ផ្ទុះឡើង​តាំងពី​យប់​ថ្ងៃ​ចន្ទ ទី​៩ ឧសភា ខណៈ​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​ដែល​មាន​ដំបង​ក្នុង​ដៃ បាន​វាយប្រហារ​លើ​ក្រុម​បាតុករ​នៅ​ក្នុង​រដ្ឋធានី​កូឡំបូ ដែល​កំពុង​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​អហិង្សា​ទាមទារ​ឱ្យ​ប្រធានាធិបតី Gotabaya និង​លោក Mahinda ចុះ​ចេញពី​តំណែង។

ស្រីលង្កា​ដែល​មាន​ប្រជាជន ២២​លាន​នាក់ កំពុង​បន្ត​ផុង​ខ្លួន​កាន់តែ​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច។ ប្រឈម​នឹង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល និង​ក្រុម​បាតុករ​គាំទ្រ​រដ្ឋាភិបាល គឺ​ខណៈ​លោក​ប្រធានាធិបតី Gotabaya សម្រេច​បង្កើត​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ ដោយ​សន្យា​ថា​នឹង​មិន​មាន​សាច់ឈាម​លោក​ណា​ម្នាក់​ជា​រដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​ក្រោយ​នេះ​ទេ។ ក្រុម​គណបក្ស​ប្រឆាំង​ព្រមាន​ថា ហិង្សា​នៅតែ​បន្ត ព្រោះ​បាតុករ​ទាមទារ​ឱ្យ​បញ្ចប់​នយោបាយ​នៃ​ត្រកូល Rajapaksa។

នៅ​ខណៈ​នេះ នៅ​ក្នុង​ទីក្រុង​កូឡំបូ ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​មួយ​ចំនួន​រក្សា​ភាព​អហិង្សា​របស់​ពួកគេ តែ​នៅ​ទីកន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​មិន​មាន​ភាព​អត់ធ្មត់​ឡើយ។ ពួកគេ​បាន​វាយប្រហារ​លើ​ក្រុម​សកម្មជន​គាំទ្រ​រដ្ឋាភិបាល​វិញ ដែល​នាំ​ឲ្យ​មាន​ការ​ប្រឈមមុខ និង​ការ​ប៉ះទង្គិច​គ្នា​បន្ត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​ឧសភា នេះ​ទៀត។ ក្នុង​ស្ថានការណ៍​បែប​នេះ ដែល​មើល​ទៅ​ហិង្សា​មិន​អាច​រក​ទី​បញ្ចប់ លោក​ប្រធានាធិបតី Gotabaya ស្នើ​ឱ្យ​កងទ័ព​ចូល​មក​ជួយ​ស្ដារ​សណ្ដាប់ធ្នាប់​សង្គម​ឡើងវិញ។ តែ​អ្នក​នយោបាយ​ក្រុម​ប្រឆាំង​ព្រមាន​ថា​ជា​ការ​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស