29 C
Phnom Penh

ក្រុម​អ្នកវិភាគ​ថា​លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុសត្រូវ​ខ្លួនឯង​ចំពោះ​ការ​គប់​ស្បែកជើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​នយោបាយ​នៅ​ក្រៅ​ស្រុក ថា​ការ​គប់​ស្បែកជើង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការ​ទទួល​ខុសត្រូវ​របស់​លោក ហ៊ុន សែន ខ្លួនឯង មិន​ពាក់ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៧ ឧសភា ថា ប្រសិនបើ​ការ​គប់​ស្បែកជើង​នោះ​ស្ថិត​ក្នុង​ដំណើរការ​នៃ​កម្មវិធី​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ពិត​ណាស់​សហរដ្ឋ​អាមេរិក​ត្រូវតែ​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​ទង្វើ​បែប​នេះ ប៉ុន្តែ​ការ​គប់​ស្បែកជើង​នេះ គឺ​បាន​កើតឡើង​ក្នុង​កម្មវិធី​ដែល​លោក ហ៊ុន សែន ខ្លួនឯង​ជា​អ្នក​រៀបចំ​ប៉ុណ្ណោះ ដូច្នេះ​ការ​ទាមទារ​ឱ្យ​អាមេរិក​ទទួល​ខុសត្រូវ​ហាក់​បង្ហាញ​ពី​ចេតនា​ទម្លាក់​កំហុស​លើ​អាមេរិក​ទាំង​បំពាន​ទៅវិញ។

លោក គឹម សុខ អះអាង​ថា អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​គប់​ស្បែកជើង​នេះ គឺ​មាន​ត្រឹមតែ​មន្ត្រី​សន្តិសុខ​សណ្ដាប់ធ្នាប់​របស់​សណ្ឋាគារ ឬ​មន្ត្រី​សន្តិសុខ​ក្នុង​តំបន់​ដែល​លោក ហ៊ុន សែន បាន​រៀបចំ​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​លោក​ប៉ុណ្ណោះ មិន​ដល់​ថ្នាក់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទទួល​ខុសត្រូវ​ឧបទ្ទវហេតុ​ដែល​បាន​កើតឡើង​ក្នុង​កម្មវិធី​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន សែន នោះ​ឡើយ។

លោក​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ធំ​ជាងគេ​បំផុត​នោះ គឺ​អ្នក​ដែល​មាន​តួនាទី​រៀបចំ​ឱ្យ​លោក អ៊ុក ទូច មក​ចូលរួម​ក្នុង​កម្មវិធី​របស់​លោក ហ៊ុន សែន តែម្តង ព្រោះ​ថា​អ្នក​គប់​ស្បែកជើង​នោះ​បាន​ពាក់​ប័ណ្ណ​សម្គាល់​ខ្លួន​ថា​ជា​អ្នក​គាំទ្រ​លោក ហ៊ុន សែន ហើយ​អ្នក​ចូលរួម​នៅក្នុង​កម្មវិធី​នោះ​ទៀតសោត​ក៏​ជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុម​ការងារ​របស់​លោក ហ៊ុន សែន ខ្លួនឯង​ដែរ។

ចំណែក​សហរដ្ឋ​អាមេរិក មិន​មាន​តួនាទី​មក​រៀបចំ​កម្មវិធី​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន សែន បែប​នេះ​ទេ ដូច្នេះ​អាមេរិក​ក៏​គ្មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ​ដែរ។

លោក គឹម សុខ សម្ដែង​នូវ​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន មិន​ទាមទារ​ឱ្យ​អ្នក​ទទួល​ខុសត្រូវ​រៀបចំ​កម្មវិធី​នោះ​ចេញ​មុខ​បញ្ជាក់​ជា​សាធារណៈ ត្បិត​ក្នុង​នោះ​មាន​សំណួរ​ជាច្រើន​ដែល​គួរតែ​ត្រូវ​បាន​លើកឡើង ដូចជា ហេតុ​ដូចម្តេច​បាន​ជា​លោក អ៊ុក ទូច ទទួល​បាន​ប័ណ្ណ​អ្នក​គាំទ្រ​ដើម្បី​ចូលរួម​កម្មវិធី​ដែល​លោក ហ៊ុន សែន បាន​រៀបចំ​ឡើង? តើ​លោក អ៊ុក ទូច មាន​ប្រវត្តិ​សាវតារ​មកពី​ក្រុម​ណា? តើ​លោក អ៊ុក ទូច មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ការងារ​បក្ស​កាន់​អំណាច​យូរ​ប៉ុនណា​ហើយ ទើប​គេ​ហ៊ាន​ចែក​ប័ណ្ណ​ឱ្យ​ចូលរួម?

លោក​ថា កិច្ចការ​ទាំងនេះ​ទើប​ជា​រឿង​ដែល​លោក ហ៊ុន សែន ត្រូវ​ធ្វើ មិនមែន​បើក​វេទិកា​ទាមទារ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ទទួល​ខុសត្រូវ​លើ​បញ្ហា​ដែល​ដែល​ខ្លួន​បាន​បង្កើត​ឡើង​នោះ​ទេ។ លោក គឹម សុខ សួរ​ថា តើ​លោក ហ៊ុន សែន ធ្វើ​បែប​នេះ​ក្នុង​បំណង​អ្វី?

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​គូស​បញ្ជាក់​ថា ការ​ទាមទារ​របស់​លោក ហ៊ុន សែន គឺជា​ការ​ញុះញង់​បង្ក​ជម្លោះ​រវាង​កម្ពុជា និង​អាមេរិក​ផង និង​ជា​ការ​អុចអាល​បំបែក​បំបាក់​សាមគ្គី​ជាតិ​ខ្មែរ​ផង។

លោក រ៉េត សម្បត្តិ ដែល​ជា​សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡាស់វេហ្កាស់ (Las Vegas) នៃ​រដ្ឋ​ណេវ៉ាដា (Nevada) បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ក្រុម​របស់​លោក​នឹង​ធ្វើ​លិខិត​ចំហ​ទៅ​ភ្នាក់ងារ​ស៊ើប​អង្កេត​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួកគេ បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង​របស់​លោក ហ៊ុន សែន ចំពោះ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ដែល​បាន​គាំទ្រ​លោក អ៊ុក ទូច ជា​វីរបុរស​ចំពោះ​ទង្វើ​នៃ​ការ​គប់​ស្បែកជើង​នេះ។

លោក រ៉េត សម្បត្តិ លើកឡើង​ថា សកម្មភាព​នៃ​ការ​គប់​ស្បែកជើង​របស់​លោក អ៊ុក ទូច បង្ហាញ​ពី​ភាព​អសីលធម៌​បន្តិច​មែន ប៉ុន្តែ​ក្នុង​នាម​លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​ជា​បុគ្គល​សាធារណៈ​មិន​គួរ​គំរាម​ដល់​អាយុជីវិត​របស់​គាត់​នោះ​ទេ ដូច្នេះ​នៅ​ពេល​ដែល​លោក ហ៊ុន សែន គំរាម​អាយុជីវិត​គាត់​បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​ដែល​សាហាវ​យង់ឃ្នង គឺជា​លោក ហ៊ុន សែន តែប៉ុណ្ណោះ ចំណែក​លោក អ៊ុក ទូច គឺជា​ជនរងគ្រោះ​ទៅវិញ។

កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​គំរាម​ក្នុង​ពិធី​ជួប​ក្រុម​គ្រូពេទ្យ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ថា នៅ​ពេល​ដែល​លោក អ៊ុក ទូច ត្រូវ​បាន​អាមេរិក​បញ្ជូន​មក​កម្ពុជា ច្បាស់​ជា​ជួប​គ្រោះថ្នាក់​ដោយ​ចៀស​មិន​ផុត​នោះ​ទេ ប៉ុន្តែ​បើ​អាមេរិក​ចាត់ទុក​ការ​គប់​ស្បែកជើង​លើ​រូបលោក​បែប​នេះ​ជា​សិទ្ធិ​បញ្ចេញមតិ នោះ​ការ​គប់​ស្បែកជើង​បែប​នេះ​នឹង​កើតឡើង​នៅ​គ្រប់​ប្រទេស​ទាំងអស់ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស